ក្រុមអង្គការសង្គមស៊ីវិល និងក្រុមយុវជនជំរុញឲ្យរដ្ឋាភិបាល ធ្វើអធិការកិច្ច និងពិនិត្យឡើងវិញរាល់សំណង់អគារទូទាំងប្រទេស មិនត្រឹមតែនៅខេត្តព្រះសីហនុទេ ដើម្បីធានាថា សំណង់អាគារទាំងអស់ សាងសង់មានគុណភាព និងស្តង់ដារ។ ក្រៅពីនេះ ពួកគេទាមទារឲ្យក្រុមហ៊ុនសាងសង់ និងអ្នកម៉ៅការសាងសង់ទាំងអស់ ត្រូវមានប្រព័ន្ធការពារសុវត្ថិភាព និងសុខភាពកម្មករនិយោគជិក។
ក្រុមអង្គការសង្គមស៊ីវិល និងក្រុមយុវជនសម្ដែងក្តីបារម្ភពីហានិភ័យជាច្រើនក្នុងវិស័យសំណង់បណ្ដាលមកពី ភាពស្មុគស្មាញទាក់ទិនការសុំច្បាប់អនុញ្ញាត អំពើពុករលួយ និងការសាងសង់សំណង់លើដីចំណីផ្លូវសាធារណៈ។ បញ្ហាទាំងនេះនៅតែជាឧបសគ្គធ្ងន់ធ្ងរ ចាក់ឫសជ្រៅក្នុងសង្គមខ្មែរ។ រីឯសមត្ថភាពដោះស្រាយបញ្ហាប្រឈម របស់រដ្ឋាភិបាលនៅមានកម្រិតខ្សោយនៅឡើយ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា រដ្ឋាភិបាល និងក្រសួងសាមី ត្រូវពិនិត្យឡើងវិញ ពីនីតិវិធីសុំច្បាប់សាងសង់ ហើយអាជ្ញាធររដ្ឋត្រូវមានយន្តការច្បាស់លាស់ ដើម្បីធានាថា ការសុំច្បាប់សាងសង់ គ្មានមានឧបសគ្គ និងគ្មានអំពើពុករលួយ។ លោកថា កន្លងទៅ មានភាពខ្វះចន្លោះច្រើន ក្នុងកាត្រួតពិនិត្យគុណភាពសំណង់ ដោយសារអំពើពុករលួយ និងការរំលោភអំណាចជាដើម។ លោកជំរុញឲ្យរដ្ឋាភិបាល ត្រូវពិនិត្យឡើងវិញ ពីការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរពាក់ព័ន្ធ តើពួកគេបំពេញភារកិច្ចត្រឹមត្រូវបានកម្រិតណា? ដែលអាចធានាថា សំណង់ទាំងឡាយសាងសង់មានគុណភាព និងស្តង់ដារខ្ពស់៖ «ឱកាសនៃការរំលោភអំណាចក្នុងវិស័យសំណង់មានជាបញ្ហាធ្ងន់ធ្ងរ រួមផ្សំនីតិវិធី និងការប្រព័ន្ធអំពើពុករលួយ ទៅគួសយកលុយពីការសាងសង់មួយចំនួននៅតែជារឿងមួយដែលពលរដ្ឋលើកឡើងច្រើន នៅតែជាស្មុគស្មាញច្រើន ផ្ទះខ្លះទៅសង់លើដីចំណីផ្លូវក៏មានដែរ » ។
អង្គការសង្គមស៊ីវិលសង្កេតឃើញថា បច្ចុប្បន្នវិស័យសំណង់នៅកម្ពុជា ចែកជាពីរប្រភេទគឺ ក្រុមហ៊ុនសាងសង់ និងក្រុមអ្នកម៉ៅការសាងសង់។ ពួកគេនៅមិនទាន់ជឿថា ក្រុមអ្នកម៉ៅការសាងសង់ និងក្រុមហ៊ុនសាងសង់ មានអាជ្ញាប័ណ្ណសាងសង់ត្រឹមត្រូវឬទេ?
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី យល់ថា អំពើពុករលួយ និងផលប្រយោជន៍ផ្ទាល់ខ្លួន គឺជាដើមហេតុយ៉ាងសំខាន់ ធ្វើឲ្យបាក់រលំអាគារនៅក្រុងព្រះសីហនុថ្មីៗ នេះ។ អ្នកស្រីថា សំណង់ជនបរទេសច្រើនស្អេកស្កះនៅខេត្តព្រះសីហនុ រដ្ឋាភិបាលត្រូវពិនិត្យឡើងវិញ ឲ្យច្បាស់លាស់ ដើម្បីទប់ស្កាត់កុំឲ្យបាតុភាពអាក្រក់នេះ កើតឡើងលើកក្រោយទៀត។ លោកស្រីអំពាវនាវឲ្យមន្ត្រីពាក់ព័ន្ធ ត្រូវគិតពីផលប្រយោជន៍រួម និងសុខសុវត្ថិភាពពលរដ្ឋជាចម្បង និងត្រូវចៀសវៀងប្រព្រឹត្តអំពើពុករលួយ ក្នុងវិស័យសំណង់ បំណងទប់ស្កាត់ហានិភ័យនានា៖ «សូមឲ្យយើងយកជីវិតពលរដ្ឋជាចម្បង កាលណាយើងដើម្បីខ្លួនឯងម្នាក់ឯង នាំឲ្យការវិនាសព្រាតប្រាស់ ដល់ពេលយើងឃើញសោកនាដកម្មហ្នឹងបានយើងនឹកថា ផលប្រយោជន៍បានមកសម្រាប់យកម្នាក់ពីរនាក់ហ្នឹង យើងឃើញសេចក្ដីទុក្ខសោកគាត់ យើងមិនអាចរស់បានលើគំនរទឹកភ្នែកជនក្រីក្រ » ។
ក្រោយពីកើតមានបាតុភាពបាក់រលំអាគារនៅក្រុងព្រះសីហនុថ្មីៗ នេះ រដ្ឋាភិបាលបានបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសាងសង់ ក្នុងទិសដៅពិនិត្យបទដ្ឋានបច្ចេកទេស ស្តង់ដារ គុណភាព និងសុវត្ថិភាព។ ពិនិត្យលក្ខណៈសម្បត្តិក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់ និងធ្វើបច្ចុប្បន្នភាព សំណង់អគារដែលបានសាងសង់រួច និងកំពុងសាងសង់ ក្នុងខេត្តព្រះសីហនុ។
អាស៊ីសេរីបានទាក់ទង អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ដើម្បីសុំការបំភ្លឺបញ្ហានេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានទទួលនៅថ្ងៃទី២៥ មិថុនា។ រីឯអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏មិនលើកទូរស័ព្ទដែរ។
យុវជនរស់នៅរាជធានីភ្នំពេញ លោក ម៉ា ចិត្រា នៅមិនទាន់មានជំនឿចិត្តពីប្រសិទ្ធភាពការងារមន្ត្រីជំនាញ និងអាជ្ញាធរជាតិថា នឹងអាចដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យសំណង់បានកម្រិតណានោះទេ? ខណៈដែលសំណង់មួយចំនួន ដែលកំពុងសាងសង់នៅរាជធានីភ្នំពេញ ក៏មានលក្ខណៈប្រហាក់ប្រហែល និងអាគារដែលបាក់រលំនៅខេត្តព្រះសីហនុដែរ។ លោកថា កន្លងទៅពលរដ្ឋតែងតែត្អូញ ពីអំពើពុករលួយរបស់មន្ត្រីជំនាញ នៅពេលសុំច្បាប់សាងសង់ និងការចុះពិនិត្យគុណភាពសំណង់៖ «ការអនុវត្តច្បាប់ឲ្យម៉ឹងម៉ាត់ ហើយត្រូវតែមានអ្នកត្រួតពិនិត្យឲ្យបានត្រឹមត្រូវ កុំទៅត្រួតពិនិត្យគ្រាន់តែហុចសំបុត្រឲ្យឈប់ត្រួតពិនិត្យ អាហ្នឹងខ្ញុំបារម្ភ។ នៅស្រុកយើងអត់មានរញ្ជួយដីអីផង សុខៗបាក់រលំអ៊ីចឹងយើងព្រួយបារម្ភមែនទែន។ មានអាគារខ្លះសាងសង់របៀបបាក់ហ្នឹងផង យើងបារម្ភថា មនុស្សប៉ុន្មាននាក់ទេ ដែលអាចរងគ្រោះដោយសារអាគារទាំងអស់ហ្នឹង » ។
ចំណែក អនុប្រធានបណ្ដាញយុវជនកម្ពុជា លោក ស ម៉ូរី សង្កេតឃើញថា កម្មករសំណង់ និងអ្នកដែលធ្វើការងារក្នុងវិស័យសំណង់ ភាគច្រើនជាយុវជនពេញកម្លាំង ហើយពួកគេប្រឈមហានិភ័យច្រើនទាក់ទិនសុវត្ថិភាព និងសុខភាព នៅគ្រាដែលកំពុងបំពេញភារកិច្ច។ លោកថា រដ្ឋាភិបាលត្រូវធ្វើអធិការកិច្ចសំណង់ទាំងអស់ នៅទូទាំងប្រទេស មិនត្រឹមតែនៅខេត្តព្រះសីហនុទេ ដើម្បីធានាថា សំណង់ទាំងឡាយមានគុណភាព និងស្តង់ដារខ្ពស់៖ «បណ្ដាញ យុវជនកម្មធ្លាប់ចូលរួមយុទ្ធការទិវាពលកម្មអន្តរជាតិ យើងទាមទារឲ្យមានការធានាសុខភាព សុវត្ថិភាពនៅកន្លែងការងារយុវជន សម្រាប់យុវជនដែរ ព្រោះយុវជនមិនលក់អាយុជីវិត និងសេចក្ដីថ្លៃថ្នូរ។ រដ្ឋាភិបាល និងអ្នកវិនិយោគ ត្រូវគិតពីសុវត្ថិភាពកម្មករ និយោជិក និងកម្មករសំណង់ជាយុវជន » ។
មន្ត្រីសង្គមស៊ីវិលរូបនេះ មើលឃើញថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់ និងអ្នកម៉ៅការសាងសង់មួយចំនួន គ្មានប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវទេ ខណៈដែលរដ្ឋាភិបាលមិនបានធ្វើការអធិការកិច្ចឲ្យបានទៀងទាត់លើក្រុមហ៊ុនសំណង់ និងក្រុមអ្នកម៉ៅការសាងសង់។ លោកសង្កេតឃើញថា នៅមានការដ្ឋានសំណង់ជាច្រើនទៀត នៅទូទាំងប្រទេស ខ្វះអធិការកិច្ច ខ្វះប្រព័ន្ធសុវត្ថិភាព និងភាពស្របច្បាប់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។