តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន ៤នាក់ និង​ជនជាតិ​រុស្សី​ម្នាក់​ពី​បទ "សញ្ចរកម្ម"

0:00 / 0:00

តុលាការ​ខេត្ត​ព្រះសីហនុ សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ចំនួន ៤នាក់ និង​ជនជាតិ​រុស្ស៊ី ម្នាក់ នៅ​ពន្ធនាគារ​ខេត្ត​ពី​បទ​សង្ស័យ​ថា ពាក់ព័ន្ធ "សញ្ចរកម្ម" ក្រោយ​ពី​សមត្ថកិច្ច​ឆ្មក់​ចូល​បង្ក្រាប​កន្លែង​រកស៊ី​ផ្លូវ​ភេទ​មួយ​កន្លែង​កាលពី​សប្ដាហ៍​មុន។

អ្នកនាំពាក្យ​តុលាការ​ខេត្ត​ព្រះសីហនុ លោក លឹម ប៊ុនហេង ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ម្សិលមិញ​ថា ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​បញ្ជូន​ជនសង្ស័យ​ទាំង ៥នាក់​ទៅ​ឃុំឃាំង​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ការ​ជំនុំជម្រះ ហើយ​សមត្ថកិច្ច​បាន​ដោះ​លែង​ស្ត្រី​បម្រើ​សេវា​កម្ម និង​ភ្ញៀវ​ដែល​មក​រក​សេវាកម្ម ។

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី១៦ ខែ​កក្កដា បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​លួចលាក់​ប្រកប​អា​ជី​កម្ម​ជួញដូរ​ផ្លូវ​ភេទ​មួយ​កន្លែង​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស មាន​ទីតាំងនៅ ក្នុង​សង្កាត់​លេខ២ ក្រុង​ព្រះសីហនុ។ក្រោយពី​ការ​បង្ក្រាប​សមត្ថកិច្ច​បាន​ចាប់ខ្លួន មនុស្ស​ចំនួន ៣០នាក់ រួមមាន​ជនជាតិ​ចិន ជនជាតិ​វៀតណាម និង​ជនជាតិ​រុស្ស៊ី។

ស្រប​ពេល តុលាការ​ក្រុង​ព្រះសីហនុ សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន និង​រុស្ស៊ី នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ឯ​ណោះ​វិញ តុល​ការ​កំពុង​សាកសួរ​ជន​ជាតិ​ចិន​ចំនួន ១១នាក់​ពាក់ព័ន្ធ នឹង​ករណី​ចាប់ជំរិត​មិនបាន​សម្រេច​ទៅលើ​ជនជាតិ​ចិន​ដូចគ្នា។

សមត្ថកិច្ច នៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី១៧ កក្កដា បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន ១១នាក់ ក្រោយ​ពី​ពួក​គេ​បាន​ចាប់​បុរស​ជនជាតិ​ចិន​ដូចគ្នា បង្ខាំង​ទុក​ដើម្បី​ជំរិត​ទារ​ប្រាក់​ចំនួន ៣០ម៉ឺន​ដុល្លារ មិន​បាន​សម្រេច​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ លោក ហែម ប៊ុនណា និយាយ​ថា ជនរងគ្រោះ​ត្រូវ​ជនល្មើស​យក​បង្ខាំង​ទុក​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ដែល​មាន​ទីតាំងនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ក្រុងភ្នំពេញ។

ចាប់ពី​ខែ​មិថុនា​ ដល់​ខែ​កក្កដា​នេះ ករណី​ជំរិត​ទារ​ប្រាក់​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន​ដូចគ្នា​នេះ​បាន​កើតមានឡើង​ចំនួន​ចំនួន ៣ករណី​ហើយ​គឺ​ពីរ​ករណី​កើតមានឡើង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ករណី​ចុងក្រោយ​កើតមានឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

កាលពី​ឆ្នាំ២០១៩ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ក៏ បាន​ចាប់​បញ្ជូន​ខ្លួន​ជន​ជាតិ​ចិន​ចំនួន ១២៧នាក់​ពាក់ព័ន្ធ​ទៅកាន់​ប្រទេស​ចិន​វិញ​ក្រោយពី​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឹណិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។