កូនប្រុសទី២របស់ លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២០ មិថុនាថា លោកកំពុងតែពិចារណា ថាតើគួរប្រើនីតិវិធីច្បាប់ប្ដឹង អង្គការ ឈ្មោះ "ខ្ញុំខ្មែរ" និងម្ចាស់គណនីហ្វេសប៊ុក តោ និមល (Tor Nimol) ឬក៏ទុកចោល ករណីចោទប្រកាន់រូបលោក និងប្អូនស្រី លោក ថា មានប្រាក់រាប់លានដុល្លារ។ ការព្រមាននេះ ដោយសារតែ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ តោ និមល បានបង្ហោះព័ត៌មានមួយ កាលពីថ្ងៃទី១៨ មិថុនា ដែលថា៖ «កូនប្រុស របស់លោក ហ៊ុន សែន មានលុយ មួយរយលានដុល្លារ នៅក្នុងធនាគារ ធីឌី ក្នុងប្រទេសកាណាដា (TD bank of Canada)។
ម្ចាស់គណនីហ្វេសប៊ុក ដដែលបានសរសេរទៀតថា៖ សប្បាយណាស់ .!! លើគំនរទឹកភ្នែកប្រជាជន...?
លោក ហ៊ុន ម៉ាណិត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានចេញមុខច្រានចោលចំពោះព័ត៌មាននេះ និងចាត់ទុកថាជាព័ត៌មានក្លែងក្លាយ។ លោកសរសេរបញ្ជាក់នៅលើលើហ្វេសប៊ុកថា៖ «ព័ត៌មានមិនពិតនេះគឺបានបង្កើតឡើងដោយក្រុមប្រឆាំង ក្នុងគោលបំណងបង្ខូចឈ្មោះ លាបពណ៌ បង្កើតជាការសង្ស័យ ពីសាធារណជន។ ហើយអ្នកដែលចេញព័ត៌មានមិនពិតនេះមុនគេ គឺមកពីអតីតគណបក្សព្រះអាទិត្យលិច និងតំណាង "ខ្ញុំខ្មែរ" ឈ្មោះ Tor Nimol»។
លោកបញ្ជាក់ទៀតថា ករណីបែបនេះ មិនមែនជាលើកទី១នោះទេ កន្លងមកក្រុមប្រឆាំងបានប្រើព័ត៌មានក្លែងក្លាយមកលើក្រុមគ្រួសារលោកជាបន្តបន្ទាប់។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅតំណាង "ខ្ញុំខ្មែរ" ឈ្មោះ Tor Nimol» ក៏ប៉ុន្តែ រហូតមកដល់ម៉ោងផ្សាយនេះ មិនមានការឆ្លើយតបយ៉ាងណានៅឡើយទេ។ កាលពីសប្ដាហ៍មុនក្រុមយុវជននៃមាតាធម្មជាតិ ក៏បានរកឃើញថា កូនប្រុសរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុធារ៉ា ក៏មានលុយប្រមាណ ៨លានដុល្លារទិញវិមាននៅប្រទេសអូស្ត្រាលី ទោះបីលោកមានប្រាក់ខែប្រមាណតែ ៥០០ដុល្លារ។ ក្រុមយុវជនសង្ស័យថា ករណីអាចពាក់ព័ន្ធនឹងអំពើពុករលួយ និងស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតករណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។