កម្មកររោងចក្រកាត់ដេរ ហាណាវ័ន (Hana1 Cambodia) បានផ្ទុះការតវ៉ាជាថ្មីទៀត កាលពីថ្ងៃទី២៩ ខែមិថុនា បន្ទាប់ពីថៅកែរោងចក្រ ខកខានមិនព្រមចេញមកដោះស្រាយជូនកម្មករតាមកាលកំណត់ ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៦ ខែមិថុនា គឺភាគីរោងចក្រ បានឯកភាពគ្នាយល់ព្រមដោះស្រាយឲ្យកម្មករចំនូន ៥ចំណុច។
កម្មករម្នាក់ដែលធ្វើការផ្នែកឃ្លាំង ប្រាប់អាស៊ីសេរីកាលពីសប្ដាហ៍មុនថា ថៅកែជាជនជាតិកូរ៉េបានយល់ព្រមដោះស្រាយទៅតាមការទាមទាររបស់កម្មករចំនួន ៥ចំណុច មានដូចជាទូទាត់បើកប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំជាដើម ឲ្យកម្មករនៅថ្ងៃទី២៦ ខែមិថុនា។ ក៏ប៉ុន្តែដល់ថ្ងៃកំណត់ស្រាប់តែខាងភាគីរោងចក្រ មិនព្រមចេញមុខមកដោះស្រាយជូនកម្មករឡើយ ទើបក្រុមកម្មករនាំគ្នាចេញមកតវ៉ាទាមទារជាថ្មីទៀត។
អាស៊ីសេរីមិនទាន់អាចទាក់ទងទៅភាគីរោងចក្រ ដើម្បីសុំការបញ្ជាក់ជុំវិញការទូទាត់សំណងឲ្យកម្មករបានទេ នៅថ្ងៃទី២៩ ខែមិថុនា។
រោងចក្រកាត់ដេសំលៀកបំពាក់ ហាណាវ័ន មានទីតាំងនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានកម្មករប្រមាណ ៨រយនាក់ បានធ្វើកូដកម្មកាលពីថ្ងៃទី២៣ មិថុនា បន្ទាប់ពីខាងរោងចក្រប្រកាសកាលពីថ្ងៃទី២២ មិថុនាថា ក្ស័យធន នឹងត្រូវបិទទ្វារឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។