ការ​កាប់​សម្លាប់​គ្នា​រវាង​ជនជាតិ​ចិន​មួយ​ចំនួន «កំពុង​បង្ក​អសន្តិសុខ និង​សណ្ដាប់​ធ្នាប់​សង្គម»

ដោយ មាន ឫទ្ធិ
2024.09.30
ការ​កាប់​សម្លាប់​គ្នា​រវាង​ជនជាតិ​ចិន​មួយ​ចំនួន «កំពុង​បង្ក​អសន្តិសុខ និង​សណ្ដាប់​ធ្នាប់​សង្គម» អគ្គស្នងការនគរបាលជាតិ លោក ស ថេត (រូប​កណ្ដាល) ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ស ថេត

អ្នកឃ្លាំមើល​ថា អំពើ​ឧក្រិដ្ឋកម្ម​កាប់​សម្លាប់​គ្នា​រវាង​ជនជាតិ​ចិន នឹង​ជន​ជាតិ​ចិន​មួយ​ចំនួន កំពុង​បង្ក​អសន្តិសុខ និង​ភាព​គ្មាន​សណ្ដាប់​ធ្នាប់​ក្នុង​សង្គម។ ការ​លើកឡើង​នេះ បន្ទាប់​ពី​សមត្ថកិច្ច​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចាប់​បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ចំនួន​២ក្រុម បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២៩ ខែ​កញ្ញា ថា ឧក្រិដ្ឋកម្ម​ទាំង​នេះ កំពុង​បង្ក​ក្ដី​បារម្ភ​ដល់​ពលរដ្ឋ ជា​ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។

លោក អំ សំអាត៖ «ករណី​ជាច្រើន ដែល​កើត​ឡើង​អំពី​ជនជាតិ​ចិន​និង​ជនជាតិ​ចិន មាន​ទាំង​ការ​បាញ់​សម្លាប់ និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា មាន​ទាំង​សម្លាប់​ដោយ​អាវុធ និង​ឧបករណ៍​ផ្សេងៗ ដូចជា​ការ​ចាប់​ជំរិត​ជាដើម រវាង​ជនជាតិ​ចិន​និង​ជនជាតិ​ចិន។ អ៊ីចឹង​បញ្ហា​បទ​ល្មើស​ទាំង​នេះ បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព សណ្ដាប់​ធ្នាប់ សន្តិសុខ​សង្គម ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច ហើយ​មិន​មែន​មាន​តែ​ពលរដ្ឋ​ទេ បើ​ករណី​ទាំង​អស់​នេះ កើត​ឡើង​ច្រើន​វា​ជះ​ឥទ្ធិពល​ផង​ដែរ​ដល់​វិស័យ​ទេសចរណ៍ ជាពិសេស​ភ្ញៀវ​ទេសចរ​អន្តរជាតិ»

ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​២៨ ខែ​កញ្ញា បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន ៦​នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​វាយ​កាប់​ចាក់​គ្នា បណ្ដាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​បាត់បង់​ជីវិត កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា។

កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឱ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា សមត្ថកិច្ច​ខណ្ឌ​ចំការមន កាល​ពី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី២៥ ខែ​កញ្ញា បាន​ចុះ​បង្ក្រាប​ករណី​កាប់​ចាក់​គ្នា​រវាង​ជនជាតិ​ចិន​ចំនួន​២ក្រុម ក្នុង​នោះ​មួយ​ក្រុម​មាន​គ្នា​ចំនួន​៧នាក់ និង​មួយ​ក្រុម​ទៀត​មាន​គ្នា​ចំនួន​២នាក់ ប្រដាប់​ដោយ​ដំបង​ទីប​ជ្រុង និង​កាំបិត​ចុង​ស្រួច បណ្ដាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​ស្លាប់ នៅ​ទីតាំង​ខាង​មុខ​ផ្សារ​ព្រីន ថាមស្វែរ (Prince Times Square) ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ នៃ​អំពើ​ហិង្សា​ទៅ​វិញ​ទៅ​មក​នេះ គឺ​កើត​ឡើង​ពី​ជនជាតិ​ចិន​មាន​គ្នា ៧នាក់ បាន​ទៅ​ទារ​លុយ​ពី​ជនជាតិ​ចិន​មាន​គ្នា​២នាក់ ហើយ​ឈាន​ដល់​ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​ភាគី​ទាំង​ពីរ ។ បន្ទាប់​មក​ជនជាតិ​ចិន​មាន​គ្នា ៧​នាក់​បាន​ព្រួត​គ្នា​វាយ​លើ​ភាគី​ម្ខាង​ទៀត ដែល​មាន​គ្នា​២នាក់ និង​ចុង​ក្រោយ​ជនជាតិ​ចិន​មាន​គ្នា​២នាក់​នោះ បាន​រត់​ចូល​ទៅ​ក្នុង​ហាង រួច​យក​កាំបិត​ចាក់​ទៅ​លើ​ក្រុម​ជនជាតិ​ចិន​មាន​គ្នា ៧នាក់ បណ្ដាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​បាត់បង់​ជីវិត។ ករណី​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សាកសួរ​ពី​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី២៩ ខែ​កញ្ញា។

អំពើ​ឧក្រិដ្ឋកម្ម​ដូចជា ការ​កាប់​សម្លាប់​គ្នា អំពើ​បាញ់​បោះ​ដោយ​សេរី​តាម​ទី​សាធារណៈ និង​ការ​ចាប់​ជំរិត​ញាត់​មនុស្ស​បញ្ចូល​ឡាន​ជាច្រើន​ករណី​ផ្សេង​ទៀត បាន​កើតឡើង​នៅ​តាម​បណ្ដា​រាជធានី​ខេត្ត​មួយ​ចំនួន ជាពិសេស​ខេត្ត​ព្រះសីហនុ ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​មួយ​ចំនួន​កាល​ពី​ពេល​កន្លង​ទៅ ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ផ្ដល់​អនុសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម ដែល​បង្ក​ឡើង​ដោយ​ជន​បរទេស រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធ ជាតិ​ផ្ទុះ និង​លុប​បំបាត់​អំពើ​ពុករលួយ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។