ជំនួយការ​នាយករដ្ឋ​មន្ត្រី​ត្អួញ​​ថា ខ្លួន​​លំបាក​​ជាង​​ពលរដ្ឋ​​រ​ស់​នៅ​​តំបន់​​បិទខ្ទប់​​

ដោយ អាស៊ីសេរី
2021-04-26
Share
ជំនួយការ​នាយករដ្ឋ​មន្ត្រី​ត្អួញ​​ថា ខ្លួន​​លំបាក​​ជាង​​ពលរដ្ឋ​​រ​ស់​នៅ​​តំបន់​​បិទខ្ទប់​​ លោក​ ដួង តារា ជំនួយ​ការ​​ផ្ទាល់​​របស់​លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។
រូប៖ ហ្វេសប៊ុក Duong Dara

ជំនួយ​ការ​​ផ្ទាល់​​របស់​លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក​ ដួង តារា បាន​ត្អួញ​ត្អែរ​ថា ខ្លួន​មាន​ការលំបាក​ខ្លាំង​ជាង​ពលរដ្ឋ រស់នៅ​តំបន់​បិទខ្ទប់​ទៅ​ទៀត។ សារ​ត្អួញ​ត្អែរ​នេះ ត្រូវបាន​លោក ដួង តារា ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​វេលា​ម៉ោង​ជិត​ ១០ ព្រឹក ថ្ងៃទី២៦ ខែមេសា។

លោក ដួង តារា បានផ្សាយសារនេះ​ដោយភ្ជាប់​រូបថត​ពាក់អាវធំ​ចំហ​ឡេវ និង​ពាក់​ម៉ាស់ផង។ លោក​​សរសេរ​ផ្ដើមដោយ​ឃ្លា​ថា «អ្នក​ភ្នំពេញ​រស់​នៅ​ក្នុង​ផ្ទះ​ក្នុង​តំបន់​បិទខ្ទប់ ល្អប្រសើរ​ជាងខ្ញុំ​ខ្លាំង»។ ​លោក​បន្ត​ថា ស្ថានភាព​ពលរដ្ឋប្រសើរ​ជាង​លោក ព្រោះ​ពលរដ្ឋ​បាន​ជុំគ្នា​ក្នុង​ផ្ទះ ខណៈ​ដែល​លោក​ត្រូវ​ធ្វើ​ចត្តាឡីស័ក មិន​បាន​ជួប​កូន​ស្រី ក្នុង​ថ្ងៃខួប​កំណើតរបស់​នាង​។ លោក​សរសេរ​ក្នុង​ន័យ​ដើម​ថា«បងប្អូនអ្នក​នៅរស់នៅ​ក្នុង​តំបន់​បិទខ្ទប់​ក្នុង​ភ្នំពេញ​ពិតជា​សំណាង​ជាង​ខ្ញុំ​ខ្លាំង​ណាស់ ​ក្នុង​កំឡុង​ពេល​នេះ ព្រោះ​បងប្អូន​​នៅមាន​សេរីភាព​ដើរហើរ​ក្នុង​ផ្ទះ​ជួប​សមាជិក​ក្រុម​គ្រួសារ​ណា​ក៏​បាន​ [..]ចំណែក​ខ្ញុំ​ក្រោយ​ពី​វិល​ត្រឡប់​ពី​ឥណ្ឌូនេស៊ី​កាលពីថ្ងៃទី២៤ ខែមេសា គឺ​បាន​យក​ សំណាក​ពិនិត្យ​កូវីដ​-១៩ សារ​ជា​ថ្មី ហើយ​ត្រូវ​នៅ​ធ្វើ​ចត្តាឡីស័ក​ក្នុង​បន្ទប់​ម្នាក់​ឯង មិន​បាន​ជួប​ក្រុម​គ្រួសារ​ ជា​ពិសេស​កូន​ស្រី​ដែល​នឹង​គម្រប់​ ២​ខួប​ នៅថ្ងៃទី២៨ ខែមេសា​ខាង​មុខ​នេះ

លោក ដូង តារា ជា​មន្ត្រីម្នាក់​ដែល​នៅ​កៀក​នឹង​លោក ​ហ៊ុន សែនលោក​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ ពាក់​នាឡិកា​តម្លៃ​រាប់​ពាន់​ដុល្លារ ចិញ្ចៀន​ពេជ្រ និងរស់នៅ​ក្នុង​វីឡា​ដ៏ធំស្កឹមស្កៃ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​នៅ​រាជ​ធានីភ្នំពេញ

តាម​រយៈសារ​នេះលោក ដួង តារា លំបាក​ចិត្ត ព្រោះ​មិន​បាន​ជួប​កូន​ស្រី​ជាទី​ស្រ​លាញ់របស់​លោក​។ ពលរដ្ឋ​រាប់ម៉ឺន​នាក់​រស់​នៅតំបន់​បិទខ្ទប់វិញ ពួកគេ​កំពុង​ស្វែករក​អាហារ​ហូប​ចុក ទឹក​ដោះ​គោ​ឱ្យ​កូន​បៅ ខ្វះទឹក​ស្អាត​ប្រើ​ប្រាស់ ខ្វះ​ទាំង​ថាមពល ហ្គាស ឬ ធ្យូង​សម្រាប់​ចំអិន​ម្ហូប​ផង។ល។

នៅម៉ោង​ប្រមាណ​ ១០​ព្រឹក ដំណាលគ្នា​នឹង​ពេល​ដែល​លោក ដូង តារា ផុសនៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​​ប៊ុកនេះ ក្នុង​គ្រុប​តេឡាក្រាម (Telegram) របស់​គណៈកម្មាការជាតិ​គ្រប់គ្រង និង​ដឹកនាំ​វិធាន​ការ​បិទ​ខ្ទប់ គឺ​មាន​ពលរដ្ឋជា​ច្រើន​នាក់ ផ្ញើសារ​សុំជំនួយ​ស្បៀង​អាហារ។

ពលរដ្ឋ​ម្នាក់​ឈ្មោះ​ ផុន រតនា បានផ្ញើសារ​សុំជំនួយ​យ៉ាង​ដូច្នេះ​ថា៖ «នាងខ្ញុំ ឈ្មោះ ផុន រតនា អាយុ​ ២៩​ឆ្នាំ ជា​កម្មករ​រោងចក្រ ពេល​នេះ​រោង​ចក្រ​ត្រូវ​ផ្អាក។ ពេលនេះនាងខ្ញុំ ពិបាកខ្លាំងដោយ​សារ​ខ្វះ​ស្បៀង​​ និង​ថវិកា ព្រោះកំពុង​មាន​ផ្ទៃពោះ ​ហើយ​រស់​នៅ​បន្ទប់ជួល​តែម្នាក​ឯង គ្មាន​អីហូប។ ដូច្នេះ​សូម​ស្នើ​ដល់​លោក​ប្រធាន​មេត្តាជួយ​ដល់​ខ្ញុំ​ផង»

យ៉ាង​ហោច​ណាស់​មាន​សារ​សុំ​ជំនួយជាស្បៀង​អាហារ​ ប្រមាណជាង ៤ម៉ឺនសារ ដែល​ត្រូវ​បាន​​ប្រជា​ពលរដ្ឋ​សរសេរ​នៅក្នុង​គ្រុប​តេឡេក្រាម​របស់គណៈកម្មាការ​ជាតិ​គ្រប់គ្រង ​និង​ដឹក​​នាំ​​វិធានការ​​បិទ​​ខ្ទប់។ នៅថ្ងៃទី២៦ ខែមេសា​នេះ​ ស្ទើរជារៀង​រាល់​នាទី​មាន​ពលរដ្ឋ​ម្នាក់​ផ្ញើសារ​ចូល​ក្រុម​តេឡេក្រាម​របស់​អាជ្ញាធរ ហើយ​ប្រាប់​ថា ខ្លួ​នដា​ច់​ស្បៀង និង​សុំជំនួយ​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

ប៊ុនលីន
ប៊ុនលីន says:
Apr 27, 2021 04:59 AM

ពលរដ្ឋ​កំ​ពុង​លំ​បាក​ខ្វះ​ខាត់​ស្បៀង​អា​ហារ​ បែ​ជា​ថា​ពលរដ្ឋ​សំ​ណាង​ទៅ​វិញ គំ​និត​គិត​មិន​យល់​ពី​ហេតុ​ការណ៍​អី​បន្តិច​សោះ​

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល