សាលាដំបូងខេត្តព្រះសីហនុ សម្រេចចោទប្រកាន់មនុស្ស ៧នាក់ ពាក់ព័ន្ធនឹងការបាក់អគារកម្ពស់ ៧ជាន់បណ្ដាលឲ្យកម្មករសំណង់ខ្មែរចំនួន ២៨នាក់ស្លាប់ និង ២៦នាក់របួស។ ក្នុងនោះចៅក្រមបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នជនជាតិចិន ៤នាក់ ចំណែក ៣នាក់ទៀត ដែលមានខ្មែរផង ចិនផង ទើបត្រូវបានចោទប្រកាន់ថ្មីបន្ថែម។ សង្គមស៊ីវិល ជំរុញឲ្យតុលាការផ្តន្ទាទោសពាក់ព័ន្ធទាំងអស់ឲ្យបានធ្ងន់ធ្ងរតាមច្បាប់។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក សុក ហេង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជន ជាតិចិនចំនួន ៤នាក់ ក្រោយចោទប្រកាន់ផ្សេងៗ គ្នា បន្ទាប់ពីពួកគេបានសាងសង់អគារកម្ពស់ ៧ជាន់ ដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរកម្ពុជា និងសាងសង់ខុសបច្ចេកទេស បណ្ដាលឲ្យរលំបាក់ អគារសង្កត់កម្មករខ្មែរ ដែលស៊ីឈ្នួលធ្វើការសំណង់នៅទីនោះ ស្លាប់ចំនួន ២៨នាក់ និងរបួសធ្ងន់ ស្រាលចំនួន ២៦នាក់។
ចៅក្រមស៊ើបសួរចោទប្រកាន់ម្ចាស់ការដ្ឋានសំណង់ឈ្មោះ ចេង គុន (Cheng Kun) អាយុ ៣៩ឆ្នាំ និងម្ចាស់ក្រុមហ៊ុនម៉ៅការសំណង់ ស៊ី កាំង ថុង កុង ហ្គូ ជី ហៃសោវ (Xi Gang Tang Gong Gou Ji Haisao) គឺលោក ដេង ហ្ស៊ីន ហ្គុល (Deng Xin Gul) វ័យ ៤៨ឆ្នាំ ពីបទមនុស្សឃាតដោយអចេតនា បង្កឲ្យមានរបួសដោយអចេតនា និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ។ ចំណែកជាងសំណង់ឈ្មោះ ហ្គៅ យុ (Gao Yu) និងស្ត្រីមើលការងារក្នុងការដ្ឋាន ឈ្មោះ ហ្ស៊ី យ៉ា ភីង (Xie Ya Ping) ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឱ្យមានរបួសដោយអចេតនា និងសមគំនិតក្នុងអំពើធ្វើឱ្យខូចដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារបង្ករបួសស្នាមដល់អ្នកដទៃ តាមមាត្រ២៩ មាត្រា២០៧ មាត្រា២៣៦ និងមាត្រា៤១៤ នៃក្រមព្រហ្មទណ្ឌ។
ក្នុងរឿងនេះដែរ តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចោទប្រកាន់មនុស្ស ៣នាក់បន្ថែមទៀត ប៉ុន្តែមិនបង្ហាញអត្តសញ្ញាណនោះទេ គ្រាន់តែប្រាប់ថា មនុស្ស ៣នាក់នោះ គឺជាជនជាតិខ្មែរ និងជនជាតិចិន។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង ប្រាប់ប្រព័ន្ធឃោសនា ដែលស្និទ្ធរបបក្រុងភ្នំពេញថា ពួកគេទាំង ៣នាក់នេះ ត្រូវបានចោទប្រកាន់ ពីបទសមគំនិតក្នុងអំពើមនុស្សឃាតដោយអចេតនា សមគំនិតក្នុងអំពើបង្កឲ្យមានរបួសដោយ អចេតនា និងសមគំនិតក្នុងអំពើធ្វើឲ្យខូចដោយចេតនា មានស្ថានទម្ងន់ទោសដោយសារបង្ករបួស ស្នាមដល់អ្នកដទៃ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក ហួត វិចិត្រ បានទេ ដោយទូរស័ព្ទចូល ប៉ុន្តែបានបិទទៅវិញ ហើយអ្នកនាំពាក្យមួយរូបទៀត គឺលោក លឹម ប៊ុនហេង ទូរស័ព្ទចូលពុំមានអ្នកទទួល។
រីឯអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់អាស៊ីសេរីថា ក្រុមការងារអន្តរក្រសួងកំពុងធ្វើការស៊ើបអង្កេតនៅឡើយ៖ « មិនទាន់សម្រេចយ៉ាងណាទេ ព្រោះក្រុមការងារកំពុងតែធ្វើការ »។
អាគារដែលបាក់រលំសង្កត់កម្មករសំណង់ស្លាប់ និងរបួសច្រើននេះ មានកំពស់ ៧ជាន់ សង់ពីគ្រោងដែក មានបណ្តោយ ៣០ម៉ែត្រ និងទទឹង ១៥ម៉ែត្រ។ វាជាអគារថ្មីកំពុងសាងសង់ និង វិនិយោគដោយជនជាតិចិន។ អាគារនេះ មានទីតាំងស្ថិតក្នុងភូមិ៣ សង្កាត់៤ ខេត្តព្រះសីហនុ បានរលំដួលកាលកាលពីម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា។ អាជ្ញាធរខេត្តព្រះសីហនុ និងក្រសួងដែនដីបញ្ជាក់ថា អាគារនេះ សង់ឡើងដោយគ្មានច្បាប់អនុញ្ញាត និងខុសបច្ចេកទេស ហើយអាជ្ញាធរបានហាមឃាត់ ២ដងហើយ ប៉ុន្តែជនជាតិចិន ដែលជាម្ចាស់ការដ្ឋានមិនចូលរួមសហការ។
មន្ត្រីសប្របសម្រួលសមាគម អាដហុក ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី លើកឡើងថា ការចោទប្រកាន់ជនជាតិចិនទាំង ៤នាក់ ពីបទមនុស្សដោយអចេតនា និងចោទពីបទសមគំនិតក្នុងអំពើមនុស្សឃាតអចេតនានេះ គឺហាក់ដូចជានៅស្រាល មិនសាក់សមនឹងអំពើរបស់ពួកគេនោះទេ។ លោកស្រីជំរុញឲ្យតុលាការផ្តន្ទាទោសជនជាតិចិន ដែលបំពានច្បាប់កម្ពុជានេះឲ្យបានធ្ងន់ធ្ងរ៖ «តុលាការចោទប្រកាន់ប៉ុណ្ណឹង វាមិនអាចសមល្មមទទួលយក បានសម្រាប់យើងជាសង្គមស៊ីវិល និងប្រជាពលរដ្ឋទេ ព្រោះអីក្រុមហ៊ុនសាងសង់មួយៗ គាត់មាន សមត្ថភាពឆ្លងកាត់ការបណ្ដុះបណ្ដាលហើយសុទ្ធតែមានការត្រួតពិនិត្យត្រឹមត្រូវហើយគាត់ត្រូវដឹង ថា អ្វីដែលគាត់កំពុងធ្វើ គឺធ្វើឲ្យមនុស្សរស់នៅប៉ុន្តែបើគាត់ធ្វើឲ្យថ្លោះធ្លោយតែបន្តិច គឺដឹងថា អាចមានអ្នកស្លាប់ អ្នករងគ្រោះហើយ ដូច្នេះម៉េចនឹងអចេតនាកើត » ។
ទន្ទឹមគ្នានេះ អ្នកស្រីជំរុញឲ្យរដ្ឋាភិបាល ជាពិសេសគណៈកម្មការដែលបង្កើតឡើងដើម្បីស្រាវជ្រាវ រកមូលហេតុនៃការបាក់រលំអគារនេះ ត្រូវពន្លឿនការងាររបស់ខ្លួនដោយឯករាជ្យនិងត្រឹមត្រូវដើម្បី លាតត្រដាងការពិត និងនាំខ្លួនអ្នកពាក់ព័ន្ធ ឬមន្ត្រីខិលខូចមួយចំនួន ដែលបណ្តោយឲ្យសំណង់អាគារ កម្ពស់ ៧ជាន់របស់ជនជាតិចិន បន្តសាងសង់ស្ទើររួចរាល់ទាំងគ្មានច្បាប់អនុញ្ញាត៖ « អ៊ី ចឹងរឿងនេះ មិនមែនអត់ពាក់ព័ន្ធជាមួយមន្ត្រីខ្មែរយើងទេ គឺពិតជាមាន។ បើមិនអ៊ីចឹង គេម៉េចនឹងអាចធ្វើបាន ព្រោះវា គឺជាអាគារ មិនមែនគ្រាប់ល្ងឯណា ដែលយើងមើលមិនឃើញ។ ឥឡូវនេះគេកំពុងមើលតទៅទៀត តើអ្នកណាខ្លះ ដែលពាក់ព័ន្ធ និងធ្វើមិនដឹងមិនឮ រឿងនេះ។ ជាធម្មតា ច្បាប់បានតែងតាំងស្ថាប័នតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ស្រុក បើនិយាយពីរឿង អគារសំណង់ ហើយយើងចាំបានថា ថ្នាក់ជាតិបានបង្កើតគណៈកម្មការច្រើនណាស់ ដើម្បីចុះជួយខេត្តព្រះសីហនុនេះ ព្រោះខេត្តនេះមានការអភិវឌ្ឍន៍លឿនខ្លាំងណាស់។ ដូច្នេះ តើគណៈកម្មការ ដែលទទួលបន្ទុកលើការងារសំណង់ ការងារបរិស្ថានអីទាំងអស់នេះ តើលោកមានដឹងរឿងនេះទេ ឬក៏ លោកធ្វើអត់ដឹងអត់ឮទាំងអស់គ្នា » ។
អ្នកជំនាញផ្នែកច្បាប់ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា លោកមិនដឹងថា តុលាការមានភស្តុតាងអ្វីខ្លះក្នុងការចោទប្រកាន់ជនជាតិចិនទាំង ៤នាក់នោះទេ ប៉ុន្តែប្រសិនបើជនជាតិចិន ដែលម្ចាស់ការដ្ឋានសំណង់ និងក្រុមហ៊ុនម៉ៅការសំណង់ ដឹងថា ការសាងសង់របស់ពួកគាត់ខុសបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាត ហើយនៅតែបំពានទៀត គឺត្រូវមានទោសធ្ងន់ធ្ងរ ព្រោះបណ្តាលឲ្យ មនុស្សស្លាប់ និងរបួសច្រើននាក់។ លោកពន្យល់ទៀតថា អាជ្ញាធរពាក់ព័ទ្ធរបស់រដ្ឋាភិបាលក៏ប្រឈម ចំពោះមុខច្បាប់ដែរ ប្រសិនបើរកឃើញថា ដើមហេតុដួលរលំអគារនេះ វាកើតឡើងពីការធ្វេសប្រហែស ឬទទួលផលណាមួយ ជាថ្នូរនឹងមិនចាត់វិធានការច្បាប់៖ «ចំពោះរឿងសំណងជនរងគ្រោះ គឺជារឿងមួយ។ ប៉ុន្តែ រឿងការទទួលខុសត្រូវ រឿងការសាងសង់នេះ គឺថា អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស តុលាការ ឬក្រសួងមានសមត្ថកិច្ច គួរតែធ្វើការស៊ើបអង្កេតឲ្យបានល្អិតល្អន់។ ទី១ ហេតុអីបានជាអត់មានច្បាប់អនុញ្ញាត ហើយហេតុអី បានជាអាជ្ញាធរអត់ហ៊ានឃាត់ អត់ហ៊ានប្រើកម្លាំងទៅឃាត់ ព្រោះកន្លងមក ជួនកាលរឿងរ៉ាវខ្លះ អាជ្ញាធរប្រើកម្លាំងប៊ឹបៗ តែម្ដង ចុះកន្លែងសំណង់នោះ ម៉េចអត់ហ៊ាន។ តើម្ចាស់សំណង់នោះ គាត់អាងអី ហើយគាត់ពឹងលើនរណាម្នាក់ ? ពាក់ព័ន្ធច្បាប់អនុញ្ញាត តើមាន ឬមិនមាន ហើយបើសិនជា មិនមាន ហើយម្ចាស់សាងសង់នៅតែសាងសង់ទៀត គឺត្រូវពាក់ព័ន្ធច្បាប់ដែរ ។ ធ្វើការដល់ទៅ៧ជាន់ រឿងអីមិនសុំច្បាប់ត្រឹមត្រូវ ហើយក្រុមហ៊ុនសាងសង់គួរតែធ្វើកោសល្យឲ្យបានច្បាស់លាស់ » ។
ទាក់ទិននឹងការបាក់រលំអាគារនេះ លោក ហ៊ុន សែន បានសម្រេចផ្ទេរភារកិច្ចអភិបាលខេត្តព្រះសី ហនុលោក យន្ត មីន ឲ្យទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ ក្រោយពីលោក យន្ត មីន ទទួលស្គាល់កំហុសនិងសុំលាលែងពីដំណែង។ បន្ទាប់មក លោក ហ៊ុន សែន ក៏បានដកលោក ញឹម វណ្ណដា ចេញពីតំណែងទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មកាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយដោយសារ «ខ្វះទំនួលខុសត្រូវនិងភូតភរ» ក្នុងការដឹកនាំប្រតិបត្តិការជួយសង្គ្រោះជន រងគ្រោះ។ ប៉ុន្តែបន្តិចក្រោយមក លោក ហ៊ុន សែន ស្នើសុំតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល មានឋានៈ ស្មើទេសរដ្ឋមន្ត្រីដដែល។
អ្នកតាមដានព្រឹត្តិការណ៍នេះ ចាត់ទុកថា លោក ហ៊ុន សែន គ្រាន់តែប្រើល្បិចដើម្បីរម្ងាប់អារម្មរណ៍ប្រជាពលរដ្ឋប៉ុណ្ណោះ។
អ្នកស្រី ជៀប សុធារី លើកឡើងថា ការផ្ទេរភារកិច្ចមន្ត្រីចុះឡើងបែបនេះ ប្រហែលជាមិនអាចដោះស្រាយបញ្ហាក្នុងខេត្តព្រះសីហនុ និងរម្ងាប់អារម្មរណ៍ប្រជាពលរដ្ឋបាននោះទេ។ អ្នកស្រីបន្ថែមថា នៅពេលឃើញសំណង់អគារ ដែលសាងសង់ពីគ្រោងដែកដួលរលំបែបនេះ ធ្វើឲ្យអ្នកស្រី និងពលរដ្ឋមួយចំនួនកាន់តែមានការព្រួយរម្ភ ព្រោះសំណង់អគារនៅក្នុងខេត្តព្រះសីហនុ ដែលវិនិយោគដោយជនជាតិចិនប្រមាណ ៧០ ទៅ ៨០ភាគរយ សាងសង់ដោយគ្រោងដែកទាំងអស់៖ « ភាគច្រើនអគារខ្ពស់រហូតដល់ទៅ ១០ជាន់ ២០ជាន់ គឺសុទ្ធតែដែកទាំងអស់ ហើយយើងក៏មិនដឹងថាវាម៉េចដែរ ព្រោះឥឡូវនេះវាមិនមែនអគារនេះ គឺអគារខុនដូទំនើបៗ ដែលគេសាងសង់នៅតាមឆ្នេរឯករាជ្យ ដែកនេះដែរ » ។
ក្រោយការបាក់រលំអាគារកម្ពស់ ៧ជាន់នេះ របបក្រុងភ្នំពេញ បានសម្រេចបង្កើតគណៈកម្មការត្រួត ពិនិត្យគុណភាពសំណង់ និងលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនម៉ៅការសាងសង់នៅខេត្តព្រះសីហនុ ឡើងវិញ។ចំណែកក្រសួងរៀបចំដែនដី ក៏បានចេញសេចក្តីប្រកាសណែនាំឲ្យរដ្ឋបាលខេត្តព្រះសីហនុបញ្ឈប់ផ្តល់គោលការណ៍ឲ្យដំណើរការសាងសង់ មុនទទួលបានលិខិតអនុញ្ញាតសាងសង់។ សេចក្តីប្រកាសបញ្ជាក់ថា ការដ្ឋានសំណង់ជាច្រើនក្នុងខេត្តព្រះសីហនុកំពុងដំណើរការសាងសង់ខ្លះ ជិតរួចរាល់ស្ទើរទាំងស្រុងដោយពុំមានលិខិតអនុញ្ញាតឲ្យសាងសង់នោះទេ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ មិនទាន់អាចបញ្ជាក់បានទេ អំពីលទ្ធផលត្រួតពិនិត្យគុណភាព សំណង់នៅក្នុងខេត្តព្រះសីហនុ ព្រោះក្រុមការងារកំពុងបន្តស្រាវជ្រាវនៅឡើយ។
កម្មករសំណង់ដែលនៅរស់រានមានជីវិតម្នាក់ គឺលោក អ៊ឹម ចំរើន រៀបរាប់ថា លោកមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ហើយទើបតែចូលធ្វើការទីនោះបាន២ថ្ងៃប៉ុណ្ណោះ។ លោកបន្តថា នៅពេលទៅដល់ការដ្ឋានសំណង់ថ្ងៃដំបូងនោះ ក្រុមការងាររបស់លោក បាននិយាយថា គ្រោងដែកអាគារនេះ ហាក់មិនសូវមាំទាំនោះទេ។ លោកបន្ថែមទៀតថា ដែក និងឥដ្ឋ រួមទាំងសម្ភារៈសាងសង់ទាំងអស់ គឺសុទ្ធតែនាំចូលពីប្រទេសចិន ដែលមើលទៅហាក់មិនសូវមាំទាំនោះទេ។ លើសពីនេះ ស្ទើរតែគ្រប់ការដ្ឋានសំណង់របស់ជនជាតិចិន មិនបានខ្វាយខ្វល់ផ្ដល់សម្ភារៈ និងឧបករណ៍ការពារ សុវត្ថិភាពដល់កម្មករខ្មែរ ដូចជា កម្មករជនជាតិចិននោះទេ៖ «គ្រាន់តែខ្ញុំមកដល់ បងរបស់ខ្ញុំគាត់ថា ជើងក្រោមដូចរាងជ្រាយ ឬទន់ អ៊ីចឹងណ៎ា។ ប៉ុន្តែខ្ញុំក៏មិនបានចាប់ភ្លឹកអីដែរ។ ឥដ្ឋអីគេយកមកពីចិន ហើយដូចជាមិនសូវមាំដែរ។ និយាយរួម គ្រឿងសំណង់សុទ្ធតែយកមកពីស្រុកចិនទាំងអស់ » ។
ទោះបីជាយ៉ាងណាក្តី មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ថ្លែងការពារអ្នកវិនិយោគចិន ហើយថ្កោលទោសអ្នករិះគន់ការវិនិយោគរបស់ចិនថា ជាក្រុមប្រឆាំង។ ថ្លែងក្នុងពេលបិទបញ្ចប់ការរុករកជនរងគ្រោះកាលពីល្ងាចថ្ងៃចន្ទ ទី២៥មិថុនា លោក ហ៊ុន សែន លើកឡើងថា គ្រោះថ្នាក់អាចកើតមានឡើងគ្រប់ពេលដែលមិនថា ជនជាតិណាជាអ្នកបង្កទេ ប៉ុន្តែកត្តាសំខាន់ត្រូវគិតពីប្រយោជន៍ជាតិ និងពលរដ្ឋ។ លោកអះអាងថា ពលរដ្ឋខេត្តព្រះសីហនុកំពុងតែទទួលបានផលពីការវិនិយោគទុនរបស់ចិន។ ក្នុងពេលនោះ លោក ហ៊ុន សែន ក៏បានប្រកាសយកថវិកាជាតិបូករួមជាមួយថវិកាសប្បុរសជនជូនគ្រួសាររបស់អ្នកស្លាប់ម្នាក់ៗ ទទួលបាន ៧ម៉ឺនដុល្លារ ហើយអ្នករងរបួសទទួលបាន ១ម៉ឺនដុល្លារ។ ចំណែកជនរងគ្រោះ ២នាក់ ដែលនៅមានជីវិតក្រោយ កប់ក្រោមគំនរបាក់បែករបស់សំណង់រយៈពេល ២យប់ ៣ថ្ងៃ និងត្រូវបានជួយសង្គ្រោះចុងក្រោយគេនោះ គឺទទួលបាន ៣ម៉ឺនដុល្លារ។ បន្ថែមពីនេះ លោក ហ៊ុន សែន អះអាងថា ការស៊ើបអង្កេតទៅលើការសាងសង់សំណង់នេះ គឺមិនបញ្ចប់ឡើយ ដើម្បីស្វែងរកអ្នកជាប់ពាក់ព័ន្ធនឹងការបាក់អគារនេះបន្ថែមទៀត។
ដោយឡែក ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី រួមទាំងសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន បានភ្ជាប់ការដួលរលំអគារនេះទៅនឹងអំពើពុករលួយ ការព្រងើយកន្តើយ និងស្មារតីមិនទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំប្រទេស។ លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ថា នេះគ្រាន់តែជាសញ្ញាមួយ ដែលយើងទើបតែមើលឃើញទាំងអស់គ្នា តែមិនដឹងថា តើមានអគារបែបនេះ ប៉ុន្មានខ្នងទៀត ដែលកំពុងតែសាងសង់ដែរ ឬក៏ត្រូវបានសង់រួចហើយ ដោយមិនមានលិខិតអនុញ្ញាត ហើយដោយមិនបានទទួលការត្រួតពិនិត្យអ្វីឡើយ ចំពោះស្តង់ដារបច្ចេកទេស និងសុវត្ថិភាព។ នៅប្រទេសកម្ពុជាសព្វថ្ងៃ មនុស្សខិលខូចចង់ធ្វើអ្វីក៏បានដែរ ឲ្យតែមានលុយ។ លោកថា របបពុករលួយ ដឹកនាំដោយ ហ៊ុន សែន គឺជាគ្រោះថ្នាក់សាធារណៈ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។