លោក បណ្ឌិត កែម ឡី មុន​ពេល​ស្លាប់​អះអាង​ថា លោក ហ៊ុន សែន មិន​មែន​ជា​មេ​ដឹកនាំ​ពូកែ​ដោះ​ស្រាយ​បញ្ហា​ទេ តែ​ពូកែ​ខាង​បង្ក្រាប

ដោយ ទីន ហ្សាការីយ៉ា
2022.07.07
លោក បណ្ឌិត កែម ឡី មុន​ពេល​ស្លាប់​អះអាង​ថា លោក ហ៊ុន សែន មិន​មែន​ជា​មេ​ដឹកនាំ​ពូកែ​ដោះ​ស្រាយ​បញ្ហា​ទេ តែ​ពូកែ​ខាង​បង្ក្រាប បណ្ឌិត កែម ឡី ដែល​ពលរដ្ឋ​ស្គាល់​ថា ជា​អ្នក​វិភាគ​ពី​បញ្ហា​នយោបាយ និង​សង្គម​ឥត​សំចៃ​មាត់ នៅ​ក្នុង​វេទិកា​អ្នកស្ដាប់វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ២០១៤។
រូប៖ RFA

បណ្ឌិត កែម ឡី ដែល​ពលរដ្ឋ​ស្គាល់​ថា ជា​អ្នក​វិភាគ​ពី​បញ្ហា​នយោបាយ និង​សង្គម​ឥត​សំចៃ​មាត់ តែងតែ​លាត​ត្រដាង​អាថ៌​កំបាំង​មួយ​ចំនួន ដែល​រដ្ឋាភិបាល ឬ​លោក ហ៊ុន សែន លាក់​បាំង​នោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ មិនមែន​ចង់​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន និង​ប្រជាពលរដ្ឋ​មាន​សេចក្ដី​សុខ​ឡើយ។

លោក បណ្ឌិត កែម ឡី បាន​វិភាគ​នៅ​ពេល​នោះ​ថា លោក ហ៊ុន សែន បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជាពលរដ្ឋ គាបសង្កត់ បិទ​សិទ្ធិ​សេរីភាព និង​ប្រើប្រាស់​ស្ថាប័ន​រដ្ឋ​សំខាន់ៗ មួយ​ចំនួន​ទៀត ដើម្បី​ឲ្យ​បម្រើ​មហិច្ឆតា​អំណាច​របស់​លោក និង​ក្រុម​គ្រួសារ។ លោក បណ្ឌិត កែម ឡី ជំរុញ​ឲ្យ​ពលរដ្ឋ និង​បញ្ញវន្ត ងើប​ឈរ​ឡើង ដើម្បី​សេរីភាព​របស់​ខ្លួន។

សូម​លោក​អ្នក​នាង​ស្ដាប់​សម្រង់​សំដី​របស់​លោក បណ្ឌិត កែម ឡី ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី នៅ​មុន​ពេល​លោក​ស្លាប់ អំពី​បញ្ហា​នេះ៖

លោក បណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់អស់រយៈពេល៦ឆ្នាំទៅហើយក្ដី ក៏​ប៉ុន្តែ ការ​វិភាគ​របស់​លោក​មក​ទល់​ពេល​នេះ ហាក់​មិន​ទៅ​ណា​ឆ្ងាយ​ពី​អ្វី ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ។

លោក បណ្ឌិត កែម ឡី បាន​ព្យាករ​កាល​ពី​មុន​ពេល​លោក​ស្លាប់​ថា ពលរដ្ឋ​ខ្មែរ​មិន​អាច​រំពឹង​រស់នៅ​ក្រោម​ដំបូល​ដឹក​នំា​របស់​លោក ហ៊ុន សែន មាន​សេចក្ដី​សុខ​ឡើយ។ លោក​បន្ថែម​ថា លោក ហ៊ុន សែន ធ្វើ​អ្វីៗ ដើម្បី​តែ​ក្រុម​គ្រួសារ និង​បក្ខពួក​របស់​លោក​តែ​ប៉ុណ្ណោះ។ រីឯ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​វិញ លោក​ធ្វើ​កំណែ​ទម្រង់ ៥ចំណុច​សំខាន់ៗ ក្នុង​ទិសដៅ​ពង្រឹង​អំណាច​ក្រុម​បក្ខពួក​របស់​ខ្លួន៖ «»

មិន​ខុស​ពី​លោក​បណ្ឌិត កែម ឡី ធ្លាប់​បាន​អះអាង​នេះ​ឡើយ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រឹម​តែ​ត្រួតត្រា​ប្រជាពលរដ្ឋ មិន​ឲ្យ​ងើប​រើ​បម្រះ​នោះ​ទេ សូម្បី​តែ​ព្រះមហាក្សត្រ​ក៏​លោក ហ៊ុន សែន គាប​សង្កត់​ដែរ។ លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា ទោះ​ជា​ម៉ែ​ស្ដេច ឪ​ស្ដេច​ក៏​លោក​មិន​ខ្លាច​ដែរ។

នៅ​ត្រង់​ចំណុច​នេះ អតីត​ទីប្រឹក្សា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មនុស្ស​ឆេវឆាវ ហើយ​លោក​ហ៊ាន​ធ្វើ​អ្វីៗ គ្រប់​បែប​យ៉ាង ដែល​មនុស្ស​គ្រប់​គ្នា​មិន​ហ៊ាន​ធ្វើ៖ «»

កាល​ពី​បណ្ឌិត កែម ឡី នៅ​មាន​ជីវិត លោក​ធ្លាប់​ដឹកនាំ​ពលរដ្ឋ សម្ដែង​មតិ​បាន​ខ្លះ ដូចជា ថ្ងៃ​ស្រុក​ពណ៌​ខ្មៅ​ជា​ដើម ដើម្បី​សម្ដែង​មតិ និង​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ដែល​ជាប់​ពន្ធនាគារ​កាល​ណោះ។ តែ​ឥឡូវ​នេះ ការ​ជួបជុំ​មិន​អាច​ធ្វើ​បាន​ដូច​មុន​ទៀត​ឡើយ អាជ្ញាធរ​រឹតត្បិត និង​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ និង​បង្ក្រាប​ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​ក្រុម​បាតុករ​ណាហ្គា​ជា​រៀងរាល់​ថ្ងៃ​ជា​ដើម។ បណ្ឌិត កែម ឡី បាន​ផ្ដែផ្ដាំ​ទៅ​លោក ហ៊ុន សែន ថា បើសិនជា​ធ្វើ​ជា​មេ​ដឹកនាំ​ខ្លាច​ការ​សម្ដែង​មតិ​នោះ គួរតែ​ជ្រើសរើស​មុខ​របរ​ដាំ​ដំឡូង​វិញ​ទៅ​ប្រសើរ​ជាង៖ «»

ទាក់ទង​នឹង​បញ្ហា​នេះ លោក​បណ្ឌិត កែម ឡី អះអាង​ថា បើ​សិន​ជា​របប​លោក ហ៊ុន សែន នៅ​តែ​បន្ត​រឹតត្បិត និង​ទប់​ស្កាត់​បែប​នេះ លោក​អះអាង​ថា នឹង​មាន​ចលនា​មហាជន​នឹង​ផ្ទុះ​ធំ​ឡើង​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន៖ «»

ងាក​ទៅ​មើល​អំពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន វិញ លោក បណ្ឌិត កែម ឡី បាន​លើក​ឡើង​ថា លោក ហ៊ុន សែន មិន​មែន​ជា​មេ​ដឹកនាំ​ពូកែ​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ តែ​លោក​ជា​មេ​ដឹកនាំ​ពូកែ​ខាង​បង្រ្កាប។ ទោះជា​លោក ហ៊ុន សែន ពូកែ​ខាង​បង្ក្រាប​ជាង​ការ​ដោះ​ស្រាយ​បញ្ហា​បែប​នេះ​ក្ដី តែ លោក បណ្ឌិត កែម ឡី បញ្ជាក់​ថា ពុំ​មាន​ន័យ​ថា មិន​អាច​បង្ក្រាប​ឲ្យ​ពលរដ្ឋ​នៅ​ស្ងៀម​បាន​ឡើយ៖ «»

ការ​លើក​ឡើង​របស់​លោក បណ្ឌិត កែម ឡី នេះ មិន​ខុស​ទៅ​អ្វី​ដែល​កំពុង​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ។ ដ្បិត​តែ​គេ​មើល​ឃើញ​ថា សមត្ថកិច្ច​លោក ហ៊ុន សែន បង្ក្រាប​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ សកម្មជន​បរិស្ថាន សកម្មជន​ព្រំដែន កម្មករ​ណាហ្គាវើលដ៍ តែ​សកម្មភាព​ឈឺ​ឆ្អាល​អំពី​បញ្ហា​សង្គម​នេះ ហាក់​មិន​ថមថយ​ឡើយ។ បញ្ហា​នេះ លោក បណ្ឌិត កែម ឡី លើក​ឡើង​ថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​របប​លោក ហ៊ុន សែន គាប​សង្កត់​ប្រជាពលរដ្ឋ​មិន​បន្ធូរ​ដៃ​បែប​នេះ ក៏​អាច​មក​ពី​ប្រជាពលរដ្ឋ និង​ក្រុម​បញ្ញវន្ត​មិន​រួបរួម​គ្នា​ដែរ។ បណ្ឌិត កែម ឡី បាន​អំពាវនាវ​នៅ​មុន​ពេល​លោក​ស្លាប់​ថា ល្មម​ដល់​ពេល​ក្រុម​បញ្ញាជន​ងើប​ឈរ​ឡើង ដើម្បី​តតាំង និង​អំណាច​ជិះជាន់​ផ្ដាច់ការ​បែប​នេះ​ហើយ៖ «»

នៅ​ទន្ទឹង​នឹង​បណ្ឌិត កែម ឡី អំពាវនាវ​ដល់​ក្រុម​បញ្ញាជន​ងើប​ឈរ​ឡើង​បែប​នេះ​ក្ដី តែ​រយៈ​ពេល ៦ឆ្នាំ​កន្លង​មក​នេះ ក្រោយ​ពី​បាត់បង់​រូប​លោក​មក សកម្មភាព​របស់​ក្រុម​បញ្ញវន្ត​ហាក់​មិន​ទាន់​រួបរួម​គ្នា​ជា​កម្លាំង​តែ​មួយ ដើម្បី​ប្រឆាំង​នឹង​ការ​ជិះជាន់​នេះ​នៅ​ឡើយ ចំពោះ​បណ្ឌិត កែម ឡី ខ្លួន​ឯង​វិញ ហាក់​បាន​ត្រៀម​ខ្លួន​រួច​ទៅ​ហើយ កាល​ពី​ឆ្នំា២០១៥ នោះ​ថា ការ​ហ៊ាន​និយាយ​ការ​ពិត និង​ងើប​ឈរ​ប្រឆាំង​នឹង​អំណាច​ជិះជាន់​នេះ​អាច​គ្រោះថ្នាក់​ដល់​ខ្លួន​ឯង​វិញ​នៅ​ពេល​ណា​មួយ។ លោក បណ្ឌិត កែម ឡី បាន​និយាយ​នៅ​ពេល​នោះ​ថា លោក​បាន​ត្រៀម​វីសា ឬ​ទិដ្ឋាការ​ចំនួន​បី​រួច​ហើយ​ទៅ​ហើយ៖ «»

ទោះបីជា​បណ្ឌិត កែម ឡី បាន​ត្រៀម​វីសា​ចំនួន​បី​នេះ​រួច​ទៅ​ហើយ​ក្ដី ក៏​ប៉ុន្តែ​ទំនង​ជា​លោក​ស្មាន​មិន​ដល់​ថា ឃាតក​បាន​បាញ់​ប្រហារ​លោក​ឲ្យ​ទៅ​នៅ​វត្តព្រះពុទ្ធ​លឿន​ពេក​ដូច្នេះ​ទេ។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​លោក ជុន ច័ន្ទបុត្រ បណ្ឌិត កែម ឡី បាន​ប្រៀបធៀប​រួប​លោក ដូច​ទៅ​នឹង​អ្នក​រូត​វាំងនន​ឲ្យ​គេ​បាន​មើល​ឃើញ​កីឡាករ​ប្រដាល់​នៅ​លើ​សង្វៀន​តែ​ប៉ុណ្ណោះ៖«»

ឃាតក​បាញ់​សម្លាប់​លោក បណ្ឌិត កែម ឡី គឺ​ពីរ​ថ្ងៃ​បន្ទាប់​ពី​លោក​ចូលរួម ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាលពីថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១៦ ដែល​និយាយ​អំពី អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) រក​ឃើញ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន បាន​ក្ដោបក្ដាប់​ជំនួញ និង​មាន​ទ្រព្យ​សម្បត្តិ​ដ៏​សន្ធឹកសន្ធាប់​នៅ​កម្ពុជា។ នេះ​ក៏​ជា​កម្មវិធី​ចុង​ក្រោយ ដែល​លោក​បាន​ចូលរួម​វិភាគ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ដែរ។ លោក បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា កូនៗ លោក ហ៊ុន សែន កាន់កាប់​ក្រុមហ៊ុន​ឯកជន​ផង និង​មាន​តួនាទី​ក្នុង​រដ្ឋាភិបាល​ផង ដូច​ជា លោក ហ៊ុន ម៉ាណែត ជា​ការ​បញ្ជា​ទ័ព​កំពូល រីឯ​ភរិយា​របស់​លោក​របស់​លោក​វិញ កាន់​មុខ​ជំនួញ មាន​ទ្រព្យ​សម្បត្តិ​មហាសាល ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍​ជា​ដើម៖ «»

រយៈ​ពេល ៦ឆ្នាំ មក​នេះ របប​លោក ហ៊ុន សែន នៅ​តែ​បន្ត​គាប​សង្កត់​ប្រជាពលរដ្ឋ និង​ចាប់ចង​យុវជន​ដាក់​ពន្ធនាគារ​ដដែល។ លោក បណ្ឌិត កែម ឡី ធ្លាប់​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ងើប​ឈរ​ឡើង​ទាំង​អស់​គ្នា ដោយ​លោក​បាន​ផ្ដែផ្ដាំ​ថា “បើ​អ្នក​មិន​ធ្វើ​អ្វី​ទាល់តែ​សោះ ក៏​គង់​តែ​ទទួល​រង​គ្រោះ​ដែរ គ្រាន់​តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ៕”



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បញ្ចេញ​សារ​រឿង​បដិសេធ​យុវជន​ម្នាក់​នៅ​ជប៉ុន​ស្នើ​សុំ​ធ្វើជា​ទីប្រឹក្សា​ជា​នយោបាយ​ប្រជាភិថុតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។