លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៣ វិច្ឆិកាថា របបក្រុងភ្នំពេញ មានផែនការទុច្ចរិត រួមជាមួយប្រទេសចិនក្នុងការសាងសង់មូលដ្ឋានកងទ័ពជើងទឹកថ្មី ទើបមិនហ៊ានបង្ហាញចេញជាសាធារណៈ។ លោកថា ការកសាងមូលដ្ឋានកងទ័ពជើងទឹក នៅកំពង់ផែរាម មិនគួរមានអ្វីលាក់ជាអាថ៌កំបាំងទេ ប្រសិនបើការសាងសង់នោះសម្រាប់អធិបតេយ្យដែនសមុទ្ររបស់ខ្មែរ។ ប៉ុន្តែបើរបបលោក ហ៊ុន សែន ចង់ធ្វើមូលដ្ឋានកងទ័ពជើងទឹក មិនឱ្យមហាជនដឹង នោះបង្ហាញថា កម្ពុជាជាមួយប្រទេសចិនកំពុងមានអ្វីលាក់បាំង៖«ពីព្រោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន គេអាចនិយាយថា នេះជាកិច្ចការយោធា ជាកិច្ចការសន្តិសុខ ជាកិច្ចការសម្ងាត់ គេមិនប្រាប់។ នេះកាន់តែធ្វើឱ្យមតិសាធារណៈដែលគេកំពុងតែមានភាពសង្ស័យស្រាប់ហ្នឹង គេកាន់តែ...??? បើឃើញកាន់តែច្បាស់ថា មានការពាក់ព័ន្ធជាមួយនឹង
រដ្ឋាភិបាលចិនហើយ បានជារបបលោក ហ៊ុន សែន មិនហ៊ានប្រាប់ឱ្យគេបានដឹង ពីការកសាងកំពង់ផែនៅកោះព្រាប»។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះ បានកើតមានឡើងក្រោយពីរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែមិនបានបង្ហាញគម្រោងសាងសង់មូលដ្ឋានកងទ័ពជើងទឹកថ្មីជាសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរុះរើអគារចំនួនពីរ ដែលជាជំនួយរបស់សហរដ្ឋអាមេរិកថែមទៀតផង។
ទោះបីជាយ៉ាងណាក្ដី លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១០ វិច្ឆិកាថា ក្រសួងការពារជាតិពិតជាបានរុះរើអគារ ដែលជាជំនួយរបស់អាមេរិកប្រាកដមែន។
លោកថា កម្ពុជាត្រូវការសាងសង់ទីតាំងថ្មី ដែលមានទំហំធំទូលាយជាងពេលបច្ចុប្បន្ន។ ប៉ុន្តែសម្រាប់ថវិកាសាងសង់នេះ លោកព្យាយាមបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ៖«ខ្ញុំមិនដឹងជាទៅរៀបរាប់របៀបម៉េចទេ គ្រាន់តែប្រាប់ហើយប្រាប់ទៀតថា ធ្វើឱ្យល្អជាងមុន ធំជាងមុន ឆ្លើយតបតាមតម្រូវការជាងមុន ឱ្យរីកចម្រើនជាងមុន ទៅរៀបរាប់បរិយាយ ទៅបញ្ជាក់ប្រាប់អស់លោកទាំងអស់ហ្នឹងបានទេ?»។
កាលពីខែតុលាសារព័ត៌មានរបស់ជប៉ុនមួយឈ្មោះ នីកេ អេស៊ា (The NIKKEI Asian) បានស្រង់សំដីមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា លោក វ៉ាន់ ប៊ុនលៀង ថា មូលដ្ឋានកងទ័ពជើងទឹកថ្មី គឺត្រូវបានប្រទេសចិនជួយឧបត្ថម្ភ និងកែលម្អក្នុងការសាងសង់ថ្មី។
ពាក់ព័ន្ធរឿងនេះដែរ អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ លោកបណ្ឌិត សេង សារី បញ្ជាក់ថា គ្មានអ្វីចម្លែកទេ ដែលរដ្ឋាភិបាលកម្ពុជាលាក់បាំងព័ត៌មានទាំងឡាយដែលទាក់ទង នឹងជំនួយរបស់ប្រទេសចិន។
លោកបន្ថែមថា ប្រទេសមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិក និងប្រទេសចិន បានព្យាយាមយកតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង យកមកធ្វើជាទីលានប្រជែងអំណាចរបស់ខ្លួននៅក្នុងតំបន់៖«សង្គមស៊ីវិល ក៏ដូចជាមហាជន និងអ្នកតាមដានសិក្សាស្រាវជ្រាវ អំពីការវិវឌ្ឍន៍ នយោបាយសង្គមនៅកម្ពុជា សំដែងការព្រួយបារម្ភស្រដៀងគ្នាទៅនឹងកម្ពុជានឹងអាចធ្លាក់ចូលទៅក្នុងសង្គ្រាមរវាងមហាអំណាចទាំងពីរ។ បើសិនជាក្នុងករណី ត្រូវបានមើលឃើញថា យើងបានផ្ដល់នៅទីតាំងសមុទ្ររាមនេះ ជាមូលដ្ឋានទ័ព ទៅឱ្យប្រទេសណាមួយ»។
កាលពីថ្ងៃទី៩ វិច្ឆិកា ស្ថាប័នស្រាវជ្រាវមួយរបស់អាមេរិក គឺមជ្ឈមណ្ឌលដើម្បីការសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) តាមរយៈគំនិតផ្ដួចផ្ដើមតម្លាភាពលំហសមុទ្រអាស៊ី (Asia Maritime Transparency Initiative, AMTI) បានបង្ហាញរូបភាព តាមរយៈថតបានពីផ្កាយរណប ឱ្យដឹងថា អាជ្ញាធរយោធាកម្ពុជាទើបបានរុះរើអគារជាជំនួយរបស់អាមេរិកមួយផ្សេងទៀត នៅឯមូលដ្ឋានកងទ័ពជើងទឹករាម។
អគារនោះ គឺជារោងជាងសម្រាប់ចត និងជួសជុលអូប័ររបស់បញ្ជាការដ្ឋានជួរមុខនៃសន្តិសុខលម្ហសមុទ្រ។ ការរុះរើនេះបានកើតមានឡើងកាលពីចុងខែតុលាហើយបញ្ចប់ ការរុះរើទាំងស្រុងកាលពីថ្ងៃទី០២ វិច្ឆិកាកន្លងទៅ។
ការរុះរើអាគារនេះ គឺបានធ្វើឡើងជាលើកទីពីរ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា កាលពីលើកទីមួយ ក្នុងខែកញ្ញា បានរុះរើអគារមួយក្នុងចំណោមអគារជាច្រើន នៅក្នុងមូលដ្ឋានទ័ពជើងទឹករាម ដែលសង់ដោយថវិកាជំនួយរបស់សហរដ្ឋអាមេរិក តាំងពីខែសីហា ឆ្នាំ២០១២មក។
អគារ ដែលត្រូវបានរុះរើចោលនោះ គឺជាបញ្ជាការដ្ឋានយុទ្ធសាស្ត្រ នៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ។
ទោះបីមានការរកឃើញដូច្នោះក៏ដោយ ក៏មេបញ្ជាការរង និងជានាយសេនាធិការទូទៅនៃកងទ័ពជើងទឹក លោក វ៉ាន់ ប៊ុនលៀង បដិសេធ ហើយក៏មិនបញ្ជាក់បន្ថែមដល់ ជាមួយអាស៊ីសេរីដែរ ពាក់ព័ន្ធថវិកាចំណាយក្នុងការសាងសង់មូលដ្ឋានកងទ័ពជើងទឹកថ្មីនេះ៖«ទៅសួរគេអ្នកសាងសង់ទៅ ខ្ញុំម៉េចទៅដឹង។ ខ្ញុំមិនមែនជាអ្នកសាងសង់ឯណា។ អត់ទេ ខ្ញុំអត់ដឹងទេ។ សួរគេអ្នកសាងសង់ទៅ»។
ទាក់ទិននឹងទឹកប្រាក់សម្រាប់ការសាងសង់មូលដ្ឋាន កងទ័ពជើងទឹកថ្មីនេះ មេបញ្ជាការកងទ័ពជើងទឹកលោក ទៀ វិញ ក៏បដិសេធមិនធ្វើអត្ថាធិប្បាយដែរ៖« សួរទៅថ្នាក់លើទៅ ខ្ញុំអត់ដឹងទេ»។
កាលពីខែកក្កដា ឆ្នាំ២០១៩ សារព័ត៌មានរបស់អាមេរិក ឌឹ វ៉លស្រ៊ីត ជរណល (The Wall Street Journal) ធ្លាប់រាយការណ៍ឲ្យដឹងថា កម្ពុជាបានលួចចុះកិច្ចព្រមព្រៀងយោធាសម្ងាត់រយៈពេល ៣០ឆ្នាំ ឲ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាម ហើយដែលកិច្ចព្រមព្រៀងនេះ អាចបន្តរៀងរាល់ ១០ឆ្នាំម្ដង។ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងបដិសេធជុំវិញនេះ ដោយចាត់ទុកថា ជាព័ត៌មានក្លែងក្លាយ ហើយថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមានយោធាបរទេសនៅលើទឹកដីខ្លួនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។