អ្នក​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ជួបជុំ​ដាក់​កម្រង​ផ្កា​នៅ​កន្លែង​ឃាតកម្ម​កាល​ពី​៧​ឆ្នាំ​មុន

ដោយ អាស៊ីសេរី
2023.07.10
អ្នក​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី ជួបជុំ​ដាក់​កម្រង​ផ្កា​នៅ​កន្លែង​ឃាតកម្ម​កាល​ពី​៧​ឆ្នាំ​មុន មន្ត្រី​គណបក្ស​ភ្លើងទៀន យុវជន​បរិស្ថាន​ស្លៀកពាក់​អាវស ខ្លះ និង​អាវប្រឡាក់​ឈាម​ខ្លះ អម​នឹង​រូបថត​បណ្ឌិត កែម ឡី ដេក​ស្លាប់​ក្នុង​ត្លុក​ឈាម ​នឹង​សំណេរ​ថា "ឈាម​នៃ​ការ​ពិត" កាលពីថ្ងៃទី១០ កក្កដា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​ដាក់​កម្រង​ផ្កា​​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ ​លោក​បណ្ឌិត​កែម ឡី នៅកន្លែង ដែល​ឃាតកម្ម​ដ៏​រន្ធត់​កើត​ឡើង​កណ្ដាល​ទី​ក្រុង​ភ្នំពេញ កាល​ពី ៧ឆ្នាំមុន។ យុវជន​ចាត់​ទុក​ថ្ងៃ​ទី១០ កក្កដា ជា​ថ្ងៃ​សេរីភាព​នៃ​ការ​និយាយ​ការពិត។ ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​ថា អាជ្ញាធរ​ត្រូវតែ​បង្ហាញ​ឲ្យ​សាធារណជន​ដឹង​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​ការ​ស៊ើបអង្កេត​លើ​សំណុំ​រឿង​ឃាតកម្ម​នេះ​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ និង​ត្រូវ​វែក​មុខ​រក​ជនល្មើស​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

យុវជន សកម្មជន អ្នកនយោបាយ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សហជីព និង​ពលរដ្ឋ ដែល​គោរព​ចំពោះ​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី ប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃទី១០ កក្កដា បាន​ជួប​ជុំ​គ្នា​ដាក់​កម្រង​ផ្កា នៅមុខ​ហាង​កាហ្វេ ហាង​សាំង​កាល់តិច (Caltext) កណ្ដាល​ក្រុង​ភ្នំពេញ ទី​កន្លែង​ដែល​លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី ៧ឆ្នាំ​មុន ។

7th_Anniversary_071023_1.jpg
អ្នក កែម ឡី និយម ១០០នាក់ ជួប​ជុំ​គ្នា​ដាក់​កម្រង​ផ្កា រម្លឹកខួបមរណភាពបណ្ឌិត កែម ឡី ​នៅមុខ​ហាង​កាហ្វេ និង​ហាង​សាំង​កាល់តិច (Caltext) បូកគោ រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ រូបពីពលរដ្ឋ

យុវជន​បរិស្ថាន​ដែល​ពាក់​អាវ​ប្រឡាក់​ឈាម អម​នឹង​រូបគំនូរ​បណ្ឌិត កែម ឡី ដេក​ស្លាប់​ក្នុង​ត្លុក​ឈាម ក្រោយ​ឃាតក​បាញ់ ជាមួយ​នឹង​សំណេរ​ថា «ឈាម​នៃ​ការ​ពិត» បាន​នាំគ្នា​ដើរ​ដង្ហែ​តាម​ផ្លូវ​ពី​ក្រសួង​កសិកម្ម សំដៅ​ទៅ​កន្លែង​មរណភាព​របស់​អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​ល្បីល្បាញ។ ពួក​គេ​បាន​កំណត់​យក​ថ្ងៃ​ទី១០ កក្កដា ដាក់​ក្នុង​ប្រតិទិន​របស់​អ្នក​ប្រជាធិបតេយ្យ អ្នក​ស្រឡាញ់​យុត្តិធម៌ និង​អ្នក​ស្រឡាញ់​ការពិត​ជា​ថ្ងៃ​នៃ​សេចក្ដី​ក្លាហាន ហើយ​ពួក​គេ​ចងចាំ និង​រំលឹក​ថ្ងៃ​នេះ​ជា​រៀងរាល់​ឆ្នាំ។

យុវជន​ចលនា​មាតា​ធម្មជាតិ កញ្ញា លាង សុវណ្ណា បាន​អាន​លិខិត​ចំហ ជូន​ចំពោះ​លោក​បណ្ឌិត​កែម ឡី ថា អស់​រយៈពេល ៧ឆ្នាំ​ហើយ ដែល​ជនល្មើស​បាន​សម្លាប់​លោក ដែល​មិន​អាច​ធ្វើ​បទវិភាគ​ជូន​ប្រជាជន​ស្ដាប់​បន្ត​ទៀត​បាន ហើយ​ការ​បាត់បង់​រូប​លោក ជា​ការ​បាត់បង់​ដ៏​ធំធេង​សម្រាប់​ពលរដ្ឋ​ខ្មែរ។ កញ្ញា​បន្ត​ទៀត​ថា ទោះ​បី​ជា​បណ្ឌិត​នៅ​ស្រុកខ្មែរ​មាន​ច្រើន​រាប់​ពាន់​នាក់ ប៉ុន្តែ បណ្ឌិត​ដែល​ហ៊ាន​លះ​បង់​កម្លាំង​កាយ​ចិត្ត និង​ជីវិត ដើម្បី​សិទ្ធិ​សេរីភាព​របស់​ប្រជាជន មិន​មាន​ច្រើន​ទេ។

កញ្ញា លាង សុវណ្ណា៖ «គឺ​ជា​ថ្ងៃ ១០ កក្កដា ឆ្នាំ​នោះ​ហើយ ដែល​បាន​ផ្លាស់​ប្ដូរ​ជីវិត​ពួក​យើង​មកទល់​ពេល​នេះ ពួក​យើង​បាន​ក្លាយ​ខ្លួន​ជា​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ យុវជន​ស្ម័គ្រចិត្ត ការ​តស៊ូ​មតិ ដើម្បី​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​ខ្មែរ។ ពួក​យើង​ហ៊ាន​និយាយ​ដោយ​មាន​មោទនភាព​ថា លោក​បណ្ឌិត គឺ​ជា​អ្នក​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​មួយ​រូប​ដល់​យុវជន​ខ្មែរ អ្វី​ដែល​ពួក​យើង​ធ្វើ​មក​ទល់​សព្វ​ថ្ងៃ សុទ្ធ​តែ​មាន​ចំណែក​របស់​លោក​បណ្ឌិត ឈាម​របស់​លោក​បណ្ឌិត​នឹង​ហូរ​មិន​អស់​នោះ​ទេ ឈាម​នៃ​ការ​ពិត​នឹង​រត់​ចេញ​ពី​សរសៃ​ឈាម​នៃ​យុវជន​ខ្មែរ។ ឈាម​នេះ នឹង​ហូរ​ពាសពេញ​ស្រុក​ខ្មែរ​រហូត​លេច​ជន​កុហក​បោកប្រាស់​ប្រជាជន លេច​ពួក​ឃាតក​ចិត្ត​ខ្មៅ លេច​មនុស្ស​ចិត្ត​ឃោរឃៅ លេច​មនុស្ស ដែល​មិន​ស្គាល់​ពាល ឬ​បណ្ឌិត។ លោក​បណ្ឌិត​ច្បាស់​ណាស់​ឃាតក ដែល​បាន​ធ្វើ​បាប​លោក ប្រាកដ​ជា​មនុស្ស​ដែល​ខ្លាច​ការ​ពិត បី​ដូច​បី​សាច​ខ្លាច​ពន្លឺ​ថ្ងៃ​គេ​សម្លាប់​លោក​បណ្ឌិត​ដោយ​គិត​ថា នឹង​អាច​បាំង​បិទ​ការ​ពិត​បាន។ ប៉ុន្តែ​ពួក​គេ​យល់​ខុស​ហើយ»

ស្រដៀងគ្នា​នេះ យុវជន​ចលនា​មាតា​ធម្មជាតិ​ម្នាក់​ទៀត គឺ​លោក ថុន រដ្ឋា ថ្លែង​ដោយ​ទឹក​ភ្នែក​ថា ទឹក​ភ្នែក​របស់​លោក​ហូរ គឺ​ដោយ​សារ​តែ​លោក​រីករាយ​ចំពោះ​ការ​លះបង់​របស់​លោក​បណ្ឌិត កែម ឡី ហើយ​ការ​លះបង់​នេះ​ជា​គំរូ​ដ៏​អស្ចារ្យ។ លោក​បន្ត​ថា ទោះបីជា​លោក​ជាប់​ពន្ធនាគារ ដែល​ជា​កន្លែង​ធ្វើ​ទារុណកម្ម បំបិទ​សិទ្ធិ​សេរីភាព ក៏​ប៉ុន្តែ​នៅ​តែ​អាច​ជួបជុំ​ប្រពន្ធ និង​កូន​តូច​បាន ប៉ុន្តែ​លោក​បណ្ឌិត មិន​មាន​ឱកាស​ទេ។ លោក​បន្ទរ​ថា វីរភាព​របស់​លោក​បណ្ឌិត នឹង​បន្ត​នៅ​ដក់​ជាប់​ក្នុង​ចិត្ត​របស់​យុវជន​ខ្មែរ​គ្រប់​រូប។

លោក ថុន រដ្ឋា៖ «លោក​បណ្ឌិត កែម ឡី សូម​កើត​ជា​ខ្មែរ​រហូត... លោក​បណ្ឌិត កែម ឡី សូម​កើត​ជា​ខ្មែរ​រហូត... ពួក​យើង​ចងចាំ​វីរភាព​ដ៏​អស្ចារ្យ​របស់​លោក​បណ្ឌិត។ ពួក​យើង​នឹង​បន្ត​និយាយ​ការ​ពិត អំពី​បញ្ហា​សង្គម ទោះ​ជា​មាន​ការ​គំរាម​កំហែង​យ៉ាង​ណា​ក៏​ដោយ។ អរគុណ​លោក​បណ្ឌិត ដែល​បាន​លះបង់ ដ៏​មហិមា​សម្រាប់​ពួក​យើង។ យើង​នឹង​ចងចាំ​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី»

ក្រៅពី​យុវជន ក៏​មាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន ដឹកនាំ​ដោយ​អនុប្រធាន​គណបក្ស គឺ​លោក រ៉ុង ឈុន និង​មន្ត្រី​សង្គម​ស៊ីវិល សហជីព ប្រជា​ពលរដ្ឋ​តាម​ដាន​បញ្ហា​សង្គម​ផ្សេង​ទៀត បាន​ចូលរួម​ដាក់​កម្រងផ្កា រំលឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី និង​ទាមទារ​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​លោក​បណ្ឌិត។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន មានប្រសាសន៍ថា ៧ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី បាន​កន្លង​ផុត​ទៅ ក៏​ប៉ុន្តែ​យុត្តិធម៌​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។ លោក​ជំរុញ​អាជ្ញាធរ​ឱ្យ​ ស្វែងរក​ជនល្មើស​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង នៃ​ឃាតកម្ម​ទៅ​លើ​បណ្ឌិត កែម ឡី យក​មក​ទទួល​ទោស​តាមច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​លោក។

លោក រ៉ុង ឈុន៖ «មិន​ត្រូវ​ឲ្យ​អំពើ​និទ្ធនភាព​បន្ត​នៅ​កម្ពុជា​យើង​បន្ត​ទៅ​ទៀត​ទេ ត្រូវ​តែ​លុប​បំបាត់​ឃើញ​ហើយ​៧ឆ្នាំ​មក​ដល់​ពេល​នេះ គ្រាន់​តែ​ចាប់​ឃាតក​សិប្បនិមិត្ត​យក​មក​ធ្វើ​ជា​ឡែឡំ ហើយ​យុត្តិធម៌​ពិតប្រាកដ​មិន​ទាន់​បាន​ផ្ដល់​ឲ្យ។ ដូច្នេះ យើង​សង្ឃឹម​ថា រដ្ឋាភិបាល ក៏​ដូច​ជា អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវ​ធ្វើ​ម៉េច ដើម្បី​វែក​មុខ រក​ឃាតក និង​អ្នក​នៅ​ក្រោយ​ខ្នង ដើម្បី​ផ្ដល់​យុត្តិធម៌​ទៅ​ដល់​សព​លោក​បណ្ឌិត កែម ឡី ក៏​ដូចជា សាច់ញាតិ និង​មិត្ត​រួម​ការងារ ក៏​ដូចជា ប្រជាពលរដ្ឋ ដែល​ទន្ទឹង​រង់ចាំ​យុត្តិធម៌»

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា និង​អ្នកនាំពាក្យ​ស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន អ្នកនាំពាក្យ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ លោក អ៊ី រិន្ទ និង​អ្នកនាំពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១០ កក្កដា។

ប៉ុន្តែ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ឆ្នាំ២០២០ ថា មន្ត្រី​នគរបាល​យុត្តិធម៌​មិន​បាន​ស៊ើបអង្កេត​រឿង​នេះ​ទៀត​ទេ ព្រោះ​គ្មាន​បញ្ជា​ពី​តុលាការ។

លោក ឆាយ គឹមខឿន៖ «យើង​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ប្រសិន​បើ​ព្រះរាជអាជ្ញា ឬ​តុលាការ​មិន​ចេញ​បញ្ជា​អ្វី​ថ្មី យើង​អត់​មាន​ធ្វើ​អ្វី​ទៀត​ទេ។ ដោយ​ឡែក អ្នក​ដែល​មិន ​អស់​ចិត្ត អ្នក​មិន​សុខ​ចិត្ត​ហ្នឹង គាត់​គ្រាន់​តែ​បញ្ចេញ​ទស្សនៈ ការ​យល់​ឃើញ​ជា​ឯកជន​របស់​គាត់​ទេ តែ​គាត់​ក៏​អត់​មាន​ឆន្ទានុសិទ្ធិ​ ឬ​គ្មាន​អំណាច​ដូច​តុលាការ​​ដើម្បី​បញ្ជា​មក​ឱ្យ​​ខាង​មន្ត្រី​យុត្តិធម៌​​អនុវត្ត​ដែរ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា តុលាការ​គួរតែ​បង្ហាញ​ឲ្យ​សាធារណជន បាន​ឃើញ​ពី​ការ​តាំង​ចិត្ត​ក្នុង​ការ​ស្វែងរក​ជនល្មើស​ពិត មក​ទទួល​ទោស​តាម​ច្បាប់។ លោក​បន្ថែម​ថា ក្នុង​នាម​ជា​អាជ្ញាធរ មាន​តួនាទី​ជា​អ្នក​ស្វែងរក​យុត្តិធម៌ ជូន​ជន​រងគ្រោះ​ឲ្យ​អស់​ពី​លទ្ធភាព និង​ឆាប់​រហ័ស ហើយ​ប្រសិន​ជា​ធ្វើ​មិន​ទាន់​ពេលវេលា​នោះ អាជ្ញាធរ​ត្រូវ​តែ​បង្ហាញ​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​រាំង​ស្ទះ​នោះ។

លោក ស៊ឹង សែនករុណា៖ «កាតព្វកិច្ច​ផ្លូវ​ច្បាប់​ក្នុង​រឿង​ព្រហ្មទណ្ឌ មិនមែន​កាតព្វកិច្ច​របស់​ជនរងគ្រោះ មិនមែន​កាតព្វកិច្ច​គ្រួសារ មិនមែន​កាតព្វកិច្ច​អង្គការ​សង្គម​ស៊ីវិល ឬ​ប្រជាពលរដ្ឋ​ទេ។ អញ្ចឹង​កាតព្វកិច្ច​អ្នកណា? គឺ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស តុលាការ​ហ្នឹង​ឯង។ អញ្ចឹង​យើង​ចាំ​បាច់​មាន​សមត្ថកិច្ច​ទទួលខុសត្រូវ​អនុវត្តន៍​ច្បាស់​ធ្វើ​អ្វី ?មាន​តុលាការ​ធ្វើ​អ្វី? អញ្ចឹង​មាន​តែ​បន្ទុក​ហ្នឹង​ទៅ​លើ​គ្រួសារ​ដដែល​ហ្នឹង អា​ហ្នឹង​ម៉េច​គេ​ហៅថា ប្រព័ន្ធ​ដឹកនាំ​ប្រទេស​មួយ ដែល​បាន​មាន​ភាព​ត្រឹមត្រូវ អា​ហ្នឹង​វា​ត្រូវតែ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ហ្នឹង គឺ​ជា​អ្នកធានា ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន​សម្រាប់​យុត្តិធម៌​សង្គម​ទាំង​គ្នា​បាទ»

នៅថ្ងៃទី១០កក្កដា ដដែល​នេះ សហភាព​ផ្ទះ​សាមគ្គី ក៏​បាន​រៀប​ចំ​ពិធី​រំលឹក​ខួប ៧ឆ្នាំ​នៃ​មរណភាព​របស់​បណ្ឌិត កែម ឡី ដែរ។ ក្នុង​ពិធី​នេះ មាន​ព្រះសង្ឃ ៥អង្គ សូត្រធម៌​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី និង​មានការ​ចូលរួម​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សហជីព និង​យុវជន​ប្រមាណ ៥០នាក់។ ក្រៅ​ពី​ពិធី​តាម​បែប​សាសនា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សហជីព បាន​ថ្លែង​សារ អំពី​ការ​គោរព​ស្រឡាញ់ ចំពោះ​លោក​បណ្ឌិត កែម ឡី និង​បាន​លើកឡើង​ថា បើ​ទោះ​ជា​លោក​បណ្ឌិត​បាន​ស្លាប់​ទៅ​ហើយ​ក្ដី ក៏​ប៉ុន្តែ​បទ​វិភាគ ការ​បញ្ចេញ​ទស្សនៈ គំនិត យោបល់​របស់​លោក នៅតែ​ដក់​ជាប់​ក្នុង​ចិត្ត​របស់​ពលរដ្ឋ ពោល​គឺ គ្រប់​គ្នា​សុទ្ធតែ​ចងចាំ​វីរភាព​របស់​បណ្ឌិត កែម ឡី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្សី ចោទថា លោក ឃ្លាំង ហួត ជា​អ្នក​សម្លាប់ លោក លិម គិមយ៉ា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។