សមត្ថកិច្ចបានបញ្ជូនអ្នកជាប់ឃុំជាង ១.៣០០នាក់ ក្នុងចំណោមជាង ១.៦០០នាក់ ដែលបានដឹកជម្លៀសចេញពីជំនន់ទឹកភ្លៀង ត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារខេត្តបន្ទាយមានជ័យវិញជិតអស់ហើយ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ឲ្យដឹងថា រហូតមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ថា នៅសល់អ្នកជាប់ឃុំជិត ៣០០នាក់ផ្សេងទៀត នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ និងពន្ធនាគារ ខេត្តឧត្តរមានជ័យ នៅមិនទាន់បញ្ជូនត្រឡប់ទៅវិញទេ។
កាលពីអំឡុងទឹកជន់លិចពន្ធនាគារ ក្នុងខែតុលាកន្លងមកនេះ អ្នកជាប់ឃុំសរុបទាំងជាង ១.៦០០នាក់សមត្ថកិច្ចបានបែងចែក យកទៅដាក់នៅពន្ធនាគារខេត្តកំពង់ធំ សៀមរាប ខេត្តឧត្តរមានជ័យ និងខ្លះទៀត យកទៅដាក់នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
គិតត្រឹមខែឧសភា អ្នកជាប់ឃុំក្នុងពន្ធនាគារនៅទូទាំងប្រទេស មានចំនួន ជិត ៣ម៉ឺន ៩ពាន់នាក់ (៣៨.៩១១នាក់) ក្នុងនោះ អ្នកមិនទាន់កាត់ទោស មានចំនួនជិត ១ម៉ឺន ៤ពាន់នាក់ (១៣.៧២៩)។ អ្នកជាប់ឃុំប្រមាណមួយភាគបី (១/៣) នៃចំនួនសរុបអ្នកជាប់ឃុំទាំងអស់ គឺពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។