ជនជាតិ​ចិន​​ម្នាក់​ស្លាប់ និង​​មនុស្ស​ជាង​ ១០​នាក់​ត្រូវ​ឃាត់​ខ្លួន​ ក្នុង​ហេតុការណ៍​​បង្ក្រាប​​ករណី​​ដឹក​ជញ្ជូន​​គ្រឿងញៀន​​ជិត​ ៨០​តោន​

ដោយ មួង ណារ៉េត
2021.12.13
Share on WhatsApp
Share on WhatsApp
ជនជាតិ​ចិន​​ម្នាក់​ស្លាប់ និង​​មនុស្ស​ជាង​ ១០​នាក់​ត្រូវ​ឃាត់​ខ្លួន​ ក្នុង​ហេតុការណ៍​​បង្ក្រាប​​ករណី​​ដឹក​ជញ្ជូន​​គ្រឿងញៀន​​ជិត​ ៨០​តោន​ រថយន្ត​ដឹកជញ្ជូន​គ្រឿងញៀន​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ជនជាតិ​ចិន​ដែលសមត្ថកិច្ច​បង្ក្រា​ប​បាន​កាលពី​យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក សង្គម និងសន្តិសុខ

កម្លាំង​ជំនាញ​ប្រឆាំងគ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ បាន​​សហការជាមួយ​​សមត្ថកិច្ច​ក្នុងខេត្តចំនួន​៤​ ចុះ​​បង្ក្រាប​​ករណី​​គ្រឿងញៀន​​ទ្រង់ទ្រាយ​​ធំ​​មួយ​កន្លែង​ស្ថិត​នៅ​​ស្រុក​ឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​។ ការបង្ក្រាបករណី​គ្រឿងញៀនទ្រង់ទ្រាយ​ធំ​នេះ​ បាន​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​តទល់គ្នា​រវាងជនជាតិចិន​​និង​​សមត្ថកិច្ច​ ដែល​បណ្តាល​​ឱ្យ​មេឧក្រិដ្ឋជន​គ្រឿងញៀន​ជនជាតិចិន​ម្នាក់បានស្លាប់​ និង​បានឃាត់ខ្លួនមនុស្សជាង ១០នាក់ កាំភ្លើងខ្លីមួយដើម​ និងគ្រឿងញឿនប្រមាណ ៨០តោន។

សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ បាន​សហការ​ជា​មួយកម្លាំង​នគរបាលខេត្តព្រះសីហនុ​ ខេត្តកំពង់ស្ពឺ​ ខេត្តកោះកុង​ និងរាជធានីភ្នំពេញ​ ចុះ​​បង្ក្រាប​ករណី​កែច្នៃ​គ្រឿងញៀន​ទ្រង់ទ្រាយធំ​ នៅ​ក្នុង​រោងចក្រផលិតដំណាប់​ស្វាយ​មួយ​កន្លែង ​ស្ថិត​ក្នុង​ភូមិដំបងវេញ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​ កាលពីយប់ថ្ងៃទី១២ ខែធ្នូ​។ ការ​បង្ក្រាបករណី​គ្រឿងញៀន​ដ៍​ច្រើនសន្ធឹកសន្ធាប់​នេះ​ បាន​បង្ក​ឱ្យ​មាន​ការ​ផ្ទុះអាវុធបាញ់​តដៃ​គ្នា​រវាង​សមត្ថកិច្ច​ និង​ក្រុមឧក្រិដ្ឋជន​គ្រឿងញៀន​ក្នុង​នោះ​មាន​ជនជាតិចិន​ម្នាក់បានស្លាប់​ ខណៈពួកគេ​កំពុង​ដឹកជញ្ជូន​គ្រឿងញៀន​ជា​ច្រើន​តាម​បណ្ដោយ​ផ្លូវជាតិលេខ៤​ ឆ្ពោះ​ទៅ​កាន់​ខេត្តព្រះសីហនុ​។

Drug in Kampong Spue and Prah Sihanouk on 12_12_2021.jpg
រោងចក្រដែល​ឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិនប្រើប្រាស់ជាទីតាំងផលិតគ្រឿងញៀនស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ (រូប៖ ហ្វេសប៊ុកសង្គមនិងសន្តិសុខ)

ជនជាតិចិនម្នាក់​បាន​ស្លាប់នោះ​ឈ្មោះ លី សូងហាន​ (LEE TSUNG HAN)​ អាយុ ៣២ឆ្នាំ​។ សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​មនុស្សជាង ១០នាក់ទៀតដែរ​។ គ្រឿងញៀន​ដែល​​សមត្ថកិច្ច​រឹបអូស​បាន ដំបូងឡើយ​នោះ​ជា​ប្រភេទ​កេតាមីន​ (KETAMIN)​ ចំនួន ៧៤ការ៉ុង​ ឬ​ស្មើប្រមាណ ១.៤០០​គីឡូក្រាម​ កាំភ្លើងខ្លីម៉ាកខេ​៥៤​​ (K54) មួយដើម​ រថយន្ត ២ គ្រឿង​ និង​ឧបករណ៍​កែច្នៃ​គ្រឿងញៀន​មួយ​ចំនួន​ធំ​។ ក្រោយមកទៀត​ សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា សមត្ថកិច្ច​បាន​បន្តចុះ​ឆែក​ឆេរ​ និងបាន​រកឃើញ​សារធាតុគីមី​ផ្សំកែច្នៃ​ទៅជា​គ្រឿងញៀន​​ប្រមាណ ៨០តោន​។

​ស្នងការនគរបាលខេត្តព្រះសីហនុលោក​ ជួន ណារិន​ បដិសេធ​មិន​បកស្រាយ​ជុំវិញ​រឿងនេះ​ ដោយ​លោក​រុញ​ឱ្យ​វិទ្យុអាស៊ីសេរី​សួរ​ឧត្ដមសេនីយ៍ ​ម៉ក់ ជីតូ​៖ «ការងារ​នេះ​ សូម​ជម្រាបសួរ​ខាង​ឧត្ដមសេនីយ៍​ ម៉ក់ ជីតូ​ ក្នុង​កិច្ច​សហប្រតិបត្តិការ​គាត់​ក្ដោប​រួមជាង​»

វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងសុំការបញ្ជាក់បន្ថែមពីអគ្គ​ស្នងការ​រង​នគរបាល​ជាតិ ទទួល​បន្ទុក​បង្ក្រាប​គ្រឿងញៀនលោក ម៉ក់ ជីតូ ក៍ប៉ុន្តែទូរស័ព្ទហៅចូលជា​ច្រើន​ដងតែគ្មានអ្នកទទួលនៅថ្ងៃទី១៣ ខែធ្នូ។

Drug in Kampong Spue and Prah Sihanouk on 12_12_2021_02.jpg
គ្រឿងផ្សំដែលឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិនប្រើប្រាស់ដើម្បីផលិតជាគ្រឿងញៀននៅក្នុងរោងចក្រដំណាប់ស្វាយ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ (រូប៖ ហ្វេសប៊ុក សង្គម និងសន្តិសុខ)

ចំណែកឯនាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀនលោក ឡឹ​ក​ ​វណ្ណៈ ប្រាប់ការសែតក្នុងស្រុកថា ការបង្ក្រាប​គ្រឿងញៀន​ដ៏​ធំសម្បើម​នេះ​ ​បាន​ធ្វើឡើង​នៅ​ក្នុង​រោងចក្រ​ផលិត​ដំណាប់​ស្វាយ​មួយ​កន្លែង​​ឈ្មោះ​ ​ហ្វា​ម​អេស៊ា (Fam Asia Co., Ltd.)​ ស្ថិតនៅ​ភូមិ​ដំបង​វេញ​ ​ឃុំ​សង្កែ​សា​ទ​ប​ ​ស្រុក​ឱ​រ៉ា​ល់ ​ខេត្ត​កំពង់ស្ពឺ​ ដោយ​មាន​ការសម្របសម្រួល​ពី​ស្ថាប័នអយ្យការ​។ លោកបន្តថា ​សកម្មភាព​ក្នុង​ការ​ចុះបង្ក្រាបនេះ​ ក្រុមឧក្រិដ្ឋជនជនជាតិចិន​បាន​បាញ់​មក​លើ​សមត្ថកិច្ច​ចម្រុះ​ នៅ​ពេល​មក​ដល់​​ភូមិសាស្ត្រ​ក្នុង​ស្រុក​កំពង់​សិលា​ ​ខេត្ត​ព្រះ​សី​ហ​នុ​ នៅ​ពេល​ដែល​ក្រុមឈ្មួញ​បាន​ដឹង​ថា​ មាន​ការ​ចុះ​បង្ក្រាប​ពី​កម្លាំង​ជំនាញ​។

​​​​​​​ជុំវិញរឿងនេះ​មន្ត្រីអង្គការសង្គមស៊ីវិល​នៅ​តែ​ព្រួយបារម្ភ​ ខណៈ​មាន​ករណីផ្ទុះអាវុធ​ និង​បទល្មើសគ្រឿងញៀន​កើន​ឡើង​យ៉ាងគំហុក​។

Drug in Kampong Spue and Prah Sihanouk on 12_12_2021_04.jpg
ម្សៅគ្រឿងញៀនដែលក្រុមឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិនផលិតបាននៅក្នុងរោងចក្រស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ (រូប៖ ហ្វេសប៊ុក សង្គម និងសន្តិសុខ)

អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC)​ ប្រចាំខេត្តព្រះសីហនុអ្នកស្រី ជៀប សុធារី​ មិនភ្ញាក់ផ្អើល​នឹង​ករណីផ្ទុះអាវុធ​នេះ​ទេ​ ព្រោះ​វា​បាន​កើត​ជា​បន្តបន្ទាប់​នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​កន្លងមក​ តែ​អ្នកស្រី​ភ្ញាក់ផ្អើល​ដែល​នៅក្នុងសង្គមកម្ពុជា​បច្ចុប្បន្ន​មាន​រោចក្រសិប្បកម្ម​ផលិត​​គ្រឿងញៀន​​ដោយ​គ្មានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ពី​ក្រសួងពាក់ព័ន្ធ​។ អ្នកស្រី​បន្តថា​ ករណី​គ្រឿងញៀន​នេះ​ បាន​រីកសាយភាយ​ពេញ​ក្រុងព្រះសីហនុ​ តាមរយៈ​ក្រុមឧក្រិដ្ឋជន​ជនជាតិចិន​ ដែល​បាន​បង្ក​អសន្តិសុខ​ប៉ះពាល់​ដល់​សង្គមជាតិ​យ៉ាងធ្ងន់ធ្ងរ​៖ «បញ្ហាទាំងអស់នេះ​ធ្វើ​ឱ្យ​យើង​មាន​ការព្រួយបារម្ភ​មែនទែន​ពី​ស្ថានភាពសេដ្ឋកិច្ច​និង​ប្រជាពលរដ្ឋ។ តើ​ធ្វើ​ឱ្យ​បញ្ហាអសន្តិសុខ​ និង​បញ្ហា​យុវ័យ​យើង​ក្លាយ​ទៅ​ជា​យ៉ាងណា​បើ​បញ្ហាគ្រឿងញៀន​ចឹង​កាលណា​យុវជនខ្មែរ​ញៀនគ្រឿងញៀន​ទៅ​ គាត់​ខូចអនាគត​ហើយ​ សសរទ្រូង​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​យ៉ាងដូចម្ដេច​»

មន្ត្រីសង្គមស៊ីវិលរូបនេះ​ព្រួយបារម្ភថា​ ប្រសិន​បើ​មានវត្តមាន​កន្លែង​កែច្នៃ​គ្រឿនញៀន​ទ្រង់ទ្រាយ​ធំ​បែបនេះ​នឹង​កាន់​តែ​ជះឥទ្ធិពល​អាក្រក់​មក​លើ​កម្ពុជា​ និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ម្ចាស់ស្រុក​រស់​នៅ​ទាំង​ការភ័យខ្លាច​។ លើសពីនេះ​ អ្នកស្រី ជៀប សុធារី​ ទាមទារ​យ៉ាងទទូច​ដល់​ក្រសួងជំនាញ​ឱ្យ​មាន​ការស៊ើបអង្កេត​បន្ថែមទៀត​ ដើម្បី​ស្វែង​រក​បុគ្គលពាក់ព័ន្ធ​ និង​បុគ្គល​ដែល​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចូល​ឧបករណ៍​កែច្នៃ​គ្រឿងញៀន​ និង​អ្នកលក់កាំភ្លើង​ទៅ​ឱ្យ​ជនជាតិចិន​ ដើម្បី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​៖ «គ្រឿងញៀន​មាន​រហូត​ដល់​រាប់ពាន់​គីឡូ​ មិនមែន​កញ្ចប់​តូចតាច​ទេ​ តើ​វា​មក​បាន​ដោយ​វិធី​ណា​ខ្ញុំ​នៅ​តែ​ដាក់​សញ្ញា​សួរចឹង?​ ហេតុអី​ត្រូវ​ចូល​មក​បាន​ បើ​ចូល​មក​នាំ​យក​វត្ថុធាតុ​ដើម​ហ្នឹង​មាន​ការ​បន្លំម៉េច​? ចឹង​សូម​ឱ្យ​មន្រ្តីជំនាញ​ជា​ពិសេស​ច្រកចេញចូល​ហ្នឹង​ មេត្តា​ពិនិត្យ​រាល់សម្ភារៈ​» 

Drug in Kampong Spue and Prah Sihanouk on 12_12_2021_03.jpg
រោងចក្រ និងគ្រឿងញៀនរាប់សិបការ៉ុង ដែលត្រូវបានរកឃើញនៅក្នុងទីតាំងក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ (រូប៖ ហ្វេសប៊ុក សង្គម និងសន្តិសុខ)

ក្នុង​រយៈពេល​ ៩ខែ ឆ្នាំ​២០២១ អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​​ ៩.៨២៨​នាក់ និង​គ្រឿង​ញៀន​សរុប​ ១.០៤៩​គីឡូក្រាម។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​នោះ មាន​មនុស្ស​ ​៦​.០៤៤​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន ហើយ​​មនុស្ស​ ​៣​.៧៨៤​នាក់​ រួម​ទាំង​ជន​បរទេស​ ​២១៧​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿងញៀន។

កាលពី​ឆ្នាំ​២០២០ សមត្ថកិច្ច​កម្ពុជា​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ ៥២៣នាក់ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា​។ សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនជាតិ​ចិន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ភាគ​ច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ឃាតកម្ម ចាប់​ជំរិត​ទារប្រាក់ អំពើ​ហិង្សា ឆបោក ចោរកម្ម រត់ពន្ធ​ថ្នាំញៀន និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ជាដើម​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល