ព្រះមហាក្សត្រយល់ព្រមដាក់បញ្ចូលថ្ងៃដែលវៀតណាមឈ្លានពានកម្ពុជាជាថ្ងៃបុណ្យជាតិ
2019.01.05

ព្រឹត្តិបត្រដំណឹងថ្មីរបស់រដ្ឋាភិបាលវៀតណាម បាវមឺយ (baimoi) ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នេះសរសេរថា ព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហមុនី ទើបទ្រង់យល់ព្រមតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អោយមានថ្ងៃបុណ្យសំខាន់បីនៅកម្ពុជា។
ទី១ ទទួលស្គាល់ថ្ងៃ២១ មិថុនា ឆ្នាំ១៩៧៨ ថាជាទិវាដែលលោក ហ៊ុន សែន បានទៅសុំអោយវៀតណាម អោយមកជួយកម្ពុជា។
ទី២ អោយទទួលស្គាល់ថ្ងៃ៧មករា ១៩៧៩ ថាជាថ្ងៃបុណ្យ ដែលវៀតណាមចូលរំដោះប្រជារាស្ត្រខ្មែរចេញពីរបប ប៉ុល ពត ហើយថា គឺជាស្នាដៃកងទ័ពវៀតណាម សហការជាមួយកងទ័ពខ្មែរ។
ទី៣ ទទួលស្គាល់ថ្ងៃ២៩ ធ្នូ ១៩៩៩ ថាជាទិវាឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមរវាងខ្មែរនឹងខ្មែរ។
ព្រឹត្តិបត្របន្តថា ទិវាបីដែលនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រខ្មែរទទួលយល់ព្រមថា ជាទិវាបុណ្យដ៏សំខាន់នេះ វាជាមោទនភាពមួយសម្រាប់ប្រទេសវៀតណាម ដ្បិតវាជាតឹកតាងបង្ហាញថា សហគមន៍អន្តរជាតិ និងប្រទេសកម្ពុជាខ្លួនឯងផ្ទាល់ ទទួលស្គាល់យ៉ាងពេញទំហឹង នូវភាពស្របច្បាប់ ចំពោះការដែលប្រទេសវៀតណាមបញ្ជូនកងទ័ពមកប្រទេសកម្ពុជានៅដើមឆ្នាំ១៩៧៩ ហើយនិងនៅជួយប្រទេសនេះ១០ ឆ្នាំបន្តទៀត។
ថ្វីដ្បិតតែមានការអះអាងពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលវៀតណាម និងលោក ហ៊ុន សែន ព្រមទាំងគណបក្សប្រជាជនកម្ពុជារបស់លោក អំពីអត្ថន័យនៃថ្ងៃ៧ មករា ក្ដី សហគមន៍អន្តរជាតិ រួមនិងអ្នកនិយមប្រជាធិបតេយ្យនៅតែចាត់ទុកថា ការលុកលុយចូលប្រទេសកម្ពុជាពីសំណាក់កងទ័ពវៀតណាមគឺជាអំពើឈ្លានពាន៕