ស្ត្រី ដែល​ស្លាប់​កូន​ខ្ចី​អាយុ ៥ខែ ពេល​រស់​នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ ត្រូវ​បាន​ដោះ​លែង​ហើយ

ដោយ ហេង រស្មី
2020.02.28
អ្នកទោសស្ត្រី 022820 ស្ត្រី (សំលៀកបំពាក់​ផ្កា) ដែល​ស្លាប់​កូន​ខ្ចី​អាយុ ៥ខែ ក្នុង​អំឡុង​ពេល​រស់​នៅ​ក្នុង​ពន្ធនាគារ ផ្ដិត​មេដៃ​លើ​លិខិត​របស់​ពន្ធនាគារ មុន​ពេល​ត្រូវ​បាន​ដោះ​លែង នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ លោក ជិន ម៉ាលីន

ស្ត្រី ជា​ម្ដាយ​របស់​ទារិកា​អាយុ ៥ខែ ដែល​ស្លាប់ ដោយសារ​រលាក​សួត និង​ខ្វះ​អាហារូបត្ថម្ភ ក្នុង​ពេល​រស់​នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ ត្រូវ​ឆ្មាំ​ពន្ធនាគារ​ដោះលែង​ឲ្យ​មាន​សេរីភាព តាម​បង្គាប់​របស់​តុលាការ​​វិញ​ហើយ។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ជា​ស្ថាប័ន​រដ្ឋាភិបាល​ ចេញ​ផ្សាយ​​សេចក្ដី​ប្រកាស​ថា ស្ត្រី ជា​ម្ដាយ​ ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​ដោះលែង នៅ​ព្រឹក​ថ្ងៃ​ទី២៨ កុម្ភៈ គឺ​បី​ថ្ងៃ​ក្រោយ​តុលាការ​ក្រុង​ភ្នំពេញ​​​សម្រេច​ព្យួរទោស។ ស្ថាប័ន​សិទ្ធិមនុស្ស​រដ្ឋាភិបាល​មួយ​នេះ ​អះអាង​ថា ក្រោយ​កើត​មាន​ករណី​នេះ​ហើយ ខ្លួន​នឹង​យក​ចិត្ត​ទុក​ដាក់​បន្ត​តាមដាន​ ករណី​ផ្សេង​ទៀត ពាក់ព័ន្ធ​នឹង​ស្ត្រី​ជាប់ឃុំ​​​​​ ដែល​មាន​កូន​តូច​ក្នុង​ពន្ធនាគារ​ ដើម្បី​​ធានា​ថា សិទ្ធិ​របស់​ស្ត្រី និង​កូន​តូច​ ដែល​រង​ការ​ជាប់​ឃុំ​ជាមួយ​គ្នា ត្រូវ​បាន​ធានា និង​ការ​ពារ ស្រប​តាម​បទដ្ឋាន​ជាតិ អន្តរជាតិ និង​គោលការណ៍​សិទ្ធិ​មនុស្ស។

ប៉ុន្តែ​​ស្ថាប័ន​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល មិន​បាន​បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​រក​យុត្តិធម៌ ជូន​ជន​រងគ្រោះ​ គឺ​ទារិកា​ អាយុ ៥ខែ ដែល​ស្លាប់​កាល​ពី​ថ្ងៃ​ទី២៦ ខែ​មករា​នោះ​ទេ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​រឿង​នេះ ពី​អនុ​ប្រធាន និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ជិន ម៉ាលីន តាម​លេខ​ទូរស័ព្ទ ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ដោយសារ​ ទូរស័ព្ទ​ចូល​ គ្មាន​អ្នក​លើក។ តែ​យ៉ាង​ណា គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ​ធ្លាប់​អះអាង​ កាលពី​ថ្ងៃ​ទី១៩ កុម្ភៈ ម្ដង​រួច​ហើយ​ថា ទារិកា​រងគ្រោះ​ស្លាប់​ ដោយសារ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក គ្រូ​ពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន ហើយ​ខាង​ពន្ធនាគារ​ មានការ​សោកស្ដាយ ​ចំពោះ​ការ​ស្លាប់​នេះ។

កាល​ពី​ថ្ងៃ​ទី​១៨ មករា អង្គការ​លីកាដូ ចេញ​ផ្សាយ​របាយការណ៍ ​ទាមទារ​ឲ្យ​ស៊ើប​អង្កេត​ និង​រក​យន្ត​ការ​ដោះស្រាយ​​ ក្រោយ​ការ​ស្លាប់​ ទារិកា​​ម្នាក់ អាយុ​៥ខែ​ ដែល​រស់នៅ​ជាមួយ​ម្ដាយ​ ក្នុង​ពន្ធនាគារ​ ម២ ​ឬ​គុក​ព្រៃ​ស​ដោយសារ​ រលាក​សួត​ និង​ខ្វះ​អាហារូបត្ថម្ភ​។

ស្ត្រី​ជា​ម្ដាយ​ បាន​ជាប់​ឃុំ​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ដោយ​មិន​ទទួល​បាន​សវនាការ​ និង​គ្មាន​មេធាវី​ការ​ពារ​ខ្លួន។ ស្ត្រី​រូប​នោះ​ជាប់​ពន្ធនាគារ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០១៩ ក្នុង​ពេល​មាន​គភ៌ ៨ខែ ដោយ​រង ​ការ​ចោទ​ប្រកាន់​ថា បាន​កាន់​កាប់​កញ្ចប់​ថ្នាំញៀន​ ប្រភេទ​មេតំហ្វេតាមីន (Methamphetamine) មួយ​កញ្ចប់​មាន​តម្លៃ​ មួយ​ម៉ឺន​រៀល ​ស្មើ​នឹង​ពីរ​ដុល្លារ​កន្លះ (.)

នាយក​រង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស អង្គការ​លីកាដូ លោក អំ សំអាត ស្វាគមន៍​ចំពោះ​ការ​ដោះលែង​ស្ត្រី​ ជា​ម្ដាយ​នៃ​ទារិកា​រង​គ្រោះ តែ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​ទារិកា អាយុ ៥ខែ។ លោក អំ សំអាត សង្ឃឹម​ថា ពី​ពេល​នេះ​ទៅ តុលាការ​នឹង​ពិចារណា​ឲ្យ​បាន​ដិតដល់​ក្នុង​ការ​សម្រេច​ចិត្ត​​​​ចោទ​ប្រកាន់ ឬ​គិត​ឲ្យ​ដល់​ពី​ជម្រើស​ចុង​ក្រោយ ចំពោះ​ករណី​ស្ត្រី មាន​គភ៌​ជិត​គ្រប់​ខែ។ ក្នុង​ករណី តុលាការ​សម្រេច​ឲ្យ​ឃុំ​ខ្លួន​ស្ត្រី មាន​គភ៌​ជិត​គ្រប់​ខែ​បែប​នេះ ឬ​មាន​កូន​តូច​រស់​នៅ​ជាមួយ ត្រូវ​ពន្លឿន​នីតិវិធី​ និង​ធានា​ឲ្យ​បាន​ថា ស្ត្រី​រូប​នោះ យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន និង​មាន​មេធាវី​ការពារ​ក្ដី៖ «ឃើញ​ថា ជា​ការ​តាំង​ចិត្ត តែ​ទោះ​យ៉ាង​ណា​ ក៏​យើង​តាម​​​មើល​បន្ត​ទៀត ហើយ​យើង​ស្វាគមន៍​ ហើយ​យើង​អបអរ​ ដែល​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ ផ្ដល់​មេធាវី​ ដល់​ស្ត្រី ជាប់​ពន្ធនាគារ​ហ្នឹង»

ក្រោយ​អង្គការ​លីកាដូ​ចេញ​របាយការណ៍​អំពី​ការ​ស្លាប់​នៃ​ទារក​នេះ ទើប​គេ​ឃើញ​ស្ថាប័ន​រដ្ឋ រួម​មាន ក្រសួង​មហាផ្ទៃ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ចាប់​ផ្ដើម​ដុត​ដៃ​ដុត​ជើង​យក​ចិត្ត​ទុក​ដាក់។ នៅ​ថ្ងៃ​ទី២០ កុម្ភៈ គឺ​ជិត ១ខែ​ក្រោយ​ការ​ស្លាប់​ទារិកា​អាយុ ៥ខែ​នោះ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ឆ្លើយ​នឹង​សំណួរ​អ្នក​កាសែត​ថា បើ​ទោះ​គ្មាន​ការ​ស្នើសុំ​ឲ្យ​ស៊ើប​អង្កេត​ពី​អង្គការ​លីកាដូ ក៏​លោក​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្រាវជ្រាវ​ដែរ។

នៅ​ពេល​ទារិកា ដែល​ជាប់​ក្នុង​ពន្ធនាគារ​ជាមួយ​ម្ដាយ​នោះ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ​ឆ្មាំ​​គុក​បាន​បញ្ជូន​ទាំង​ម្ដាយ​ទាំង​កូន​ទៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត នៅ​ថ្ងៃ​ទី​១៨ មករា ដើម្បី​ឆ្លុះ​កាំ​រស្មី​អ៊ិច​រក​មើល​ស្ថានភាព​បាក់​ឆ្អឹង​ភ្លៅ។ ក្រោយ​មក​ មន្ទីរ​ពេទ្យ​រុស្ស៊ី បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​វិញ ជា​ពេទ្យ​ឯកទេស​កុមារ។ នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ ទារិកា​រង​គ្រោះ និង​ម្ដាយ មិន​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ទេ ដោយ​គ្រូ​ពេទ្យ​បាន​បើក​ថ្នាំ​​ឲ្យ​លេប និង​បង្គាប់​ឲ្យ​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស ម២ វិញ ដោយ​អះអាង​ថា មន្ទីរ​ពេទ្យ​គ្មាន​បន្ទប់​ឲ្យ​សម្រាក។ ១សប្ដាហ៍​ក្រោយ​មក ​ទារិកា​រង​គ្រោះ​ក្ដៅ​ខ្លួន និង​ក្អក​ខ្លាំង ឆ្មាំ​ក៏​ពន្ធនាគារ​បាន​បញ្ជូន​នាង និង​ម្ដាយ​មក​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​វិញ ដោយ​គ្រូ​ពេទ្យ​បើក​ថ្នាំ​ឲ្យ​ដដែល និង​ណែនាំ​ឲ្យ​យក​ទៅ​សម្រាក​នៅ​ពន្ធនាគារ​វិញ។

នៅ​ថ្ងៃ​ទី២៥ មករា ទារិកា​ចាប់​ផ្ដើម​បាត់​បង់​ស្មារតី ពិបាក​ដក​ដង្ហើម។ បុគ្គលិក​ពេទ្យ​ពន្ធនាគារ​បាន​ដាក់​សេរ៉ូម​ឱ្យ​ទារិកា​នោះ រួច​បញ្ជូន​នាង​ទៅ​កាន់​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ-សូវៀត ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​មួយ​យប់​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ។ លុះ​ដល់​ព្រឹក​ថ្ងៃ​ទី២៦ ខែ​មករា​ទារិកា អាយុ ៥ខែ​នេះ បាន​ស្លាប់ ក្រោយ​ពេល​ដាក់​ចូល​ក្នុង​ទូ​កញ្ចក់​អុកស៊ីហ្សែន បាន ៣នាទី។ គ្រូ​ពេទ្យ​ថា ទារិកា​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត និង​កង្វះ​អាហារូបត្ថម្ភ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។