ព្រះមហាក្សត្រ​យល់​ព្រម​ដាក់​បញ្ចូល​ថ្ងៃ​ដែល​វៀតណាម​ឈ្លានពាន​កម្ពុជា​ជា​ថ្ងៃ​បុណ្យ​ជាតិ

ដោយ ជុន ច័ន្ទបុត្រ
2019.01.05
នរោត្តម សីហមុនី ​បុណ្យ​ឯករាជ្យ​ជាតិ​ ៦២២ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (រូប​កណ្ដាល) ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ចូលរួម​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី៦២ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA

ព្រឹត្តិបត្រ​ដំណឹង​ថ្មី​របស់​រដ្ឋាភិបាល​វៀតណាម បាវមឺយ (baimoi) ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៩ នេះ​សរសេរ​ថា ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហមុនី ទើប​ទ្រង់​យល់ព្រម​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អោយ​មាន​ថ្ងៃបុណ្យ​សំខាន់​បី​នៅ​កម្ពុជា។

ទី​១ ទទួលស្គាល់​ថ្ងៃ​២១ មិថុនា ឆ្នាំ​១៩៧៨ ថា​ជា​ទិវា​ដែល​លោក ហ៊ុន សែន បាន​ទៅ​សុំ​អោយ​វៀតណាម អោយ​មក​ជួយ​កម្ពុជា។

ទី​២ អោយ​ទទួល​ស្គាល់​ថ្ងៃ​៧​មករា ១៩៧៩ ថា​ជា​ថ្ងៃបុណ្យ ដែល​វៀតណាម​ចូល​រំដោះ​ប្រជារាស្ត្រ​ខ្មែរ​ចេញពី​របប ប៉ុល ពត ហើយ​ថា គឺជា​ស្នាដៃ​កងទ័ព​វៀតណាម សហការ​ជាមួយ​កងទ័ព​ខ្មែរ។

ទី​៣ ទទួលស្គាល់​ថ្ងៃ​២៩ ធ្នូ ១៩៩៩ ថា​ជា​ទិវា​ឈ្នះ​ឈ្នះ ដែល​បាន​បញ្ចប់​សង្គ្រាម​រវាង​ខ្មែរ​នឹង​ខ្មែរ។

ព្រឹត្តិបត្រ​បន្ត​ថា ទិវា​បី​ដែល​នាយករដ្ឋមន្ត្រី និង​ព្រះមហាក្សត្រ​ខ្មែរ​ទទួល​យល់ព្រម​ថា ជា​ទិវា​បុណ្យ​ដ៏​សំខាន់​នេះ វា​ជា​មោទនភាព​មួយ​សម្រាប់​ប្រទេស​វៀតណាម ដ្បិត​វា​ជា​តឹកតាង​បង្ហាញ​ថា សហគមន៍​អន្តរជាតិ និង​ប្រទេស​កម្ពុជា​ខ្លួនឯង​ផ្ទាល់ ទទួលស្គាល់​យ៉ាង​ពេញទំហឹង នូវ​ភាព​ស្រប​ច្បាប់ ចំពោះ​ការ​ដែល​ប្រទេស​វៀតណាម​បញ្ជូន​កងទ័ព​មក​ប្រទេស​កម្ពុជា​នៅ​ដើម​ឆ្នាំ​១៩៧៩ ហើយ​និង​នៅ​ជួយ​ប្រទេស​នេះ១០ ឆ្នាំ​បន្ត​ទៀត។

ថ្វី​ដ្បិត​តែ​មាន​ការ​អះអាង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​វៀតណាម និង​លោក ហ៊ុន សែន ព្រមទាំង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក អំពី​អត្ថន័យ​នៃ​ថ្ងៃ​៧ មករា ក្ដី សហគមន៍​អន្តរជាតិ រួម​និង​អ្នក​និយម​ប្រជាធិបតេយ្យ​នៅតែ​ចាត់ទុកថា ការ​លុកលុយ​ចូល​ប្រទេស​កម្ពុជា​ពី​សំណាក់​កងទ័ព​វៀតណាម​គឺជា​អំពើ​ឈ្លានពាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។