កាសែតរស្មីកម្ពុជា ដែលមានវ័យចំណាស់ជាង ៣០ឆ្នាំ និងមាននិន្នាការគាំទ្ររបបក្រុងភ្នំពេញ បានប្រកាសផ្អាកបោះពុម្ពផ្សាយជាបណ្តោះអាសន្នដោយមិនបានជូនដំណឹងជាមុន ដែលធ្វើឱ្យបុគ្គលិកមួយចំនួនមិនពេញចិត្ត ចំពោះវិធានការរបស់ថ្នាក់ដឹកនាំ។
អតីតបុគ្គលិកអ្នកកាសែតរស្មីកម្ពុជាមួយរូប ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ មានបញ្ជាក់ប្រាប់អាស៊ីសេរីថា អ្នកគ្រប់គ្រងបានកោះហៅបុគ្គលិកមកប្រជុំ រួចហើយប្រកាសផ្អាកការបោះពុម្ពផ្សាយតែម្តង ដោយគ្មានជូនដំណឹងអ្វីទាំងអស់។
លោកថា តាមច្បាប់ការងាររាល់ការសម្រេចផ្អាកបោះពុម្ពផ្សាយ ឬក៏កាត់រំសាយបុគ្គលិកត្រូវជូនដំណឹងយ៉ាងតិច ៣ខែមុន តាមច្បាប់ការងារ ដើម្បីឱ្យបុគ្គលិកទាំងអស់ត្រៀមខ្លួនទុកជាមុន។ លោកបានរិះគន់ទង្វើរបស់ថ្នាក់ដឹកនាំនេះថា មិនត្រឹមត្រូវ ដែលលោកមិនអាចទទួលយកបាន។
ទាក់ទិននឹងបញ្ហានេះ និពន្ធនាយកកាសែតរស្មីកម្ពុជា លោក ទាវ សារៈមុន្នី មានប្រសាសន៍ថា មូលហេតុដែលការរស្មីកម្ពុជាសម្រេចផ្អាកបោះពុម្ពផ្សាយជាបណ្ដោះអាសន្ននេះ គឺដោយសារតែបញ្ហាហិរញ្ញវត្ថុ និងការកែសម្រួលផ្ទៃក្នុង ដើម្បីឱ្យសមស្របទៅនឹងការវិវឌ្ឍថ្មី។
លោកថា សម្រាប់គេហទំព័រកាសែតរស្មីកម្ពុជា គឺនៅបើដំណើរការធម្មតា ដោយឡែកសម្រាប់ការបោះពុម្ពផ្សាយវិញ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ដោយកាត់បន្ថយបុគ្គលិកជាង ៦០នាក់ ក្នុងចំណោមបុគ្គលិកទាំងអស់ជាង ១០០នាក់។
លោកបន្ថែមថា សម្រាប់បុគ្គលិកដែលត្រូវផ្អាកពីការងារគឺក្រុមហ៊ុន បានផ្តល់ប្រាក់អតីតភាពការងារ និងប្រាក់សោហ៊ុយប៉ះប៉ូវការងារ ទៅតាមច្បាប់របស់ក្រសួងការងារ៖ «សម្រាប់ខ្ញុំគិតថា ជាការវិវត្តន៍មួយក្នុងវិស័យព័ត៌មាន ការផ្សព្វផ្សាយតាមបែបប្រពៃណី យើងមានហានិភ័យខ្ពស់ប្រសិនបើយើងមិនមានអ្វីផ្សេងទៀត ដើម្បីជួយប៉ះប៉ូវវាទេ។ យើងធ្វើបោះពុម្ពតែមួយមុខអត់អាចទៅរួចទេ»។
កាសែតរស្មីកម្ពុជា បានបោះពុម្ពផ្សាយលើកដំបូងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៩៣។ កាសែតនេះត្រូវបានអ្នកអានចោទប្រកាន់ថា បានលម្អៀងទៅរករដ្ឋាភិបាលកម្ពុជា ហើយរិះគន់គោលនយោបាយរបស់បក្សប្រឆាំង។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេបូចា (CamboJA) លោក ណុប វី មានប្រសាសន៍ថា សារព័ត៌មានណា ដែលមិនបានឆ្លើយតបតាមតម្រូវការពីអ្នកអានទេ ភាគច្រើននឹងប្រឈមមុខបិទទ្វារ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកមើលឃើញថា ក្នុងពេលបច្ចុប្បន្ននេះ សារព័ត៌មានបោះពុម្ពផ្សាយ មិនអាចប្រកួតប្រជែងជាមួយសារព័ត៌មានអនឡាញ (Online) បានទេ។
លោកថា ប្រសិនបើសារព័ត៌មានបោះពុម្ពផ្សាយទាំងនោះមិនធ្វើបច្ចុប្បន្នភាពរបស់ខ្លួន ទៅតាមតម្រូវការរបស់អ្នកអានទេ នោះអាចនឹងត្រូវបិទជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។