លោក ហ៊ុន សែន តែងតាំងមេឈ្មួញឈើ លោក ទ្រី ភាព ជាទីប្រឹក្សាផ្ទាល់របស់លោក

ដោយ យ៉ង ចាន់តារា
2024.04.07
លោក ហ៊ុន សែន តែងតាំងមេឈ្មួញឈើ លោក ទ្រី ភាព ជាទីប្រឹក្សាផ្ទាល់របស់លោក ឧកញ៉ា ទ្រី ភាព (ស្ដាំ) ថតរូបជាមួយលោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងកម្មវិធីបរិច្ចាគប្រាក់ដល់កាកបាទក្រហមកម្ពុជា កាលពី០៨ ខែឧសភា ឆ្នាំ២០១៩។
រូប៖ គណនី​ហ្វេសប៊ុកក្រុមហ៊ុន ទ្រី ភាព គ្រុប

លោក ហ៊ុន សែន ដែល​ទើប​ឡើង​កាន់​ដំណែង​ប្រធាន​ព្រឹទ្ធសភា រយៈ​ពេល​៣​ថ្ងៃ បាន​ប្រកាស​តែង​តាំង មេ​ឈ្មួញ​ល្បីល្បាញ​ខាង​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា គឺ​លោក ទ្រី ភាព  ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​ ។ អ្នកការ​ការពារ​ធនធាន​ធម្មជាតិ​ថា ការ​តែងតាំង​បុគ្គល​ណា​ម្នាក់​ធ្វើ​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ស្ថាប័ន​រដ្ឋ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ​និង​មិន​ត្រូវ​ជាប់​ពាក់ព័ន្ធ​រឿង​អាស្រូវ​ឡើយ។

ឧកញ៉ា ទ្រី ភាព ដែល​ល្បី​ថា ជា​មេ​ដឹកនាំ​បណ្ដាញ​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់ និង​កំពុង​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​នោះ បាន​ក្លាយ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន និង​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋ​មន្ត្រី។ ការ​តែង​តាំង លោក ទ្រី ភាព នេះ គឺ​លោក ហ៊ុន សែន ស្នើ​សុំ​ដោយ​ខ្លួន​ឯង​ហើយ​ចុះ​ហត្ថលេខា​តែងតាំង​ដោយ​ខ្លួន​ឯង​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ជំនួស​ព្រះមហាក្សត្រ។នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​០៦ ខែ​មេសា។

ជុំ​វិញ​រឿង​នេះ សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត  ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​០៦ ខែ​មេសា​ថា  លោក​​ព្រួយបារម្ភ​ចំពោះ​ផ្ដល់​តួនាទី​ជា​មន្ត្រី​ជាន់​ខ្ពស់ ដល់​បុគ្គល​ដែល​មាន​ប្រវត្តិ​មិន​ល្អ ជាប់​ពាក់ព័ន្ធ​រឿង​អាស្រូវ ក្នុង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ជាពិសេស​ការ​កេង​ប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ជាតិ ព្រោះ​ពួកគេ​នឹង​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​ទង្វើ​ទាំង​អស់​នោះ​បន្ថែម​ទៀត​ ។ លោក​បន្ថែម​ថា មេ​ដឹង​នាំ​កំពូល​ៗ​គួរ​តែ​ជ្រើសរើស​ទីប្រឹក្សា​ឬ​តែងតាំង​ជា​មន្ត្រី​ជាន់​ក្នុង​ជួរ​រដ្ឋាភិបាល ត្រូវ​មាន​ឈ្មោះ​ស្អាតស្អំ មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ និង​មិន​ប្រកាន់​បក្ខពួក​និយម ដែល​អាច​មាន​សមត្ថភាព​ធ្វើ​ការងារ​បម្រើ​ជាតិ​ដោយ​ស្មោះត្រង់។

លោក លី ចាន់ដារ៉ាវុត៖ «ព្រោះ​ថា​កន្លង​មក​យើង​ឃើញ​ប្រព័ន្ធ​តែងតាំង​បក្ខពួក​និយម​វា​នាំ​ឲ្យ​វិនាសកម្ម​នៅ​ក្នុង​សង្គម​កម្ពុជា នាំ​ឲ្យ​ប្រជាពលរដ្ឋ​ឈឺចាប់​ហើយ​អ្នក​ដែល​ឡើង​មក​តាម​រយៈ​ខ្សែស្រឡាយ​និង​បក្ខពួក​ជានិច្ចកាល​គាត់​តែងតែ​គិត​ផ្ដោត​ផល​ប្រយោជន៍​របស់​ក្រុម​គ្រួសារ​របស់​គាត់​ឬ​មេ​របស់​គាត់ ជាជាង​ការ​ផ្ដោត​សំខាន់​ទៅលើ​ផល​ប្រយោជន៍​ជាតិ​ឬ​ក៏​ការ​គោរព​ច្បាប់»

កាល​ពី​ចុង​ឆ្នាំ​២០១៩ ក្រសួង​រតនាគារ​ជាតិ​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក ឬ​រាំង​ខ្ទប់​ទ្រព្យសម្បត្តិ​របស់ លោក ទ្រី ភាព ព្រមទាំង​ក្រុមហ៊ុន​ដែល​លោក​គ្រប់គ្រង​ចំនួន​១១​ក្រុមហ៊ុន។ ក្រសួង​រតនាគារ​ជាតិ​អាមេរិក រក​ឃើញ​ថា លោក ទ្រី ភាព បាន​ប្រើប្រាស់​ខ្សែ​បណ្ដាញ​ដ៏​សម្បើម របស់​លោក​នៅ​កម្ពុជា ដើម្បី​បង្កើត​អាជីវកម្ម​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ ដោយ​បាន​ពឹង​ផ្អែក​ទៅ​លើ​អំពើ​ស៊ុមគ្រលុំ​ជា​មួយ​មន្ត្រី​រដ្ឋាភិបាល និង​ទទួល​បាន​កិច្ច​គាំពារ​ពី​រដ្ឋាភិបាល និង​មន្ត្រី​យោធា ដើម្បី​ដឹក​ជញ្ជូន​ទំនិញ​ខុស​ច្បាប់​របស់​លោក។ លោក ទ្រី ភាព ក៏​បាន​ប្រើប្រាស់​បណ្ដាញ​យោធា ដើម្បី​ឲ្យ​លោក​អាច​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ ហ៊ុប យក​ទៅ​លក់​ឲ្យ​ប្រទេស​វៀតណាម ចិន អឺរ៉ុប និង​រុស្ស៊ី ជាដើម​។

លោក ទ្រី ភាព មាន​ក្រុមហ៊ុន​ចំនួន​២១ ដែល​បាន​ចុះបញ្ជី និង​បង្ហាញ​ជា​សាធារណៈ ចំនួន​១៤​ក្រុមហ៊ុន​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល មាន​ផ្ទៃ​ដី​សរុប​ជាង ៦​ម៉ឺន​ហិកតារ (៦៨.០៨៨) និង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២ នៅ​អូរយ៉ាដាវ ខេត្ត​រតនគីរី ជាប់​ព្រំដែន​វៀតណាម និង​មួយ​ទៀត​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជាប់​ព្រំដែន​ថៃ​។

ទាក់​ទិន​រឿង​នេះ​ដែរ នាយក​ប្រតិបត្តិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា(CYN)លោក ហេង គឹមហុង យល់​ឃើញ​ថា ការ​តែងតាំង​នរណា​ម្នាក់​ធ្វើ​ជា​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ត្រូវ​តែ​ពិនិត្យ​លក្ខណៈសម្បត្តិ និង​ប្រវត្តិ​របស់​បុគ្គល​នោះ​ឲ្យ​បាន​ហ្មត់ចត់​ជា​មុន​សិន ដើម្បី​ជៀសវាង​យក​បុគ្គល​មាន​រឿង​អាស្រូវ និង​ប្រវត្តិ​មិន​ល្អ​ធ្វើ​ជា​មន្ត្រី។  លោក​សោកស្ដាយ​ដែល​ស្ថាប័ន​នីតិ​បញ្ញត្តិ​ជ្រើសរើស លោក ទ្រី ភាព ជា​ទីប្រឹក្សា​ប្រធាន​ព្រឹទ្ធសភា ដោយសារ លោក ទ្រី ភាព កន្លង​មក​មាន​ប្រវត្តិ​ជាប់​ពាក់ព័ន្ធ​រកស៊ី​ជួញដូរ​ឈើ​ប្រណិត​ទៅ​ក្រៅ​ប្រទេស។

លោក ហេង គឹមហុង៖ «រដ្ឋាភិបាល​ក្ដី រដ្ឋសភា​ក្ដី ព្រឹទ្ធសភា​ក្ដី ពិចារណា​ឡើង​វិញ​ចំពោះ​ការ​តែងតាំង​មន្ត្រី ដើម្បី​ធានា​ថា​មន្ត្រី​ជាន់​ខ្ពស់​ទាំង​អស់​មិន​ថា​អំណាច​ណា​មួយ​នៃ​អំណាច​ទាំង​បី ពួកគេ​គឺ​ជា​បុគ្គល​ស្អាតស្អំ ហើយ​មាន​គុណសម្បត្តិ​ពិតប្រាកដ​សម្រាប់​ជាតិ​មាតុភូមិ»

ថ្មីៗនេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទើប​បាន​តែងតាំង​កូន​ប្រុស អ្នកឧកញ៉ា ទ្រី ភាព គឺ​ឧកញ៉ា ទ្រី ដាលុច ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​ទីប្រឹក្សា​ លោក ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋមន្ត្រី ជា​អនុប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី.ឌី.ស៊ី (CDC)។ ក្រៅ​ពី​នេះ លោក ហ៊ុន ម៉ាណែត ក៏​បាន​តែងតាំង​អតីត​អគ្គសេនាធិការ​រង នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អ្នកស្រី ជា រដ្ឋា ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឧក្រិដ្ឋ​ឱ្យ​ជាប់​គុក​១៨ឆ្នាំ​ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត លើ​ម្ដាយ​មីង​របស់​អតីត​បវរកញ្ញា ទេសចរណ៍ និង​ជា​តារា​សម្ដែង អ្នកនាង អ៊ិន សុលីដា ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​លោក ព្រមទាំង​តែងតាំង​ខ្មាន់​កាំភ្លើង​បាញ់​កម្មករ គឺ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ជា​អគ្គនាយក​រង​ចំណុះ​ក្រសួងមហាផ្ទៃ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។