រដ្ឋាភិបាលក្រុងភ្នំពេញ សម្រេចផ្អាកការយកពន្ធអាជីវកម្មលើសណ្ឋាគារ ផ្ទះសំណាក់ រយៈពេល ៤ខែ និងមិនយកពន្ធចំពោះរោងចក្រ ដែលរងផលប៉ះពាល់ពីការខ្វះវត្ថុធាតុដើម និងបញ្ហា EBA ពី ៦ខែទៅ ១ឆ្នាំ។ ទន្ទឹមនឹងនោះ កម្មកររោងចក្រនឹងទទួលបានប្រាក់ឈ្នួល ៦០ភាគរយ រយៈពេល៦ខែ ខណៈអ្នកជំនាញថា វិធានការទាំងនេះ ធ្វើឲ្យបាត់ប្រយោជន៍ជាតិ និងមិនមាននិរន្តរភាពយូរអង្វែង។
លោក ហ៊ុន សែន ថា វិធានការទាំងនេះ ដើម្បីជួយទប់ទល់នឹងការវិវត្តសេដ្ឋកិច្ចកម្ពុជា ដែលរងការប៉ះពាល់ពីវិបត្តិជំងឺរលាកផ្លូវដង្ហើមថ្មី កូវីត១៩ (Covid-19) ខណៈប្រទេសក្នុងពិភពលោកផ្សេងទៀត ក៏ជួបប្រទះវិបត្តិភ្ញៀវទេសចរធ្លាក់ចុះដូចគ្នា។
លោកថ្លែងក្នុងពិធីសន្និសីទកាសែត នៅទីស្ដីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២៤ កុម្ភៈ ដោយអះអាងថា ភ្ញៀវទេសចរបានធ្លាក់ចុះយ៉ាងគំហុក នៅខែកុម្ភៈ គឺធ្លាក់ចុះជាងពាក់កណ្ដាល (៦០%) ក្នុងនោះ ភ្ញៀវទេសចរចិន ធ្លាក់ចុះស្ទើរមួយរយភាគរយ (៩០%) ហើយខេត្តសៀមរាប បានរងផលប៉ះពាល់ខ្លាំងជាងគេ។ លោក ហ៊ុន សែន ថា ដើម្បីទប់ស្កាត់បញ្ហានេះ រដ្ឋាភិបាលសម្រេចថា នឹងបញ្ចេញកញ្ចប់ថវិកាជាតិ ជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ ដែលក្នុងនោះ សណ្ឋាគារ និងផ្ទះសំណាក់ នឹងត្រូវផ្អាកយកពន្ធ ៤ខែ គិតពីខែកុម្ភៈ ដល់ខែឧសភា ដោយរដ្ឋាភិបាលជាអ្នកបង់ពន្ធជំនួស៖ «ការលើកលែងពន្ធនៅទីនេះ គឺមានន័យថា រដ្ឋទទួលបង់ពន្ធជំនួស ព្រោះយើងធ្លាប់បានបង់ពន្ធហើយ យើងមិនអាចហៅពាក្យថា លើកលែង។ តែនៅទីនេះ ដើម្បីងាយស្ដាប់តែប៉ុណ្ណោះ គឺប្រើពាក្យថា លើកលែងនូវការបង់ពន្ធ។ ប៉ុន្តែធាតុពិតរបស់វា គឺរដ្ឋបង់ពន្ធជំនួស រដ្ឋបង់ពន្ធជំនួស។ អ្វីដែលយើងធ្វើនៅពេលនេះ មិនគ្រប់ដណ្ដប់ទូទៅនោះទេ។ អ្វីដែលសំខាន់ គឺយើងធ្វើនៅក្នុងខេត្តសៀមរាប ដែលជាខេត្តមួយភ្ញៀវទេសចរណ៍បរទេសធ្លាប់ មកកាន់ទីនោះ។ ប៉ុន្តែឥឡូវនេះ ភ្ញៀវទេសចរណ៍មកកាន់ទីនោះធ្លាក់ដល់កម្រិតមួយយ៉ាងខ្លាំង »។
លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យមន្ត្រីរដ្ឋាភិបាល កាត់បន្ថយការធ្វើដំណើរទៅប្រជុំនៅក្រៅប្រទេស និងជំរុញឲ្យពលរដ្ឋ កាត់បន្ថយការដើរកម្សាន្តក្រៅប្រទេស ហើយងាកមកកម្សាន្ត និងបង្កើតកិច្ចប្រជុំ ក្នុងស្រុក រួមទាំងជំរុញឲ្យបង្កើតព្រឹត្តិការណ៍វប្បធម៌ ដើម្បីទាក់ទាញទេសចរណ៍ សម្រាប់ខេត្តសៀមរាបជាដើម។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី យល់ថា ការជួយទ្រទ្រង់អ្នកវិនិយោគសណ្ឋាគារ និងផ្ទះសំណាក់កុំឲ្យក្ស័យធន ដើម្បីរក្សាការងារដល់កម្មករ ក្នុងវិស័យទេសចរណ៍ ជាការប្រសើរ តែយុទ្ធសាស្ត្រនេះ គ្មាននិរន្តរភាព ហើយបាត់បង់ប្រយោជន៍ជាតិ។ លោកថា ការបញ្ចេញកញ្ចប់ថវិកាជាតិ ជួយបង់ពន្ធជំនួសសណ្ឋាគារ ផ្ទះសំណាក់នេះ ប្រើបានតែរយៈពេលខ្លី និងជួយបានមួយផ្នែកតូច សម្រាប់វិស័យទេសចរណ៍។
អ្នកជំនាញទេសចរណ៍រូបនេះថា ដើម្បីជួយដល់កម្មករ និងវិស័យទេសចរណ៍ រដ្ឋាភិបាល គួរគិតគូររកវិធីសាស្ត្រកែលម្អ កម្សោយក្នុងវិស័យទេសចរណ៍ បង្កើនការផ្សព្វផ្សាយដែលមានប្រសិទ្ធិភាព និងចរចាយក EBA ២០ភាគរយ មកវិញទើបជាការប្រសើរដល់វិស័យនេះ។
លោក ម៉ម រិទ្ធី ថា ការជំរុញភ្ញៀវទេសចរជាតិ ឲ្យងាកមកដើរកម្សាន្តក្នុងស្រុកវិញ នឹងពិបាកធ្វើបាន ហើយអាចជួយវិស័យទេសចរណ៍បានតិចតួចប៉ុណ្ណោះ។ លោកថា អ្វីដែលសំខាន់គឺ ភ្ញៀវទេសចរអន្តរជាតិ ដែលនាំលុយច្រើនមកចាយនៅកម្ពុជា៖ «អ៊ីចឹង អាយុទ្ធសាស្ត្របែបហ្នឹង យើងប្រើបានតែពេលខ្លីទេ យើងអត់អាចយកមកប្រើរយៈពេលវែងបានទេ ហើយរយៈពេលហ្នឹង យកមកជួយបាន ជួយបានតែផ្នែកតូចខ្លះទេ មិនអាចជួយបានទាំងស្រុងទេ។ អ៊ីចឹង សំណួរសួរ ផុត ៤ខែហ្នឹង ពួកគាត់ធ្វើអ្វី ? ពួកគាត់រស់បន្តយ៉ាងម្ដេច ក្រុមហ៊ុនទាំងអស់ហ្នឹង »។
ក្រៅពីវិស័យទេសចរណ៍ ដែលរងការប៉ះពាល់ដោយសារជំងឺកូវីត-១៩ លោក ហ៊ុន សែន ក៏អះអាងថា វិស័យកាត់ដេរ ក៏រងផលប៉ះពាល់ដែរ គឺដោយសារ ការមិនអាចនាំចូលវត្ថុធាតុដើមបាន និងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ ដែលមានតម្លៃប្រហែល ១០០លានដុល្លារអាមេរិក។ លោក ហ៊ុន សែន ថា វិស័យនេះ រដ្ឋាភិបាលក៏នឹងបញ្ចេញកញ្ចប់ថវិកាជាតិ ជួយដល់ភាគីពាក់ព័ន្ធដែរ។
រដ្ឋាភិបាល នឹងលើកលែងការយកពន្ធ ចំពោះរោងចក្រខ្វះវត្ថុធាតុដើម និងរោងចក្ររងផលប៉ះពាល់EBA ចំនួន ៦ខែ ទៅ ១ឆ្នាំ ហើយម្ចាស់រោងចក្រនឹងលើកលែងការបង់ប្រាក់ចូលបេឡាជាតិរបបសន្តិសុខសង្គម (បសស) ក្នុងកំឡុងពេលរោងចក្រព្យួរអាជីវកម្ម។ ប៉ុន្តែម្ចាស់រោងចក្រ មានកាតព្វកិច្ចបង់ប្រាក់ឈ្នួលឲ្យកម្មករ ៤០ភាគរយ នៃប្រាក់ឈ្នួលគោលអប្បបរមា រយៈពេល ៦ខែ។ ឯរដ្ឋាភិបាល នឹងបន្ថែម ២០ភាគរយទៀត ដែលធ្វើឲ្យកម្មកររងការព្យួរការងារ ទទួលបានប្រាក់ឈ្នួលប្រហែល ១២០ដុល្លារអាមេរិក រយៈពេល ៦ខែ ដើម្បីទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែម និងក្នុងកំឡុងពេលរកការងារថ្មី។
លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលលោកបានត្រៀមខ្លួនទប់ទល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់ទៅ ១០០ភាគរយ កុំថាឡើយត្រឹម ២០ភាគរយ។ ក៏ប៉ុន្តែលោកបានបង្ហើប ប្រាប់ឲ្យកម្មករ ដែលរងការព្យួរការងារនោះ ឲ្យត្រៀមរកការងារថ្មីធ្វើ ក្រៅវិស័យកាត់ដេរ៖ «ប៉ុន្តែក្នុងរយៈពេល៦ខែនេះ ក្មួយៗ ត្រូវទទួលបានការបណ្ដុះបណ្ដាលរយៈពេល ៤ខែ ដោយទទួលបានបៀវត្សរ៍ចំនួន ១២០ដុល្លារ។ ឯ ២ខែផ្សេងទៀត ស្មើនឹង ២៤០ដុល្លារ គឺសម្រាប់ក្មួយៗ ចាយវាយ នៅមុនពេលដែលក្មួយៗ រកការងារធ្វើបាន។ ចំណុចនេះ គេអាចឃើញហើយថា កម្ពុជាបានបម្រុងទុកថា នឹងមិនមានការវិលត្រលប់ នៃ EBA ដែល EU បានព្យួរនោះទេ។ សុំបញ្ជាក់ជូនចំពោះ ប្រជាពលរដ្ឋកម្ពុជា និងអ្នកនយោបាយកម្ពុជា ឲ្យបានជ្រាបថា កម្ពុជា នឹងមិនស្នើសុំត្រលប់មកវិញ នូវ EBA ២០ ភាគរយ នោះទេ។ នេះជាការបញ្ជាក់យ៉ាងច្បាស់ ហើយសុំកុំមកធ្វើចលនាអ្វី ឲ្យសោះ »។
អនុប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ាន់ សេងហាក់ យល់ថា ជាការទទួលខុសត្រូវ គឺរដ្ឋាភិបាលត្រូវមានកាតព្វកិច្ចជួយដល់កម្មករ និងម្ចាស់រោងចក្រ ក្នុងពេលមានវិបត្តិ។ ប៉ុន្តែ លោកបារម្ភថា កម្មករបាត់ប្រយោជន៍ច្រើន ខណៈថៅកែរោងចក្រទទួលបានការអនុគ្រោះ និងជួយជ្រោមជ្រែងច្រើន។
លោកថា ប័ណ្ណ ប.ស.ស ជាប្រយោជន៍សង្គមរបស់កម្មករ នឹងបាត់សុពលភាព នៅពេលផ្អាកការបង់វិភាគទានរយៈពេល ៦ខែ។ ចំណែកការចូលរួមជួយរបស់រដ្ឋាភិបាល ត្រឹម ២០ភាគរយ សម្រាប់ប្រាក់ឈ្នួល នៅមានកម្រិតតិចតួច ដែលធ្វើឲ្យជីវភាពកម្មករ ស្ថិតក្នុងស្ថានភាពលំបាក ខណៈកម្មករច្រើនលើសលុប ជាប់កុនជំពាក់ធនាគារគ្រប់គ្នា។
លោក ម៉ាន់ សេងហាក់ យល់ថា វិធានការជួយរបស់រដ្ឋាភិបាលនេះ មិនអាចមាននិរន្តរភាពទេ ខណៈគ្មានភាពច្បាស់លាស់ថា វិស័យការងារ នឹងអាចវិលមករកភាពដូចដើមវិញនៅពេលណា។ លោកជំរុញរដ្ឋាភិបាលឱ្យជួយបន្ថែមប្រាក់ឈ្នួលដល់កម្មករឲ្យបានច្រើនជាងនេះទៀត យ៉ាងហោចណាស់ ដល់កម្រិតកៀកនឹងប្រាក់ឈ្នួលគោល ទើបអាចធ្វើឲ្យកម្មករទប់ទល់ជីវភាពរយៈពេលព្យួរការងារបាន៖ « ស្នើទៅរដ្ឋាភិបាល ជួយពិនិត្យឡើងវិញ ការដែលផ្ដល់ប្រាក់ខែ (ប្រាក់ឈ្នួល ) ៦០ភាគរយ ទៅឲ្យបងប្អូនកម្មករនិយោជិតនោះ ខ្ញុំថា គួរតែផ្ដល់ច្រើនជាងហ្នឹងទៅទៀត ពីព្រោះឃើញថា ក្រុមហ៊ុនផ្ដល់ ៤០ភាគរយ អាចទៅរដ្ឋាភិបាល គួរតែជួយផ្ដល់ ៤០ភាគរយដូចគ្នាទៅ ពីព្រោះបងប្អូនកម្មករជួបរឿងបញ្ហាទាក់ទងនឹងបំណុល »។
បើទោះ លោក ហ៊ុន សែន ចេញមុខប្រកាសបញ្ចេញកញ្ចប់ថវិកាជាតិ ជួយដល់វិស័យទេសចរណ៍ និងវិស័យកាត់ដេរ ដោយសារវិបត្តិជំងឺកូវីត ១៩ និង EBA តែក្រសួងជំនាញទាំង២ មិនទាន់បង្ហាញរបាយការណ៍ថា សហគ្រាសក្នុងវិស័យទេសចរណ៍ សហគ្រាសក្នុងវិស័យកាត់ដេរ និងកម្មករ ចំនួនប៉ុន្មាន កំពុងរងផលប៉ះពាល់ទេ។
មកដល់ពេលនេះ យ៉ាងហោចណាស់ មានសណ្ឋាគារធំចំនួន២ គឺ The Great Duke Hotel អតីតសណ្ឋាគារ Intercontinental នៅរាជធានីភ្នំពេញ និងសណ្ឋាគារ អប្សរាអង្គរ នៅខេត្តសៀមរាប បានបិទទ្វារ ដោយសារក្ស័យធន និងជួសជុលថ្មី។ ក្រសួងទេសចរណ៍អះអាងថា ការមិនដំណើរការ របស់សណ្ឋាគារទាំង២ មិនមែនដោយសារវិបត្តិជំងឺកូវីត១៩ ឬ EBA ឡើយ។ ចំណែករោងចក្រខ្លះ ក៏បានជូនដំណឹងពីការព្យួរការងារកម្មកររយៈពេលខ្លី រួចហើយដែរ។
ទាំងកម្មករ សហជីព និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សុទ្ធតែបារម្ភថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ នឹងបណ្ដាលឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ។ គ្រប់ភាគីសុទ្ធតែសំណូមពរដល់រដ្ឋាភិបាលកម្ពុជា និងគណៈកម្មការអឺរ៉ុប ឲ្យពិចារណាក្នុងការស្ដារប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុងឲ្យកម្ពុជាវិញ ដើម្បីលើកស្ទួយជីវភាពពលរដ្ឋខ្មែរ ឱ្យរួចចាកផុតពីភាពក្រីក្រ។ ប៉ុន្តែសម្រាប់មេដឹកនាំរបបក្រុងភ្នំពេញ ព្រមានឲ្យបញ្ឈប់ការធ្វើចលនាទាមទារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។