ភស្តុតាងថ្មីបង្ហាញបុរសជិះម៉ូតូស្លាកលេខប៉ូលិសជាប់ពាក់ព័ន្ធជនសង្ស័យសម្លាប់បណ្ឌិត កែម ឡី
2016.07.31
នៅខណៈសមត្ថកិច្ចក្រុងភ្នំពេញអះអាងថា ពុំមានតម្រុយអ្វីថ្មីក្នុងសំណុំរឿងឃាតកម្មគិតទុកជាមុនលើករណីបណ្ឌិត កែម ឡី ស្រាប់តែមានវីដេអូថ្មីមួយត្រូវបានបែកធ្លាយជាសាធារណៈ។ មន្ត្រីក្រសួងមហាផ្ទៃ ឆ្លើយតបថា នេះជាពន្លឺមួយបន្ថែមដែលអាចជួយដល់ការស្រាវជ្រាវរបស់សមត្ថកិច្ចដែលកំពុងមានភាពស្មុគស្មាញ។
វីដេអូថ្មីស្រឡាងដែលទើបត្រូវគេផុសនៅក្នុងបណ្ដាញសង្គម នៅថ្ងៃសៅរ៍ ទី៣០ កក្កដា បានបង្ហាញពីចំណុចមន្ទិលសង្ស័យមួយចំនួនក្នុងអំពើឃាតកម្មបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ កក្កដា កន្លងទៅនេះ។
វីដេអូដែលមានរយៈពេលជាង ២នាទី បានបង្ហាញយ៉ាងច្បាស់ដែលត្រូវគេបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) គឺឃើញសកម្មភាពជនសង្ស័យព្យាយាមរត់តាមដងផ្លូវសុធារស ឆ្ពោះទៅត្រង់ផ្សារអ៊ីអន (Aeon) ក្រុងភ្នំពេញ។
ឃ្លីបវីដេអូបង្ហាញនូវសកម្មភាពរត់ក្នុងល្បឿនមធ្យមរបស់ជនសង្ស័យ ដែលមានភិនភាគដូចឈ្មោះ អឿត អាង រំពេចនោះស្រាប់តែមានម៉ូតូធំមួយគ្រឿងដែលមានអ្នកបើកពាក់អាវស ពាក់មួកសុវត្ថិភាព ហើយម៉ូតូនោះពណ៌ខៀវមានពាក់ស្លាកអក្សរជាភាសាអង់គ្លេសនៅចំហៀងថា Police (ប៉ូលិស) ផង។ ក្នុងរូបវីដេអូនោះគេឃើញម៉ូតូបង្អង់ល្បឿនក្បែរជនសង្ស័យ ហើយហាក់ដូចជាបាននិយាយសាសងគ្នាជាមួយជនសង្ស័យបានមួយភ្លែត។
បន្ទាប់មកឃើញជនសង្ស័យព្យាយាមឡើងជិះលើម៉ូតូ ប៉ុន្តែគេមិនដឹងមូលហេតុអ្វី ទើបជនសង្ស័យនេះឡើងជិះ ហើយចុះរត់វិញ ហើយរត់បន្តទៅមុខទៀត។ នៅនាទីចុងក្រោយ ជនសង្ស័យដែលមានភិនភាគដូចឈ្មោះ ជួប សម្លាប់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានក្បែរស្ថានទូតរុស្ស៊ី។ ប៉ុន្តែទីបំផុត ម៉ូតូដែលគេសង្កេតឃើញព្យាយាមឌុបនោះ បានមកដឹកជនសង្ស័យវិញ ក្រោយពេលសមត្ថកិច្ចចាប់ខ្លួនបាន។
ជុំវិញសំណុំរឿងដ៏រសើបមួយនេះ សមត្ថកិច្ចតែងអះអាងថាពុំមានតម្រុយណាមួយថ្មី ក្រៅពីជនត្រូវចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះឡើយ។
ទាក់ទិនករណីនេះ លោក ខៀវ សុភ័គ អះអាងថា វាជារឿងល្អដែលមានតម្រុយថ្មី និងជាការបើកផ្លូវបន្ថែមទៀតដល់សមត្ថកិច្ចក្នុងការស្វែងរកភស្តុតាង ក្នុងសំណុំរឿងឧក្រិដ្ឋមួយនេះ។ លោកបន្តថា មានតែកិច្ចការសហការពីពលរដ្ឋទេ ទើបអាចជំរុញឲ្យសមត្ថកិច្ចធ្វើការបានលឿន។ លោកបន្តថា «ពាក់ព័ន្ធនឹងឃាតកនេះ បើអ្នកបានឃើញអាចផ្តល់ព័ត៌មានបាន។ និយាយរួម បើមិនមានការចូលរួមឧបត្ថម្ភពីមហាជនទេ វាមិនភ្លឺ។ អ៊ីចឹងទេ ពាក់ព័ន្ធនឹងសាក្សី ភស្តុតាង អ្នកឃើញផ្ទាល់ភ្នែក បើមានអី គឺអាចជួយបានហើយ»។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) យល់ឃើញថា វាគួរឲ្យហួសចិត្តដែលការស្រាវជ្រាវក្នុងការបាញ់ប្រហារ ស្ទើរមានអ្វីទាំងអស់អាចបង្ហាញមុខជនសង្ស័យបាន តែបែរទៅជាស្មុគស្មាញទៅវិញ។ លោកមើលឃើញថា វីដេអូដែលបានបែកធ្លាយនេះ វាពិតណាស់ប្រាកដជាមានជាប់ពាក់ព័ន្ធជាមួយជនត្រូវចោទនេះ។ លោកបន្តថា «ខ្ញុំគិតថាការធ្វើរបៀបនេះ វាអាចមានជាប់ពាក់ព័ន្ធ។ អ៊ីចឹងបានជាយើងសូមឲ្យសមត្ថកិច្ចលោកធ្វើការស៊ើបអង្កេត និងស្រាវជ្រាវដោយតម្លាភាព និងយុត្តិធម៌។ បើយើងមើលទៅលើទង្វើការរត់របស់បុរសដែលបានចាប់ខ្លួន ហាក់បីដូចជាមិនមានការតក់ស្លុត និងភ័យខ្លាចអ្វីទាំងអស់»។
ស្ថាប័នអន្តរជាតិធំៗ និងអង្គទូត ទាមទារឲ្យសមត្ថកិច្ច និងរដ្ឋាភិបាល ត្រូវស្រាវជ្រាវក្នុងសំណុំរឿងឧក្រិដ្ឋមួយនេះដោយឯករាជ្យ និងជឿទុកចិត្តបាន។ គិតមកដល់ពេលនេះ មានរយៈពេលប្រមាណ ២០ថ្ងៃហើយ ពន្លឺថ្មីនៃការស៊ើបអង្កេតណាមួយពីសមត្ថកិច្ច នៅពុំទាន់មាននៅឡើយទេ៕