ពលករ​ខ្មែរ​ម្នាក់​ស្លាប់ និង ១១នាក់​របួស ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរ​នៅ​ប្រទេស​ថៃ

0:00 / 0:00

ពលករ​ខ្មែរ​ម្នាក់​ស្លាប់ និង ១១នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ​នៅ​ក្នុង​ប្រទេស​ថៃ ខណៈ​ពួក​គេ​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​កម្ពុជា។

កាសែត​ថៃរ៉ាត់ (ថៃ​រដ្ឋ) របស់​ថៃ​ ចុះ​ផ្សាយ​កាល​ពី​រសៀល​ថ្ងៃ​ទី១៨ កុម្ភៈ​ថា គ្រោះ​ថ្នាក់​ចរាចរ​នេះ​កើត​ឡើង​ដោយសារ​​ផ្លូវ​រអិល​ ហើយ​អ្នក​​បើក​រថយន្ត​ដឹក​ពលករ​ខ្មែរ​បាន​រេ​ចង្កូត​ទៅ​​បុក​រថយន្ត​ដឹក​ទំនិញ​ពី​ក្រោយ​ដែល​ចត​​នៅ​លើ​ចិញ្ចើម​ផ្លូវ ​នៅ​ខេត្ត​សុងក្លា (Song Kla) នៅ​ភាគ​ខាង​ត្បូង​​ប្រទេស​ថៃ ចម្ងាយ​ប្រមាណ​៨០០​គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក។

ប្រភព​ដដែល​ដក​ស្រង់​សំដី​របស់​អ្នក​បើក​រថយន្ត​បង្ក​ហេតុ​ ឱ្យ​ដឹង​ថា​ រថយន្ត​មួយ​គ្រឿង​នេះ​​ដឹក​ពលករ​ខ្មែរ​ពី​ខេត្ត​ស្រះ​កែវ (Sra Kao) ជាប់​ព្រំដែន​​កម្ពុជា​-ថៃ ​ទៅ​កន្លែង​​ធ្វើ​ការ​​រោងចក្រ​ផលិត​អាហារ​សមុទ្រ​មួយ​កន្លែង​នៅ ខេត្ត​សុងក្លា។ ទោះ​ជា​យ៉ាង​ណា​កាសែត​នេះ​ មិន​បាន​បញ្ជាក់​ឈ្មោះ​អ្នក​ស្លាប់​ និង​របួស​ រស់​នៅ​ខេត្ត​ណា​របស់​កម្ពុជា​នោះ​ទេ។

ក្រុម​សង្គ្រោះ​បន្ទាន់​របស់​ថៃ​បាន​បញ្ជូន​អ្នក​រង​របួស​ទាំង ១១នាក់​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុក​ហាតយ៉ៃ (Hat Yai) ខេត្ត​សុងក្លា រីឯ​អ្នក​ស្លាប់​ដែល​ជា​ស្ត្រី​នោះ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​ធ្វើ​កោសល្យវិច័យ ដើម្បី​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​ឱ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។