សមាគមខ្មែរក្រោមថា ស្ថានទូតប្រទេសប្រជាធិបតេយ្យមួយចំនួនឆ្លើយតបនឹងញត្តិសុំអន្តរាគមន៍រឿងដីធ្លីនៅខេត្តក្រមួនស
2020.06.06

សមាគមខ្មែរក្រោមថា មានស្ថានទូតប្រទេសប្រជាធិបតេយ្យ មួយចំនួន ទាំងនៅប្រទេសកម្ពុជា និងប្រទេសវៀតណាម បានឆ្លើយតបនឹងញត្តិសុំអន្តរាគមន៍ករណីជម្លោះដីធ្លីរបស់ខ្មែរក្រោម នៅខេត្តក្រមួនស។ អង្គការសមាគម សហព័ន្ធខ្មែរកម្ពុជាក្រោម បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បន្តជំរុញឱ្យប្រទេសវៀតណាម ប្រគល់ដីស្រែប្រមាណ ១០០ហិកតារ ឱ្យខ្មែរក្រោមវិញ។
សមាគមខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោមដែលកំពុងប្រឈមការបាត់បង់ដីធ្លី លើកឡើងថា ការឆ្លើយតបរបស់បណ្ដាស្ថានទូតប្រទេសប្រជាធិបតេយ្យនៅពេលនេះ ជាសញ្ញាវិជ្ជមានមួយថែមទៀតចំពោះករណីជម្លោះដីធ្លីរបស់ពួកគេ។
អគ្គលេខាធិការសមាគមខ្មែរក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ លោក សឺន ជុំជួន ដែលតាមដានដំណើររឿងនេះ ឱ្យអាស៊ីសេរីដឹងថា បណ្ដាស្ថានទូតនៃប្រទេសទាំងនោះបានលើកឡើងថា ពួកគេនឹងពិនិត្យលទ្ធភាពបញ្ជូនញត្តិរបស់សមាគមខ្មែរក្រោមទៅ ស្ថានទូតរបស់គេនៅវៀតណាមឱ្យពិនិត្យមើលករណីជម្លោះដីធ្លីនេះ។ ប៉ុន្តែ លោក សឺន ជុំជួន សុំមិនបង្ហាញឈ្មោះស្ថានទូតនៃប្រទេសទាំងនោះទេ។
កាលខែឧសភា សមាគមលោកបាន ដាក់ញត្តិសុំអន្តរាគមន៍ទៅបណ្ដាស្ថានទូតប្រទេសសេរីនិងប្រទេសម្ចាស់ជំនួយធំៗជំរុញទៅប្រទេសវៀតណាមឱ្យគោរពសិទ្ធិពលរដ្ឋខ្មែរក្រោមដែលជាជនជាតិដើមរស់នៅលើទឹកដីកម្ពុជាក្រោម និងត្រូវប្រគល់ដីស្រែប្រមាណ ១០០ហិកតារ ឱ្យខ្មែរក្រោមវិញ៖ «មានទូតខ្លះគេឆ្លើយដែរ ប៉ុន្តែយើងសុំមិននិយាយឈ្មោះទូតចុះគេថា ពិចារណាលទ្ធភាពដែលគេបញ្ជូនទៅ»។
កាលពីថ្ងៃទី៥ ខែឧសភា អាជ្ញាធរវៀតណាមរួមមាន៖ ប៉ូលិស ទាហានដែលប្រដាប់ដោយអាវុធបានចុះទៅរឹបអូសយកដីជាង ១០០ហិកតារធ្វើជាកម្មសិទ្ធិរបស់រដ្ឋ ពីពលរដ្ឋខ្មែរក្រោមកំពុងប្រើប្រាស់ស្ថិតក្នុងភូមិប៉ប្រក់ ឃុំប៉ប្រក់ ស្រុកកៀងលឿង ខេត្តក្រមួនស ដែលវៀតណាមបានប្ដូរឈ្មោះមកជាខេត្តកៀងយ៉ាង។ ការបណ្ដេញចេញនេះ បង្កឱ្យមានអំពើហិង្សា និងបណ្ដាលឱ្យពលរដ្ឋខ្មែរក្រោមជាង១០នាក់រងបួសធ្ងន់ និងស្រាល។ ពលរដ្ឋខ្មែរក្រោមឱ្យដឹងថា ពួកគេបានអាស្រ័យផលលើដីនោះតាំងពីអំឡុងឆ្នាំ១៩៧៣ មកម្ល៉េះ ប៉ុន្តែអាជ្ញាធរវៀតណាមមិនព្រមធ្វើប័ណ្ណកម្មសិទ្ធិឱ្យនោះទេ។ទោះបីជាយ៉ាងណា ពលរដ្ឋខ្មែរក្រោមដែលរងគ្រោះដោយសារតែការបណ្ដេញចេញពីដីធ្លី លោក សឺន ចាំង ប្រាប់ថា មកដល់ពេលនេះ មិនទាន់ឃើញអាជ្ញាធរវៀតណាមចុះមកដោះស្រាយជូនពលរដ្ឋខ្មែរក្រោមនៅឡើយ ហើយពលរដ្ឋខ្មែរក្រោមក៏មិនទាន់ហ៊ានបង្កបង្កើនផលលើដីជម្លោះនោះនៅឡើយដែរ។ លោកសង្ឃឹមថា បើសហគមន៍អន្តរជាតិ ជំរុញទៅរដ្ឋាភិបាលវៀតណាមឱ្យប្រគល់ដីមកពលរដ្ឋខ្មែរក្រោមវិញ នឹងអាចធ្វើអាជ្ញាធរវៀតណាមយល់ព្រមធ្វើតាម៖ «មានតែស្នើទៅអន្តរជាតិធ្វើអន្តរាគមន៍ជួយខ្មែរក្រោមផង»។
ពលរដ្ឋខ្មែរក្រោមរូបនេះឱ្យដឹងដែរថា តំណាងពលរដ្ឋខ្មែរក្រោមបានដាក់ញត្តិទៅអាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត និងរដ្ឋាភិបាលវៀតណាម រួចហើយ កាលពីខែឧសភា ហើយអាជ្ញាធរខេត្តក្រមួនស បានឆ្លើយតបថា ពួកគេទទួលបានញត្តិនោះហើយ។ លោកថា នេះជាលើកដំបូងហើយដែលអាជ្ញាធរវៀតណាមបានឆ្លើយ និងយល់ព្រមទទួលញត្តិរបស់ខ្មែរក្រោម។
ជាមួយគ្នានេះ លោក សឺន ចាំង បានរិះគន់រដ្ឋាភិបាលកម្ពុជាថា មិនបានខ្វល់ខ្វល់ពីសុខទុក្ខខ្មែរក្រោម ដូចរដ្ឋាភិបាលខ្វាយខ្វល់ពីសុខទុក្ខជនជាតិវៀតណាមនៅលើទឹកដីកម្ពុជាឡើយ។ លោកថា ពលរដ្ឋខ្មែរក្រោមជួបបញ្ហាដីធ្លី ឬការបណ្ដេញចេញពីដីធ្លីជាច្រើនឆ្នាំមកហើយ តែមិនដែលឃើញរដ្ឋាភិបាលកម្ពុជា ឬតំណាងស្ថានទូតខ្មែរនៅប្រទេសវៀតណាម ជួយអន្តរាគមន៍ ឬចុះមកសួរពួកគាត់ម្ដងណាឡើយ។
ទាក់ទងករណីបណ្ដេញចេញនេះ អាស៊ីសេរីបានផ្ញើសំនួរសារតាមប្រព័ន្ធអេឡិចត្រូនិកទៅស្ថានទូតវៀតណាម ប្រចាំទីក្រុងភ្នំពេញ ចាប់តាំងពី ថ្ងៃទី០៧ ខែឧសភា ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបវិញនៅឡើយទេ មកដល់ពេលនេះ។
ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និយាយថា ពលរដ្ឋខ្មែរក្រោមឋិតនៅក្រោមការគ្រប់គ្រងនៃដែនអធិបតេយ្យរបស់វៀតណាម ដូច្នេះលោកសង្ឃឹមថា អាជ្ញាធរវៀតណាម ឬតុលាការវៀតណាមនឹងផ្ដល់យុត្តិធម៌ដល់ពលរដ្ឋខ្មែរក្រោម៖ «ត្រូវគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកគ្មានអ្វីក្រៅពីសុំឱ្យតុលាការ ប្រជាពលរដ្ឋដែលជួបបញ្ហាហ្នឹងទាក់ទងតាមរយៈតុលាការប៉ុណ្ណោះ»។
ទោះបីយ៉ាងណាមន្ត្រីសិទ្ធិមនុស្សខ្មែរក្រោម លោក សឺន ជុំជួន លើកឡើងថា ពលរដ្ឋខ្មែរក្រោមជាខ្មែរ ហើយពួកគេនៅតែចាត់ទុករដ្ឋាភិបាលកម្ពុជា ជាឪពុកម្ដាយរបស់ពួកគាត់ដដែល ដូច្នោះរដ្ឋាភិបាលខ្មែរត្រូវតែជួយអន្តរាគមន៍ដោះស្រាយការរំលោភបំពានដីពលរដ្ឋខ្មែរក្រោមនេះ៕