ក្រសួង​ការងារ​ព្រមាន​ប្រើ​តុលាការ​ចាត់​វិធានការ​លើ​ថ្នាក់​ដឹកនាំ​សហជីព​​ណាហ្គាវើលដ៍​ឡើង​វិញ

ដោយ ថា ថៃ
2022.07.29
Share on WhatsApp
Share on WhatsApp
ក្រសួង​ការងារ​ព្រមាន​ប្រើ​តុលាការ​ចាត់​វិធានការ​លើ​ថ្នាក់​ដឹកនាំ​សហជីព​​ណាហ្គាវើលដ៍​ឡើង​វិញ ក្រុម​កូដករ​ប្រមាណ ៥០នាក់ ប្រមូល​ផ្ដុំ​គ្នា​ខាង​មុខ​ក្រសួង​ដើម្បី​តាមដាន និង​រង់ចាំ​ស្ដាប់​លទ្ធផលពី​​កិច្ចប្រជុំ​រវាង​មន្ត្រី​ក្រសួង​​ការងារ និង​ថ្នាក់ដឹកនាំ​សហជីព​ណាហ្គាវើលដ៍​ចំនួន ៤រូប នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២២។
រូបភាពពីពលរដ្ឋ

ក្រសួង​ការងារ​ព្រមាន​ប្រើ​ប្រព័ន្ធ​តុលាការ​ចាត់ការ​លើ​ថ្នាក់ដឹកនាំ​សហជីព​ណាហ្គាវើលដ៍ (Naga World ) ឡើង​វិញ ប្រសិន​បើ​ពួក​គេ​មិន​អាច​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក។ ក្រុម​កូដករ ​អះអាង​ថា ទោះបីជា​ក្រសួង​ព្រមាន​បែប​នេះ​ក្ដី ក៏​ពួក​គាត់​មិន​អាច​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​បាន​ទេ ប្រសិន​បើ​គ្មាន​ដំណោះស្រាយ​វិវាទ​ការងារ​ឲ្យ​បាន​សមរម្យ។

ថ្នាក់ដឹកនាំ​សហជីព ​និង​ក្រុម​កូដករ​ណាហ្គាវើលដ៍​សោក​ស្តាយ ចំពោះ​ក្រសួង​ការងារ ដែល​ហៅ​ពួកគាត់​ទៅ​ព្រមាន​ចាត់​វិធានការ​ច្បាប់ តែ​មិន​ជួយ​រក​ដំណោះស្រាយ​វិវាទ​ការងារ​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​​ប្រកប​ដោយ​យុត្តិធម៌។

ថ្នាក់ដឹកនាំ​សហជីព​ណាហ្គាវើលដ៍​ចំនួន ៤រូប នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែកក្កដា បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ការងារ នៅ​ទីស្ដីការ​របស់​ក្រសួង​តាម​លិខិត​អញ្ជើញ ខណៈ​ក្រុម​កូដករ​ប្រមាណ ៥០នាក់​ទៀត ប្រមូល​ផ្ដុំ​គ្នា​ខាង​មុខ​ក្រសួង​ដើម្បី​តាមដាន និង​រង់ចាំ​ស្ដាប់​លទ្ធផល។ ថ្នាក់​ដឹកនាំ​សហជីព និង​កូដករ​អះអាង​ថា ដំបូង​ឡើយ ពួក​គាត់​រំពឹង​ថា នឹង​ទទួល​បាន​ដំណោះស្រាយ​ជា​វិជ្ជមាន ព្រោះ​ក្រសួង​កោះ​ហៅ​ពួក​គាត់​ទៅ​ប្រជុំ​រក​ដំណោះស្រាយ​ជា​បន្ទាន់។ តែ​ផ្ទុយ​ទៅ​វិញ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ គ្រាន់តែ​ហៅ​ពួកគាត់​ទៅ​ព្រមាន​អំពី​ការ​ប្រើ​ប្រព័ន្ធ​តុលាការ និង​ការ​បង្ខំ​ឲ្យ​កូដករ ព្រម​ទទួល​យក​សំណង​ហើយ​ទៅ​រក​ការងារ​វិញ។

អនុប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម សុខន ថ្លែង​នៅ​មុខក្រសួង​ការងារ​ថា កិច្ចប្រជុំ​រវាង​តំណាង​កម្មករ ​និង​តំណាង​ក្រសួង​ការងារ​ដឹកនាំ​ដោយ​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​បាតុកម្ម កូដកម្ម នៅ​តាម​គ្រប់​មុខ​សញ្ញា​លោក ទេស រុក្ខាផល នោះ ពុំ​មាន​លទ្ធ​ផល​ផ្លែផ្កា​អ្វី​ទាំង​អស់។ កញ្ញា​រៀបរាប់​ថា តំណាង​ក្រសួង​ការងារ គ្រាន់​តែ​ហៅ​ពួក​គាត់ ទៅ​រំលឹក​ថា តំណាង​កម្មករ​ទាំង ១១នាក់ ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ តុលាការ​អាច​នឹង​ដំណើរ​រឿង​នេះ​ក្ដី​ឡើង​វិញ ប្រសិន​បើ​កូដករ ​នៅតែ​តវ៉ា​បន្ត​ទៀត។ ប៉ុន្តែ​អនុ​ប្រធាន​សហជីព​រូប​នេះ ឆ្លើយ​តប​ថា ពួក​គាត់​នឹង​ពាំនាំ​សារ​របស់​ក្រសួង​ទៅ​ប្រាប់​កូដករ ប៉ុន្តែ​ពួក​គាត់​គ្មាន​សិទ្ធិ​បង្គាប់​បញ្ជា​ឲ្យ​កូដករ​បញ្ឈប់​កូដកម្ម​បាន​ឡើយ៖ «ក្រសួង​ហៅ​មក​រំលឹកទី១ ​គឺ​ប្រាប់​ពី​ការដែល​យើង​ផ្ដិត​មេដៃ ចេញ​មក​ក្រៅ​ឃុំ ហើយ​ទី២ ប្រាប់​ពី​នីតិវិធី​របស់​តុលាការ ។ ទី៣ ពិភាក្សា​អំពី​ជំនួប​ទាំង ១៤លើក ដែល​យើង​ជួប​កន្លង​មក​ហើយ​ស្នើសុំ​ឲ្យ​ភាគី​យើង​ហ្នឹង ​បន្ទន់​ឥរិយាបថ​ហើយ ​កុំ​ធ្វើ​អី​ឲ្យ​វា​លក្ខណៈ​មើល​ទៅ​មាន​បន្ទុក​មក​លើ​ក្រុម​ពួក​ខ្ញុំ​ដែល​ជាអ្នក​ទើប​ចេញពី​មន្ទីរឃុំឃាំង​ឲ្យ​ដឹង​ថា ខ្លួន​យើង​ គឺ​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ​នៅឡើយ​ទេ»

តំណាង​កម្មករ ​ក៏បាន​លើក​ឡើង​ថា ​ក្រុម​កូដករ ក៏​មិន​ចង់​ធ្វើ​កូដកម្ម​ដែរ ​ប្រសិនបើ​មាន​ដំណោះ​ស្រាយ​សមរម្យ​អាច​ទទួល​យក។ តំណាង​កម្មករ ​យល់ថា​ ក្រសួង​ការងារ គួរតែ​ជំរុញ​ទៅ​ភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​ជា​អ្នក​បង្ក​បញ្ហា​ចង់​រំលាយ​សហជីព​នោះ​ឲ្យ​បន្ទន់​ជំហរ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​នេះ​តាមរយៈ​ការ​ទទួល​យក​បុគ្គលិក និង​ថ្នាក់​ដឹកនាំ​សហជីព​ជាង ១០០នាក់ ចូល​ធ្វើ​ការ​វិញ។

ទាក់ទង​ករណី​នេះ ​វិទ្យុអាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អគ្គលេខាធិការ​រង​នៃ​អគ្គ​លេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​បាតុកម្ម កូដកម្ម នៅ​តាម​គ្រប់​មុខសញ្ញា​​ លោក ទេស រុក្ខាផល បាន​ទេ នៅ​ថ្ងៃ​ទី២៩ ខែកក្កដា។

កូដករ​ណាហ្គាវើលដ៍​មួយ​រូប​ អ្នកនាង ម៉ម សុវឌ្ឍិន ហៅអាទីន ថ្លែង​ថា ជា​រឿង​ហួស​ចិត្ត​ដែល​ក្រសួង​ការងារ​ហៅ​តំណាង​របស់​ពួកគាត់​ទៅ​ព្រមាន​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ តុលាការ​បែបនេះ​។អ្នកនាង ​បន្ត​ថា ប្រសិនបើ​គ្មាន​ដំណោះស្រាយ​សមរម្យ​ទេ ​ពួកគាត់ គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​បន្ត​ធ្វើ​កូដកម្ម​ឡើយ៖ «ពី​ដំបូង​ឡើយ បើ​យើង​ចេះ​យក​កញ្ចប់​លុយ​បញ្ចប់​រឿង​នោះ យក​បាត់​ទៅ​ហើយ​មិន​ចាំ​ដល់​ថ្នាក់​តំណាង ត្រូវ​ជាប់​គុក​ហើយ​ពួក​ខ្ញុំ​ត្រូវ​គេ​វាយ​រាល់​ពេល​ចេញ​កូដកម្ម​អ៊ីចឹង​ទេ។ ប៉ុន្តែ​ដោយសារ​សិទ្ធិ​សេរីភាព​សហជីព ដោយ​ក្រុមហ៊ុន​រើសអើង​ហ្មង​ហ្នឹង។ ដល់​អ៊ីចឹង​បើ​ឲ្យ​ពួក​ខ្ញុំ​បោះ​បង់ ប្រៀប​ដូចជា​បោះ​បង់​សិទ្ធិ ខ្លួន​ឯង​អ៊ីចឹង។ យើង​អត់​ចង់​បាន​ការ​ដោះ​ស្រាយ​បែប​ហ្នឹង​ទេ។សូម​ឲ្យ​អ្នកកោះ​ហៅ​ទៅ​ដូចជា ក្រសួង​ការងារ ហៅ​ទៅ​ដើម្បី​តែ​រំលឹក​ថា ជាប់​ទោសៗ ហើយ​ចុះ​អត់​មាន​ហៅ​ទៅ​រក​ដំណោះស្រាយ​ច្រក​ចេញ​មួយ​ណា​សមស្រប​ឲ្យ​ភាគី​កម្មករ ​និង​ក្រុមហ៊ុន​ទទួល​យក​បាន​មាន​ន័យ​ឈ្នះៗ ទាំង​អស់​គ្នា អត់​ទេ ឬ​ក៏​គាត់​អសមត្ថភាព​ដោះ​ស្រាយ»

វិវាទ​ការងារ​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​ល្បែង​ដ៏​ធំ នៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​មេ​ដឹកនាំ​កំពូលៗ នៃ​រដ្ឋាភិបាល​កម្ពុជា​នេះ បាន​អូស​បន្លាយ​រយៈ​ពេល​ជិត ១ឆ្នាំ​មក​ហើយ ​ដោយ​ផ្ដើម​ចេញ​ពី​ក្រុមហ៊ុន បាន​បញ្ឈប់​បុគ្គលិក​ជាង ១ពាន់ ៣រយ​នាក់​ភាគ​ច្រើន​ជា​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព។ ចេតនា​របស់​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ចង់​រំលាយ​សហជីព​ឯករាជ្យ ក្រោម​ការ​ដឹកនាំ​របស់​កញ្ញា ឈឹម ស៊ីថរ ​ដែល​ចេញ​មុខ​ការពារ​សិទ្ធិ និង​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ ជាពិសេស​ប្រាក់​ឈ្នួល​សមរម្យ​ជូន​កម្មករ។វិវាទ​ការងារ​នេះ​ឈាន​ដល់​ការ​ចាប់​ខ្លួន​ថ្នាក់ដឹកនាំ​និង​សកម្មជន​សហជីព ១១នាក់ ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​កាលពី​ដើម​ឆ្នាំ២០២២ ដោយ​ចោទ​ពី​បទ​ញុះញង់ និង​ល្មើសច្បាប់​កូវីដ-១៩ នៅ​ពេល​ពួកគេ​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​ធ្វើ​កូដកម្ម​អហិង្សា​ទាមទារ​ដំណោះស្រាយ​។ក្រោយ​មាន​ការរិះគន់​ធ្ងន់ៗ ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​តុលាការ​សម្រេច​ដោះ​លែង​អ្នក​ទាំង ១១នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ពាក់​កណ្ដាល​ខែមីនា​កន្លង​ទៅ ប៉ុន្តែ​ត្រូវ​សន្យា​មិន​ចូលរួម​ដឹកនាំ​ការ​តវ៉ា និង​ប្រាប់​ឲ្យ​កូដករ រក្សា​ភាព​ស្ងប់ស្ងាត់ ដើម្បី​ជួប​ចរចា​រក​ដំណោះស្រាយ។ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ជួប​ចរចា​១៤លើក កន្លងមក ​នៅតែ​គ្មាន​លទ្ធផលវិជ្ជមាន ​ដោយសារ​ក្រសួង​ការងារ និង​ក្រុមហ៊ុន តែង​បង្ខំ​ឲ្យ​បុគ្គលិក ទូទាត់​ប្រាក់​ឈ្នួល​ហើយ​រក​ការងារ​ថ្មី។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ មានប្រសាសន៍​ថា ក្រសួង​ការងារ គួរតែ​ខិតខំ​រក​ដំណោះ​ស្រាយ​តាម​ច្បាប់ ឬ​រក​ជម្រើស​ថ្មី​សមរម្យ​សម្រាប់​ភាគី​ទាំង​សងខាង ​ដោយ​មិន​គួរ​ប្រើ​វិធី​គំរាម​ថ្នាក់ដឹកនាំ​សហជីព​ដោយ​ប្រយោល​នោះ​ទេ៖ «ដែល​វិវាទ​នេះ​នៅ​តែ​មានការ​អូស​បន្លាយ​ពេល​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​គឺ ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ហើយ​នឹង​ជម្រើស​ឲ្យ​មាន​ការ​ទទួលយក បាន​ពី​ភាគី​ពាក់ព័ន្ធ​ហើយ​ជម្រើស​នេះ គួរតែ​ខាង​ក្រសួង​នេះ គួរតែ​មានការ​ដើរ​តួនាទី សម្របសម្រួល​ ជាជាង​ប្រើប្រាស់​តែ​វិធានការ​គំរាម ​វិធានការ​ក្នុង​ការ​យក​ជម្រើស តុលាការ។ វិវាទ​ការងារ​គឺ​យើង​ដឹង​ហើយ​ថា ការ​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ កើត​ចេញ​ពី​ការ​សម្បទាន​គ្នា ហើយ​ក្របខ័ណ្ឌ​ផ្លូវច្បាប់ ​យើង​ត្រូវ​ដោះ​ស្រាយ​នៅ​ក្នុង​កម្រិត​សម្បទាន​ផ្នែក​ក្របខ័ណ្ឌ​ផ្លូវច្បាប់​កុំ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​សិទ្ធិ​ភាគី​ណា​មួយ​ជា​ដាច់ខាត។ ត្រូវតែ​ទទួល​យក​ទាំង​សងខាង»

ជាង ៧ខែមក​នេះ ការ​តស៊ូ​ធ្វើ​កូដកម្ម​អហិង្សា​របស់​កូដករ​ណាហ្គាវើលដ៍​នៅ​ជាប់​របង​រដ្ឋសភា​ និង​ក្បែរ​ភូមិគ្រឹះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​នោះ ​មិន​ត្រឹម​តែ​គ្មាន ដំណោះស្រាយ​ទេ ​ថែមទាំង​ទទួលរង​ការ​បង្ក្រាប​ដោយ​ហិង្សា​ជាបន្តបន្ទាប់​រហូត​បណ្ដាល​ឲ្យ​កូដករ​មួយ​ចំនួន​ រង​របួស​ធ្ងន់ធ្ងរ និង​មាន​ស្ត្រី​កូដករ​ម្នាក់​រលូត​កូន​ក្នុង​ផ្ទៃ។ ទាំង​ភាគី​ក្រុមហ៊ុន ​ទាំង​លោក​ ហ៊ុន សែន ​និង​តំណាង​រាស្ត្រ​បក្ស​កាន់អំណាច ​បាន​ធ្វើ មិន​ដឹង​មិន​ឮ ចំពោះ​សម្រែក​របស់​ក្រុម​កូដករ និង​ថែមទាំង​បង្កើន​ការ​លាប​ពណ៌ ការ​គំរាម​កំហែង ​និង​បញ្ជា​ឲ្យ​កងកម្លាំង​បង្ក្រាប​កូដករ​កាន់តែ​ខ្លាំង​ថែម​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​កូដករ​នៅ​តែ​មិន​បោះ​បង់​ការ​តស៊ូ​របស់​ពួកគាត់​ឡើយ​ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​សមរម្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​ជួប​អ្នក​គាំទ្រ នៅ​បុរី​ញូវយ៉ក ខណៈ​គណបក្ស​ប្រឆាំង​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។