ភស្តុតាង​ថ្មី​បញ្ជាក់​ថា​បណ្ឌិត កែម ឡី ស្លាប់​នៅ​លើ​កៅអី

ដោយ អាស៊ីសេរី
2016-08-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​កម្រង​ផ្កា និង​រូបថត​លោក​បណ្ឌិត កែម ឡី នៅ​យប់​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
ពលរដ្ឋ​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​កម្រង​ផ្កា និង​រូបថត​លោក​បណ្ឌិត កែម ឡី នៅ​យប់​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

មាន​មនុស្ស​មិន​ច្រើន​ប៉ុន្មាន​ទេ​ដែល​បាន​ឃើញ​សភាព​សព​របស់​លោក​បណ្ឌិត កែម ឡី ភ្លាមៗ ក្រោយ​ឃាតក​បាញ់​ចំនួន ​២​គ្រាប់​ទៅ​លើ​រូបលោក​នោះ។ ភស្តុតាង​ថ្មី​មួយ​ដែល​អាស៊ីសេរី ទើប​ទទួល​បាន​បញ្ជាក់​ថា សព​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​សង្គម តាម​ពិត​ស្លាប់​នៅ​លើ​កៅអី ពោល​គឺ​ពុំ​មែន​ដេកដួល​នៅ​លើ​ឥដ្ឋ​ការ៉ូ​នោះ​ឡើយ។

សាកសព​ក្នុង​រូបថត​ដែល​អាស៊ីសេរី ទទួល​បាន​​ដែល​មាន​សភាព​អង្គុយ​លើ​កៅអី​ផ្អែក​ទៅ​ក្រោយ ដៃ​ទាំង​ពីរ​ធ្លាក់​សំយ៉ុង​ចុះ​ក្រោម និង​ក្បាល​ផ្ងារ​ហាក់​សម្លឹង​មើល​ទៅ​ពិតាន​នោះ គឺ​ជា​លោក​បណ្ឌិត កែម ឡី។ ផ្ទុយ​ទៅ​វិញ សាកសព​របស់​លោក​បណ្ឌិត កែម ឡី ក្រោយ​អំពើ​ឃាតកម្ម​ដែល​គេ​ឃើញ​តាម​បណ្ដាញ​ព័ត៌មាន​នោះ គឺ​ដេក​ផ្ងារ​នៅ​លើ​ឥដ្ឋ​ការ៉ូ​ក្នុង​ថ្លុក​ឈាម។

ស្រប​ពេល​សាធារណជន​មាន​ចម្ងល់​ថា តើ​ឃាតក​ពិត​ដែល​បាញ់​លោក​បណ្ឌិត កែម ឡី ជា​នរណា​ឲ្យ​ប្រាកដ? ស្រាប់​តែ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​កក្កដា មាន​វីដេអូ​ថ្មីស្រឡាង​មួយ​ត្រូវ​គេ​ផុស​ឡើង​នៅ​ក្នុង​បណ្ដាញ​សង្គម ហើយ​វីដេអូ​ឃ្លិប​នោះ​បាន​បង្ហាញ​ពី​ចំណុច​មន្ទិល​សង្ស័យ​មួយ​ចំនួន​ក្នុង​អំពើ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា កន្លង​ទៅ​នេះ។

វីដេអូ​ដែល​មាន​រយៈពេល​ជាង ២​នាទី​ដែល​ត្រូវ​បាន​គេ​ដាក់​បង្ហោះ​​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) គឺ​ឃើញ​សកម្មភាព​ជនសង្ស័យ​ព្យាយាម​រត់​តាម​ដង​ផ្លូវ​សុធារស​ឆ្ពោះ​ទៅ​ត្រង់​ផ្សារ​អ៊ីអន (Aeon) ក្រុង​ភ្នំពេញ។

ឃ្លិប​វីដេអូ បង្ហាញ​នូវ​សកម្មភាព​រត់​ក្នុង​ល្បឿន​​មធ្យម​របស់​ជនសង្ស័យ​ដែល​មាន​ភិនភាគ​ដូច​ឈ្មោះ អឿត អាង។ ខណៈ​ជនសង្ស័យ​កំពុង​រត់ ស្រាប់​តែ​មាន​ម៉ូតូ​ធំ​មួយ​គ្រឿង​ពណ៌​ខៀវ​មាន​ពាក់​ស្លាក​អក្សរ​ថា ប៉ូលិស (Police) ជា​ភាសា​អង់គ្លេស​នៅ​ចំហៀង ដែល​មាន​អ្នក​បើក​ពាក់​អាវ​ពណ៌​ស និង​ពាក់​មួក​សុវត្ថិភាព​ផង។ ក្នុង​រូប​វីដេអូ​នោះ គេ​ឃើញ​ម៉ូតូ​បង្អង់​ល្បឿន​ក្បែរ​ជនសង្ស័យ ហើយ​ហាក់​ដូច​ជា​បាន​និយាយ​សាសង​គ្នា​ជា​មួយ​ជនសង្ស័យ​បាន​មួយ​ភ្លែត។

បន្ទាប់​មក​គេ​ឃើញ​ជនសង្ស័យ​ព្យាយាម​ឡើង​ជិះ​លើ​ម៉ូតូ ប៉ុន្តែ​គេ​មិន​ដឹង​មូលហេតុ​អ្វី​ទើប​ជនសង្ស័យ​នេះ​ឡើង​ជិះ​ហើយ​ចុះ​រត់​វិញ ហើយ​រត់​បន្ត​ទៅ​មុខ​ទៀត។ រត់​បាន​បន្តិច ក៏​បង្អង់​ល្បឿន​ឈប់ ហើយ​ទម្លាក់​កាំភ្លើង​ខ្លី​ពី​ដៃ​ចុះ​នៅ​កណ្ដាល​ថ្នល់ បន្ទាប់​ពី​នគរបាល​ដែល​យាម​ស្ថានទូត​រុស្សី ប្រើ​កាំភ្លើង​អាកា (AK) ភ្ជង់​ទៅ​លើ​ខ្លួន។ ប៉ុន្តែ​ទីបំផុត ម៉ូតូ​ដែល​គេ​សង្កេត​ឃើញ​ព្យាយាម​ឌុប​ជនសង្ស័យ​ដំបូង​នោះ បាន​បើក​មក​ស្ទាក់​ដឹក​យក​ជនសង្ស័យ​ទៅ​បាត់។

ជន​សង្ស័យ​សម្លាប់​បណ្ឌិត កែម ឡី ឈ្មោះ ជួប សម្លាប់ ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា អឿត អាង ព្យាយាម​ឡើង​ជិះ​លើ​ម៉ូតូ​ពាក់​ស្លាក​លេខ​ប៉ូលិស ត្រូវ​បាន​បង្ហាញ​ក្នុង​វីដេអូ​ឃ្លីប​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៦។ Screenshot
ជន​សង្ស័យ​សម្លាប់​បណ្ឌិត កែម ឡី ឈ្មោះ ជួប សម្លាប់ ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា អឿត អាង ព្យាយាម​ឡើង​ជិះ​លើ​ម៉ូតូ​ពាក់​ស្លាក​លេខ​ប៉ូលិស ត្រូវ​បាន​បង្ហាញ​ក្នុង​វីដេអូ​ឃ្លីប​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៦។ Screenshot Screenshot

ជុំវិញ​សំណុំ​រឿង​ដ៏​រស៊ើប​មួយ​នេះ សមត្ថកិច្ច​តែង​អះអាង​ថា ពុំ​មាន​តម្រុយ​ណា​មួយ​ថ្មី ក្រៅ​ពី​ជន​ត្រូវ​ចោទ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះ​ឡើយ។

ទាក់ទិន​ករណី​នេះ លោក ខៀវ សុភ័គ អះអាង​ថា វា​ជា​រឿង​ល្អ​ដែល​មាន​តម្រុយ​ថ្មី និង​ជា​ការ​បើក​ផ្លូវ​បន្ថែម​ទៀត​ដល់​សមត្ថកិច្ច​ក្នុង​ស្វែង​រក​ភស្តុតាង​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​មួយ​នេះ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​ពុំ​ទាន់​មាន​របាយការណ៍​ណា​មួយ​របស់​សមត្ថកិច្ច​បង្ហាញ​ថា តើ​សាកសព​លោក​បណ្ឌិត កែម ឡី ស្លាប់​ក្នុង​ស្ថានភាព​បែប​ណា​នៅ​ឡើយ​ទេ ហើយ​ថា តើ​មាន​អ្វី​បាន​កើត​ឡើង​ខ្លះ​នៅ​ចន្លោះ​ពេល​រវាង​ការ​បាញ់​សម្លាប់​លោក កែម ឡី និង​ការ​រត់​គេច​របស់​ជនសង្ស័យ​ឈ្មោះ ជួប សម្លាប់ រហូត​ដល់​ត្រូវ​គេ​ចាប់​ខ្លួន​បាន​នោះ។

អាស៊ីសេរី ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​ក្រុង​ភ្នំពេញ លោក ជួន សុវណ្ណ ជា​ច្រើន​ដង​តាម​ទូរស័ព្ទ ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល។ ដោយ​ឡែក​ជំនួយការ​របស់​លោក ជួន សុវណ្ណ បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​ជុំវិញ​សំណុំ​រឿង​ដ៏​រសើប​មួយ​នេះ។ ដូច​គ្នា​នេះ​ដែរ នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ទាំង​ស្នងការ​ក្រុង​ភ្នំពេញ លោក ជួន សុវណ្ណ និង​មន្រ្តី​នាំ​ពាក្យ​អគ្គស្នងការ​រាជធានី​ភ្នំពេញ មិន​អាច​ស្នើសុំ​ការ​បញ្ជាក់​បាន​ទេ ដោយ​ទូរស័ព្ទ​មិន​អាច​ហៅ​ចូល​បាន។

ជុំវិញ​មន្ទិល​សង្ស័យ​ថា មន្ត្រី​នគរបាល​អាច​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ជួយ​ជនសង្ស័យ​នោះ លោក ជួន សុវណ្ណ ស្នងការ​ក្រុង​ភ្នំពេញ បាន​ថ្លែង​ការពារ​ដោយ​ប្រាប់​កាសែត​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ថា អ្វី​ដែល​មន្ត្រី​នគរបាល​របស់​លោក​មើល​ឃើញ​ក្នុង​ឃ្លិប​វីដេអូ ហាក់​មាន​រឿង​ចម្លែក​មួយ​ជន​ត្រូវ​ចោទ​នោះ គឺ​មិន​ដូច​អ្វី​ដែល​សាធារណជន​បាន​ឃើញ​ឡើយ។

លោក​បន្ថែម​ថា ពេល​នោះ​មន្ត្រី​នគរបាល​បាន​ដេញ​តាម​ចាប់​ខ្លួន ហើយ​ស្រែក​ឲ្យ​ជន​ត្រូវ​ចោទ​ឈប់។ ប៉ុន្តែ​​ពេល​កម្លាំង​នគរបាល​ឃាត់​ឲ្យ​ឈប់​នោះ ជន​សង្ស័យ​បាន​ប្រះ​ខ្លួន​មក​លើ​នគរបាល​បន្តិច រួច​ក៏​រត​បន្ត​ទៅ​មុខ​ទៀត។

រី​ឯ​មន្ត្រី​ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​អះអាង​ថា ជុំវិញ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​ នេះ សមត្ថកិច្ច​នគរបាល​បាន​បញ្ជូន​ទៅ​តុលាការ​អស់​ហើយ។ ចំណែក​មន្រ្តី​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា វិញ បាន​ត្រឹម​តែ​អោយ​ដឹង​ថា តុលាការ​កំពុង​បន្ត​នីតិវិធី​ស៊ើបសួរ​ជន​ត្រូវ​ចោទ ជួប សម្លាប់។ លោក​បន្ត​អះអាង​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ជួប សម្លាប់ មិន​បាន​ទាមទារ​អោយ​មាន​មេធាវី។

មន្រ្តី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ថា លោក​ពុំ​បាន​ដឹង​ថា ​តើ​សព​លោក​បណ្ឌិត កែម ឡី ស្លាប់​ក្នុង​សភាព​អង្គុយ​លើ​កៅអី​ផ្អែក​ទៅ​ក្រោយ​ដៃ​ទាំង​ពីរ​ធ្លាក់​សំយ៉ុង​ចុះ​ក្រោម និង​ក្បាល​ផ្ងារ​ហាក់​សម្លឹង​មើល​ទៅ​ពិតាន​បែប​ណា​នោះ​ទេ។ លោក​បន្ត​ថា អ្វី​ដែល​លោក​បាន​ដឹង​គឺ​ត្រឹម​តែ​ឃើញ​សាកសព​លោក​បណ្ឌិត កែម ឡី ដេកដួល​រួច​ទៅ​ហើយ៖ «អូ! មិន​បាន​សួរ​គេ​ទេ ឃើញ​តែ​រូបថត​ដែល​គេ​ថត​មក​ដែរ ឃើញ​សព​ដួល​នៅ​ការ៉ូ​តែម្តង ដួល​ផ្កាប់​ដូច​យើង​ឃើញ​នេះ។ ឃើញ​ផ្កាប់​មុខ​សព​ហ្នឹង»

សាក្សី​ជា​ច្រើន​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ដែល​មាន​ចម្ងាយ​ប្រហែល ២០០​ម៉ែត្រ ពី​ទីតាំង​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី សុទ្ធ​តែ​អះអាង​ដូចៗ​គ្នា​ថា មនុស្ស​ដែល​សមត្ថកិច្ច​ចាប់​បាន គឺ​មាន​ភិនភាគ​ដូច​នឹង​ជន​ត្រូវ​ចោទ​ដែល​បាន​ចាប់​ខ្លួន​នេះ​មែន។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ពួក​គេ​នៅ​មាន​មន្ទិល​សង្ស័យ​ថា តើ​ហេតុ​អ្វី​បាន​ជា​ឃាតក​សម្លាប់​ហើយ​រត់​ឲ្យ​គេ​ចាប់​បាន​ដោយ​ស្រួល។ ពលរដ្ឋ​ដាក់​មន្ទិល​សង្ស័យ​ថា នេះ​អាច​ជា​រូបភាព​លេង​ល្ខោន​ស្ពិន​ភ្នែក​ដែរ ឬ​ទេ។

មាន​អ្នក​ផ្ដល់​បទសម្ភាសន៍​ភាគ​ច្រើន​ដែល​មាន​ចម្ងាយ​ប្រហែល​ពី ២ ទៅ ៣០០​ម៉ែត្រ​ពី​តាំង​កើត​ហេតុ​វិញ សុទ្ធ​តែ​អះអាង​ថា បាន​ឃើញ​ឈ្មោះ ជួប សម្លាប់។ ប៉ុន្តែ​ពី​តាំង​កើតហេតុ និង​ទីតាំង​ម្ដុំ​បរិវេណ​កើត​ហេតុ​ពុំ​មាន​អ្នក​ផ្ដល់​សម្ភាសន៍​ថា ឃើញ ឬ​បាន​ជួប​ឈ្មោះ​ជន​ត្រូវ​ចោទ​នេះ​ឡើយ។

ទាំង​សន្តិសុខ​យាម​ហាង​លក់​ទំនិញ ឈ្មោះ ហ្វែរ ម៉ាត (Fare Mart) នៅ​កាច់​ជ្រុង​ស្តុប​ម៉ៅសេទុង និង​ផ្លូវ​លេខ ៦៣ និង​សន្តិសុខ​យាម​នៅ​ហាង​លក់​គ្រឿង​អេឡិចត្រូនិច I One Service Center ខាង​កើត​ ហ្វែរ ម៉ាត ដែល​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ជិត​ហាង​លក់​ទំនិញ​ឈ្មោះ ហ្វែរ ម៉ាត នោះ​ដែរ អះអាង​ថា បាន​ឃើញ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះ​មែន ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​ការ​សង្ស័យ​ថា នេះ​ជា​ឃាតក​ពិត ឬ​អាច​ជា​ឃាតក​សិប្បនិមិត្ត។

​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ហាង​ស្តារម៉ាត

ចំណែក​អ្នក​បម្រើការ​ម្នាក់​នៅ​ក្នុង​ហាង​ស្តារម៉ាត ហាង​សាំង​កាល់តិច នៅ​ស្តុប​បូកគោ ទី​ដែល​លោក​បណ្ឌិត កែម ឡី ត្រូវ​គេ​ធ្វើ​ឃាត​នោះ អះអាង​ថា រូបភាព​ដែល​ចាប់​បាន​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព គឺ​មាន​គុណភាព​កម្រិត​ខ្ពស់​បំផុត​ដែល​អាច​មើល​ឃើញ​រោម​មនុស្ស​ថែម​ទៀត​ផង។

មាន​ការ​សង្ស័យ​លើ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ ន.ប ដែល​ចត​ក្បែរ​រថយន្ត​លោក​បណ្ឌិត កែម ឡី

​បុគ្គលិក​បម្រើការ​ផ្នែក​សន្តិសុខ​ក្រុមហ៊ុន​កាល់តិច​ម្នាក់ ដែល​ថ្លែង​ក្នុង​លក្ខណៈ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា នៅ​មុន​ព្រឹត្តិការណ៍​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គេ​សង្កេត​ឃើញ​រថយន្ត​មួយ​គ្រឿង​ដែល​មាន​ពាក់​ស្លាក​លេខ ន.ប ចត​ក្បែរ​រថយន្ត​លោក​បណ្ឌិត កែម ឡី។ បន្ទាប់​ពី​កើត​ហេតុ​ភ្លាម រថយន្ត​ដែល​ចត​ក្បែរ​នោះ ក៏​បាន​បាត់​ស្រមោល​មួយ​រំពេច​ដែរ។

យ៉ាង​ណា​ក៏​ដោយ បុគ្គលិក​រូប​នេះ​មិន​ជឿ​​ថា ជន​ត្រូវ​ចោទ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នេះ គឺ​ជា​ជន​ដៃដល់​ក្នុង​អំពើ​ឃាតកម្ម​នេះ​ទេ។ លោក​អះអាង​បន្ត​ថា ឃាតក​ដែល​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី គឺ​អាច​ជា​មនុស្ស​ផ្សេង។

ចំណែក​សាក្សី​ដែល​ជា​អ្នក​រត់​រ៉ឺម៉ក​កង់បី នៅ​មុខ​ផ្សារ​អ៊ីអន ក្បែរ​ទីតាំង​ចុងក្រោយ​ដែល​ជន​ត្រូវ​ចោទ​ត្រូវ​ចាប់​ខ្លួន គឺ​លោក ហេង ម៉ាប់ អះអាង​ថា លោក​បាន​ឃើញ​ជន​ត្រូវ​ចោទ​នេះ​រត់​កាត់​ទី​នោះ​ដែរ។ លោក​រៀបរាប់​ពី​ហេតុការណ៍​ដោយ​ចម្ងល់​ទៀត​ថា ហេតុ​អ្វី​បាន​ជា​ការ​រត់​គេច​ខ្លួន​របស់​ជន​សង្ស័យ ជួប សម្លាប់ មាន​សភាព​ធម្មតា​ខុស​ពី​ជន​សង្ស័យ​ដទៃ​ទៀត៖ «ណា​មួយ​ចោរ​ហ្នឹង ឮ​គេ​និយាយ​នៅ​មុខ ហ្សូល (SEOL) នៅ​មុខ​ហ្សូល​ឡើង​ជិះ​ម៉ូតូ​ឌុប​គេ​ទៀត ពេល​ប៉ូលិស​កំពុង​ដេញ​ហ្នឹង។ ប៉ុន្តែ​ម៉ូតូ​ឌុប​អត់​ទៅ ដល់​អត់​ទៅ​វា​ចុះ​ដើរ​មក​រហូត។ ខ្ញុំ​គិត​ថា បើ​ចោរ​ធម្មតា​ដូច​រាល់​ដង​ឲ្យ​តែ​មាន​កន្លែង​គឺ​វា​ចូល​ហើយ តែ​ហេតុ​អី​ចោរ​ហ្នឹង​វា​តាម​សម្រួល​ម្ល៉េះ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ នៅ​ចំណុច​ទីតាំង​កើត​ហេតុ និង​បរិវេណ​នៅ​ជុំវិញ​នោះ ពុំ​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ផ្ដល់​បទសម្ភាសន៍​ឡើយ។ សាក្សី​ដែល​បាន​ឃើញ​ឈ្មោះ ជួប សម្លាប់ នេះ​រត់​គឺ​មាន​ចម្ងាយ​ឆ្ងាយ​ពី​តាំង​កើតហេតុ ហើយ​និង​ផ្អើល​តៗ​គ្នា​ថា ​ដំបូង​ឡើយ​បាន​ត្រឹម​ដឹង​ថា ជា​ចោរ​ប៉ុណ្ណោះ។ ដោយ​ឡែក សមត្ថកិច្ច​នៃ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ វិញ​អះអាង​ថា ឈ្មោះ ជួប សម្លាប់ នេះ​ហើយ​គឺ​ឃាតក​ពិត​ក្នុង​អំពើ​ឧក្រិដ្ឋ​នេះ។ រហូត​មក​ដល់​ពេល​នេះ លោក​អោយ​ដឹង​ថា ខាង​សមត្ថកិច្ច​ពុំ​ទាន់​មាន​តម្រុយ​ថ្មី​ទៀត​នៅ​ឡើយ​ទេ។

ថ្លែង​ប្រាប់​អាស៊ីសេរី លោក ខៀវ សុភ័គ បញ្ជាក់​ថា អ្នក​ដែល​មាន​សិទ្ធិ​ក្នុង​ការ​មើល​មេមម៉ូរី (Memory) ឬ​អង្គ​ចងចាំ​ដែល​យក​ចេញ​ពី​ស្តារម៉ាត​នោះ​បាន គឺ​មាន​តែ​ក្រុម​គ្រួសារ និង​មេធាវី​លោក​បណ្ឌិត កែម ឡី ប៉ុណ្ណោះ៖ «អ្វី​ដែល​ជា​នីតិវិធី​គេ​មិន​លាក់​ទុក​ថេប​ហ្នឹង​ទេ។ គេ​មិន​លាក់​ទុក​ទេ គឺ​ត្រូវ​តែ​ផ្សាយ​ហើយ ប៉ុន្តែ​នៅ​ចំពោះ​មុខ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើបអង្កេត​នៅ​ឡើយ។ អ្នក​ដែល​មើល​ថេប​ហ្នឹង​បាន​មុន​ដំបូង​បំផុត​មាន​តែ​ក្រុម​គ្រួសារ និង​មេធាវី​សព​លោក​បណ្ឌិត កែម ឡី នោះ​ទេ ទើប​អាច​មើល​ថេប​ហ្នឹង​ជុំ​តុលាការ​បាន»

ឆ្លើយ​តប​រឿង​នេះ លោកស្រី ប៊ូ រចនា ភរិយា​របស់​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា លោកស្រី​នៅ​មិន​ទាន់​មាន​គម្រោង​ស្នើ​សុំ​តុលាការ​ដើម្បី​ពិនិត្យ​រូបភាព​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ដែល​ត្រូវ​បាន​សមត្ថកិច្ច​យក​ចេញ​ពី​ស្តារម៉ាត​កាល់តិច នៅ​ឡើយ​ទេ។ លោកស្រី​ថ្លែង​ថា នៅ​ពេល​នេះ​លោកស្រី​កំពុង​គិតគូរ​រៀបចំ​បុណ្យ ១០០​ថ្ងៃ​សម្រាប់​លោក​បណ្ឌិត កែម ឡី និង​កិច្ចការ​ដទៃ​ទៀត​សិន។

ដោយ​ឡែក លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ខាង​ស្ថាប័ន​របស់​លោក​នៅ​មិន​ទាន់​ទទួល​បាន​ការ​ពឹង​ពាក់​ពី​ក្រុម​គ្រួសារ​ដើម្បី​ស្នើ​សុំ​មេធាវី​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ពី​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ពេល​ណា អង្គភាព​របស់​លោក​នឹង​បញ្ជូន​មេធាវី​ឡើង​ការពារ​ក្តី​នេះ​ភ្លាម​ដែរ។

រយៈពេល​មួយ​ខែ​ហើយ​បន្ទាប់​ពី​លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់ នៅ​ខណៈ​លោក​កំពុង​ទទួល​ទាន​កាហ្វេ អាន​សៀវភៅ។ មាន​តែ​ជន​ត្រូវ​ចោទ​ឈ្មោះ ជួប សម្លាប់ ដែល​តុលាការ​អះអាង​ថា គាត់​មិន​ត្រូវ​ការ​មេធាវី កំពុង​ជាប់​ឃុំ ហើយ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​ថែម​ទៀត ដោយសារ​តែ​ទាំង​សមត្ថកិច្ច​នគរបាល និង​តុលាការ នៅ​មិន​ទាន់​បង្ហាញ​ប្រាប់​សាធារណជន​នូវ​ព័ត៌មាន​លម្អិត​អំពី​ជន​នេះ។ ជន​ត្រូវ​ចោទ​ឈ្មោះ ជួប សម្លាប់ ដែល​ប្រពន្ធ​គាត់​អះអាង​ថា ឈ្មោះ អឿត អាង នោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ពីព្រោះ​តែ​អ្នក​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​រូប​នេះ ជំពាក់​លុយ​ខ្លួន ៣​ពាន់​ដុល្លារ។ ប៉ុន្តែ​ការ​អះអាង​ជំពាក់​លុយ​របស់​ជន​ត្រូវ​ចោទ ជួប សម្លាប់ មិន​មាន​អ្នក​ណា​ជឿ​សោះ​ឡើយ។

សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ ទាមទារ​អោយ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​មិន​បង្អង់ ដើម្បី​វែក​មុខ​ឃាតក និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទាទោស ដើម្បី​យក​ឱកាស​នេះ​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

តើអ្នកអាចបញ្ចេញរូបភាពថ្មីនេះបានឬទេ?
តើមានភាពខុសគ្នាយ៉ាងណាដែរក្នុងផ្លូវច្បាប់រវាងការដែលសាកសពស្លាប់អង្គុយ និងស្លាប់ដេក?ឬមួយក៏ ការរំកិលសាកសពអាចតម្រុយបន្ថែមក្នុងការស៊ីបអង្កេត?

Aug 11, 2016 12:20 AM

អ្នក​អាន​អនាមិក

There will be too many evidences ,hear, and see everywhere. Finally,those evidences will be useless. However,Hun Sen authority has been accountable for the killing. Khmer people who love justice need to reunite to put pressure on Hun Sen so he cannot get away this time.

Aug 10, 2016 09:47 AM

ហានិភ័យ

ពី តាកែវ

អូ! មិន​បាន​សួរ​គេ​ទេ ឃើញ​តែ​រូបថត​ដែល​គេ​ថត​មក​ដែរ ឃើញ​សព​ដួល​នៅ​ការ៉ូ​តែម្តង ដួល​ផ្កាប់​ដូច​យើង​ឃើញ​នេះ។ ឃើញ​ផ្កាប់​មុខ​សព​ហ្នឹង»។បានន័យថា​រហូតមកទល់ពេលនេះ​ ខៀវសុភ័ក ក៏មិនទាន់បានឃើញរូបពិតក្នុងវិដេអូរដែរ ?​មហាជនកំពុងតាមដាន​និងដេញតាមមើលក្រុមអ្នកលេងសៀក ឆ្ពិនភ្នែក ជួនសុវណ្ណ ដែលកំពុងដើរជិតដល់ផ្លូវទាល់ច្រកហើយ។

Aug 10, 2016 03:22 AM

ទូច ដារ៉ូ

ពី ភ្នំពេញ

សួរស្តី វិទ្យុអាសីុសេរី
បើដឹងថា ជួប សម្លាប់ ជាអ្នកបាញ់សម្លាប់ រឺ ជាជនសង្ស័យ។​តើហេតុអី្វ មិនបង្ហាញខេមរា សុវត្ថិភាពនៅស្តាម៉ាតអោយឃើញច្បាស់
ថាពិត រឺ មិនពិត?

Aug 10, 2016 02:37 AM

Yang

ពី Phnom penh

Why don't ask the Russia Embassy to check the camera security about the murderous run near the embassy ?

Aug 10, 2016 02:14 AM

Kem Ley

ពី California, USA

Because this government run by CPP had connection with the crime.

Aug 11, 2016 06:49 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល