នគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនជនជាតិចិនចំនួន ១៧៤នាក់ ពួកគេកំពុងជិះរថយន្តក្រុង ក្នុងក្រុង បាវិត។ សមត្ថកិច្ចអះអាងថា សមត្ថកិច្ចនឹងដាក់ឱ្យចិនទាំងនោះនៅដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីពិនិត្យរកវីរុសកូរ៉ូណា (Coronavirus) ឬជំងឺកូវីដ-១៩ (Covid-19)។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃលោក កែវ វ៉ាន់ថន ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៦ខែមីនាថា ជនជាតិចិនទាំងនេះ បានធ្វើដំណើរតាមយន្តហោះពីប្រទេសហ្វីលីពីន (Philippine) ចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា តាមរយៈអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ហើយពួកគាត់បានធ្វើដំណើរទៅទីក្រុងបាវិត ខេត្តស្វាយរៀង ក្នុងគោលបំណងស្នាក់នៅទីនោះពីរបីថ្ងៃ ដើម្បីដើរកម្សាន្តមុននឹងពួកគាត់ត្រឡប់ទៅប្រទេសចិនវិញ។
លោកថា ជនជាតិចិនទាំងនេះធ្វើការនៅហ្វីលីពីន ប៉ុន្តែដោយសារប្រទេសនេះបានបិទជើងហោះហើរ ទើបពួកគាត់ធ្វើដំណើរចូលមកប្រទេសកម្ពុជាដើម្បីបន្តដំណើរវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ប៉ុន្តែអាជ្ញាធរបានឃាត់ពួកគាត់ដើម្បីពិនិត្យសុខភាពដោយសារតែជនជាតិចិន ២នាក់ត្រូវបាន គេសង្ស័យថា មានផ្ទុកមេរោគកូរ៉ូណា (Coronavirus)។
លោកបញ្ជាក់ថា ក្នុងចំណោម១៧៤នាក់នេះ ពីរនាក់មានជំងឺក្តៅខ្លួន។ ដូច្នេះសមត្ថកិច្ចរក្សាពួកគាត់ឱ្យនៅដាច់ដោយឡែកពីគ្នា នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីយកសំណាកទៅពិនិត្យជំងឺ Covid-19 ប៉ុន្តែឥឡូវមិនទាន់ចេញលទ្ធផលនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។