រដ្ឋាភិបាល​ប្រកាស​សង​ថ្ងៃ​ឈប់​សម្រាក ៥ថ្ងៃ​ជូន​កម្មករ និង​មន្ត្រី​រាជការ​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប្រកាស​សង​ថ្ងៃ​ឈប់​សម្រាក​ចំនួន ៥ថ្ងៃ​ជូន​កម្មករ និង មន្ត្រី​រាជការ​ចាប់​ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី២១ ខែសីហា បន្ទាប់​ពី​រដ្ឋាភិបាល បាន​លុប​ចោល​ថ្ងៃ​ឈប់ សម្រាក​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​ខែ​មេសា​កន្លង​ទៅ​ដោយសារ​ការ​ផ្ទុះ​រីក​រាល​ដាល​នៃ ជំងឺ​កូវីដ-១៩។

ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏​អំពាវនាវ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី សហការ និង​ពង្រឹង​ការ​អនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព និង​សុខភាព ព្រម​ទាំង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អប់រំ​ប្រជា ពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​ឲ្យ​អនុវត្ត​តាម​គោល​ការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​រាលដាល​ជំងឺ​កូវីដ-១៩ អំឡុង​ពេល​នៃ​ថ្ងៃ​ឈប់​សម្រាក​ចំនួន ៥ថ្ងៃ​នោះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ សាទរ​ចំពោះ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល ខណៈ​សហជីព​បាន​ស្នើសុំ​ជា​យូរ​មក​ហើយ។ ទោះបីជា​យ៉ាង​ណា អ្នកស្រី​ព្រួយ​បារម្ភ​ថា កម្មករ​ភាគ​ច្រើន អាច​នឹង​គ្មាន​ប្រាក់​សម្រាប់​ទៅ​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ និង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​តំបន់​នានា ព្រោះ​កម្មករ​ជា​ច្រើន​ត្រូវ​បាន​ថៅកែ​ព្យូរ​ការងារ និង​ខ្លះ​ទៀត ទើប​តែ​មាន​ការងារ​ធ្វើ​វិញ៖ «កន្លង​មក​នេះ ក្រុមហ៊ុន​មួយ​ចំនួន​បាន​យក​លេស​ក្នុង​ការ​បញ្ឈប់​កម្មករ​ដោយ​មិន​ផ្តល់​លុយ​ឲ្យ​គាត់​ទេ​នៅ​ថ្ងៃ​ដែល​ពួក​គាត់​ធ្វើការ ៥ថ្ងៃ​ក្នុង​អំឡុង​ពេល ចូល​ឆ្នាំ ដូច្នេះ​នាំ​ឲ្យ​កម្មករ​ខាតបង់​ប្រយោជន៍​សន្ធឹកសន្ធាប់​ណាស់​រួច​ហើយ​ព្រោះ​តាំង​ពី​ចូល​ឆ្នាំ​មក​ដល់​ឥឡូវ​នេះ មាន​ក្រុមហ៊ុន​ជា​ច្រើន ផ្ដាច់​កិច្ចសន្យា​កម្មករ ឬ​បញ្ឈប់​កម្មករ​រាប់​ម៉ឺន​នាក់ ហើយ​ក្រុមហ៊ុន​មិន​បាន​ផ្តល់​លុយ​នោះ​ទេ ដោយសារ​គេ​យក​លេស​ថា ទោះ​បី​ជា​ទៅ​ប្ដឹង​នៅ​ណា​ក៏​មិន​បាន​ដែរ ព្រោះ​រដ្ឋាភិបាល​មិន​ទាន់​ចេញ​សេចក្ដី​ប្រកាស។ បើ​សិន​បើ​អាច​ទេ ពួក​យើង​ស្នើសុំ​ឲ្យ​សង​លុយ​ដល់​កម្មករ ដែល​ត្រូវ​បាន​បញ្ឈប់​នា​ពេល​កន្លង​មក»។

ក្រសួង​ការងារ​បង្ហាញ​ថា គិត​ត្រឹម​ដើម​ខែ​កក្កដា មាន​រោងចក្រ​ជាង​ពីរ​រយ (២៥០) បាន​ព្យួរ​ការងារ និង​បិទ​រោងចក្រ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ ហើយ​ប៉ះពាល់​ដល់​កម្មករ ជាង ១៣ម៉ឺន​នាក់។ លើស​ពី​នេះ សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ ធ្លាប់​ព្យាករ​ថា នឹង​មាន កម្មករ​ជាង ៧៥ម៉ឺន​នាក់ ប្រឈម​វិបត្តិ​អត់​ការងារ​ធ្វើ ហើយ​ក្រុម​គ្រួសារ កម្មករ​ខ្ទង់ ៣លាន​នាក់​ទៀត នឹង​ទទួល​រង​ផល​ប៉ះពាល់​បន្ត ប្រសិន​បើ​សហភាព​អឺរ៉ុប សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ២០ភាគ​រយ​ជា​ផ្លូវ​ការ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី១២ ខែ​សីហា​ខាង​មុខ៕