លោក ហោ ណាំហុង ដឹក​នាំ​គណៈ​ប្រតិភូ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ដឹកនាំ​គណៈប្រតិភូ​អ្នក​ជំនាញ​ច្បាប់ និង​អ្នក​ជំនាញ​ផែនទី​កម្ពុជា ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ.ស៊ី.ជេ (ICJ = International Court of Justice) នៅ​ប្រទេស​ហុឡង់ដ៍ (Netherlands) នៅ​ល្ងាច​ថ្ងៃ​ទី៩ ខែ​មេសា។
ដោយ សុខ សេរី
2013-04-09
Share
ហោ ណាំហុង ៣០៥ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង ធ្វើ​សន្និសីទ​កាសែត​នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មុន​ពេល​ចាក​ចេញ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ល្ងាច​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Sok Serey

លោក ហោ ណាំហុង ដែល​ជា​ឧបនាយក​រដ្ឋមន្ត្រី​ដែរ​នោះ បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​សន្និសីទ​កាសែត នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា ភាគី​កម្ពុជា នឹង​ទទួល​បាន​ជោគជ័យ ដោយសារ​តែ​កម្ពុជា មាន​ឯកសារ​គ្រប់គ្រាន់​ទទួល​ស្គាល់​ជា​អន្តរជាតិ​ថា ប្រាសាទ​ព្រះវិហារ និង​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ជា​កម្មសិទ្ធិ​របស់​កម្ពុជា។

លោក ហោ ណាំហុង៖ «ដូច្នេះ ចំណុច​៣ ដែល​យើង​ត្រូវ​ចាប់​អារម្មណ៍ គឺ​ចំណុច​ទី១ អធិបតីភាព​របស់​កម្ពុជា។ ចំណុច​ទី២ តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ទី៣ ក្នុង​ទឹកដី​កម្ពុជា ហើយ​អធិបតេយ្យ​កម្ពុជា វា​ទាមទារ​ឲ្យ​មាន​កំណត់​ទឹកដី​របស់​វា។ ធម្មតា អធិបតីភាព​របស់​រដ្ឋ​នីមួយៗ មិន​មែន​ស្ថិត​នៅ​ពាស​ណា​ពាស​ណី​ទេ ត្រូវ​តែ​មាន​កំណត់។ កំណត់​នេះ​នៅ​កន្លែង​ណា? កំណត់​នេះ​ក្នុង​អង្គហេតុ​តុលាការ​បាន​យល់​ច្បាស់​លាស់​ក្នុង​អង្គហេតុ គឺ​ថា​ទឹកដី​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​កំណត់​ដោយ​ផែនទី​ឧបសម្ពន្ធ​១ ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ចម្រុះ​បារាំង-សៀម ពី​ឆ្នាំ​១៩០៤ ទៅ​ឆ្នាំ​១៩១៧»

លោក​បន្ត​ថា ភាគី​កម្ពុជា មាន​អ្នក​ជំនាញ​ច្បាប់ និង​អ្នក​ជំនាញ​ផែនទី​កម្ពុជា ទាំង​បរទេស និង​ជាតិ សរុប​ចំនួន ១២​នាក់។ សវនាការ​ដោយ​ផ្ទាល់​មាត់​រវាង​ភាគី​កម្ពុជា និង​ថៃ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ គឺ​មាន​រយៈពេល ៥​ថ្ងៃ ចាប់​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី១៩ ខែ​មេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល