សមត្ថកិច្ច​ខេត្ត​ឧត្តរមានជ័យ​ឃាត់​ខ្លួន​បុរស​ម្នាក់​ដោយ​សង្ស័យ​ថា ជា​អ្នក​ដាក់​បង្កៃ​គ្រាប់​រ៉ុកកែត​នៅ​ក្រោយ​សាលា​រៀន

ដោយ ជុន ច័ន្ទបុត្រ
2019-06-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្នងការ​ដ្ឋាន​នគរបាលខេត្ត​ឧត្តរ​មានជ័យ
ស្នងការ​ដ្ឋាន​នគរបាលខេត្ត​ឧត្តរ​មានជ័យ
ស្នងការ​ដ្ឋាននគរបាល ខេត្ត​ឧត្តរ​មានជ័យ

សមត្ថកិច្ច​ខេត្ត​ឧត្តរ​មានជ័យ ឃាត់​ខ្លួន​បុរស​ម្នាក់ ដោយ​សង្ស័យ​ថា ជា​អ្នក​ដាក់​បង្កៃ​គ្រាប់​រ៉ុកកែត ប្រភេទ​បេ៤០ និង​ដេការ ៧៥ នៅ​ក្រោយ អនុវិទ្យាល័យ​រួត​ចំប៉ី ស្ថិត​ក្នុង​សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង។ ជន​សង្ស័យ​មាន​ឈ្មោះ ហេង ចន្ថា ជា​អតីត​យោធា​នៅ​វរ​សេនា​តូច​លេខ ៤០២។

ការ​ឃាត់​ខ្លួន​យក​មក​សាកសួរ​នេះ​ ធ្វើ​ឡើង ១ថ្ងៃ បន្ទាប់​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ​ខិត​ខំ​ស្រាវ​ជ្រាវ​ និង​តាម​ចាប់​ឲ្យបាន​អ្នក​ប្រព្រឹត្ត​ ដើម្បី​យក​ទៅ​ផ្ដន្ទា​ទោស​តាម​ច្បាប់។

ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​ លោក ឡឹក សុខា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ទេ ដោយ​​ប្រាប់​យ៉ាង​ខ្លី​ថា​ សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ចប់​ការ​ស៊ើប​អង្កេត​​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី១៦ មិថុនា ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​មាន​គ្រាប់​រ៉ុកកែត​ បេ​៤០ (B40) ស្ថិត​នៅ​ខាង​ក្រោយ​អនុវិទ្យាល័យ​រួត​ចំប៉ី ស្ថិត​នៅ​ភូមិ​រួត​ចំប៉ី សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ។ បន្ទាប់​ពី​ចុះ​ត្រួត​ពិនិត្យ​រួច​មក សមត្ថកិច្ច​ឧត្តរមានជ័យ អះអាង​ថា គ្រាប់​ប្រភេទ​បេ​៤០ (B40) គឺ​ផលិត​នៅ​ប្រទេស​សូវៀត ​មាន​ចំនួន ៤គ្រាប់ និង​គ្រាប់​ដេកា (DK) ១គ្រាប់។

សមត្ថកិច្ច​ថា ​គ្រាប់​ទាំង​នោះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ យក​ទៅ​កប់​ក្នុង​រណ្ដៅ និង​ចាក់​រំសេវ មាន​បី​កន្លែង​ផ្សេង​ពី​គ្នា​ ដោយ​ចម្ងាយ​ពី​កន្លែង​មួយ​ទៅ​មួយ​កន្លែង ប្រវែង ១០ម៉ែត្រ។ ចំណែកគ្រាប់​ដេកា​ (DK) មាន​ចម្ងាយ​១រយ​ម៉ែត្រ ពី​គ្រាប់​បេ​៤០។ បន្ទាប់​ពី​នោះ កម្លាំង​ជំនាញ​នៃ​អង្គការ​ស៊ីម៉ាក់ (CMAC) បាន​ចុះ​ទៅ​ដោះ​គ្រាប់​ទាំង​អស់​នោះ​ យក​ទៅ​រក្សាទុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល