មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ទំនាក់ទំនងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយសមាគមឧកញ៉ាកម្ពុជា គឺដើម្បីបង្កើតវប្បធម៌ ឯងជួយអញ អញជួយឯង ជាជាងធ្វើសកម្មភាពសប្បុរសធម៌ ដើម្បីជួយដោះស្រាយបញ្ហាសង្គម។ ការលើកឡើងដូច្នេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា ដែលលោកក៏ជាប្រធានកិត្តិយស នៃសមាគមឧកញ៉ានេះដែរ។
មន្ត្រីគណបក្សប្រឆាំងលើកឡើងថា ការបង្កើតសមាគមឧកញ៉ាកម្ពុជា នឹងមិនជួយដោះស្រាយបញ្ហាគម្លាតរវាងអ្នកមាន និងអ្នកក្រ និងអយុត្តិធម៌ក្នុងសង្គមនោះទេ។ ពួកគេថា បញ្ហានេះនឹងបង្កើតឱ្យមានវប្បធម៌ ឯងជួយអញ អញជួយឯង ដើម្បីការពារគ្នាទៅវិញទៅមករវាងអ្នកនយោបាយ និងអ្នកជំនួញទៅវិញទេ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន កំពុងមានវត្តមាននៅសហរដ្ឋអាមេរិក យល់ឃើញថា លោក ហ៊ុន សែន បង្កើតសមាគមឧកញ៉ា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងឈ្មួញធំៗក្នុងការរៃអង្គាសថវិកា ជួយគណបក្សប្រជាជនកម្ពុជា ជាជាងលើកគុណតម្លៃគោរមងារឧកញ៉ា។ លោកបន្ថែមថា តាមរយៈធ្វើជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា លោក ហ៊ុន សែន ក៏កាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រងក្រុមឧកញ៉ា កុំឱ្យមានទំនាក់ទំនងនយោបាយជាមួយគណបក្សប្រឆាំងផងដែរ។ លោក អ៊ំ សំអាន បន្តថា ការបង្កើតសមាគមឧកញ៉ាកម្ពុជា ក៏នឹងបន្តឱ្យវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ និងការរំលោភសិទ្ធិមនុស្សកើតមានកាន់តែធ្ងន់ធ្ងរផងដែរ ក្នុងពេលអនាគត។
លោក អ៊ំ សំអាន៖ «នៅពេលដែលលោក ហ៊ុន សែន ទទួលបានផលប្រយោជន៍ពីអ្នកឧកញ៉ា លោក ហ៊ុន សែន ក៏ផ្ដល់ផលប្រយោជន៍ឱ្យឧកញ៉ាទាំងហ្នឹងទៅវិញដែរ។ ទោះបីមានការប្ដឹងផ្ដល់ពីប្រជាពលរដ្ឋពីការរឹបអូសយកដីធ្លីរបស់គាត់ ពីឧកញ៉ានេះ ឧកញ៉ានោះ ឬក៏ការរកស៊ីបោកប្រាស់ ឬក៏បំផ្លាញធនធានធម្មជាតិអីហ្នឹង ក៏លោក ហ៊ុន សែន អត់មានវិធានការចាត់ការលើឧកញ៉ាទាំងអស់ហ្នឹងដែរ ហើយតុលាការក៏អត់ហ៊ានចាត់វិធានការទៅលើឧកញ៉ាមួយចំនួនហ្នឹងដែរ ដូចជាឧកញ៉ា ថោង សារ៉ាត់ អីជាដើមពាក់ព័ន្ធទៅនឹងការសម្លាប់មនុស្ស ក៏ប៉ុន្តែត្រូវបានតុលាការតេឡេហ្នឹង ដោះលែងឱ្យនៅក្រៅឃុំអ៊ីចឹងទៅ។ ឧកញ៉ា គិត ធាង អ៊ីចឹងទៅទាក់ទងនឹងគ្រឿងញៀន ក៏តុលាការដោះលែង ហើយជាប់គុកតែនៅពេទ្យរុស្សី»។
ការលើកឡើងដូច្នេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា នៅរាជធានីភ្នំពេញ។ នៅក្នុងពិធីនេះ ប្រធានសមាគមឧកញ៉ាកម្ពុជា លោក លី យ៉ុងផាត់ ជាសេដ្ឋីបនល្បែង និងជាសមាជិកព្រឹទ្ធសភាបក្សកាន់អំណាច ក៏បានផ្ដល់ពានកិត្តិយសទៅដល់ លោក ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជាចំនួន៣នាក់ទៀត ដែលសុទ្ធតែមានតួនាទីជាអនុប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជានេះ។ លោក ហ៊ុន សែន បានអះអាងថា ការបង្កើតសមាគមឧកញ៉ាកម្ពុជា មិនមែនបង្កើតឡើងដើម្បីការពារគ្នានោះទេ ប៉ុន្តែគឺដើម្បីលើកកម្ពស់គុណតម្លៃគោរមងារ ឧកញ៉ា និងលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាទៅវិញទេ។
លោក ហ៊ុន សែន៖ «ទាំងសមាគមនេះ និងបណ្ដាឧកញ៉ាទាំងអស់ត្រូវតែគោរព ប្រតិបត្តិតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានានៃព្រះរាជាណាចក្រកម្ពុជាជាធរមាន ដើម្បីធានាបញ្ចៀសបាននូវបាតុភាពអសកម្ម និងរូបភាពឆ្គាំឆ្គងដោយប្រការណាមួយ ដែលបង្កនូវភាពថ្នាំងថ្នាក់ពីប្រជាពលរដ្ឋរបស់យើង»។
បើទោះបីជាលោក ហ៊ុន សែន លើកឡើងដូចនេះក្ដី ប៉ុន្តែកាលពីពេលកន្លងទៅ ឧកញ៉ាល្បីៗជាច្រើននាក់ដែលទទួលបានសិទ្ធិអភិវឌ្ឍពីរដ្ឋាភិបាល តែងតែរំលោភសិទ្ធិប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប៉ុន្តែអាជ្ញាធរមិនដែលមានវិធានការច្បាប់ទៅលើក្រុមឧកញ៉ាទាំងនោះឡើយ។ ជាក់ស្ដែង ប្រធានសមាគមឧកញ៉ាកម្ពុជា លោក លី យ៉ុងផាត់ នេះផ្ទាល់តែម្ដង ដែលមានកេរ្តិ៍ឈ្មោះអាស្រូវពីការផលិតស្ករអំពៅឈាម ដោយបានប្រើប្រាស់កម្លាំងទាហានបាញ់ប្រហារទៅលើប្រជាពលរដ្ឋដែលតវ៉ាពីការរំលោភដីធ្លី។ ក្រៅពីនេះ របាយការណ៍ឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ ចេញកាលពីឆ្នាំ២០២២ រកឃើញថា គ្រួសារត្រកូលហ៊ុន ក៏បានបង្កើតប្រព័ន្ធជួយគ្នាទៅវិញទៅមកជាមួយក្រុមឧកញ៉ា ដែលរកស៊ីឈើខុសច្បាប់ បំផ្លាញព្រៃឈើនៅកម្ពុជាផងដែរ។ ដោយឡែក ក្រុមឧកញ៉ាថ្មីៗ ដូចជាតារាចម្រៀង ព្រាប សុវត្ថិ ជាដើម ក៏ទទួលបានដីសម្បទានលុបបឹងតាមោក ដើម្បីសាងសង់បុរីលក់ ដោយមិនខ្វល់ខ្វាយពីផលប៉ះពាល់ទឹកលិចក្រុងភ្នំពេញ និងក្រុមប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់បឹងតាមោកនោះឡើយ។
ជុំវិញរឿងនេះ អ្នកស្រាវជ្រាវដើម្បីការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី លើកឡើងថា ប្រជាពលរដ្ឋក្នុងពេលបច្ចុប្បន្នមើលឃើញអ្នកទទួលបានគោរមងារ ឧកញ៉ា ក្នុងផ្លូវអវិជ្ជមាន ច្រើនជាងវិជ្ជមាន ព្រោះឧកញ៉ាភាគច្រើនមិនមែនជាបុគ្គលពលីជីវិតដើម្បីជាតិ ឬលះបង់ទ្រព្យសម្បត្តិដើម្បីជួយប្រជាពលរដ្ឋក្រីក្រនោះឡើយ។ លោកថា ពួកគេភាគច្រើនគឺជាក្រុមអភិជនដែលរកស៊ីខុសច្បាប់ និងប្រព្រឹត្តិអំពើអបាយមុខ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្លាចរអា។ លោកបន្ថែមថា ដោយសារតែ គោរមងារឧកញ៉ាងាយស្រួលទទួលបាន ដែលបង្កើតឱ្យមានអតិផរណា គោរមងារឧកញ៉ា និងភាពលម្អៀងទៅរកនិន្នាការនយោបាយ ដូចនេះគោរមងារឧកញ៉ា ក៏មិនសូវមានតម្លៃខ្ពង់ខ្ពស់ដូចមុនដែរ។
លោក សេង សារី៖ «បើយើងប្រៀបធៀបឧកញ៉ាពី១០ឆ្នាំមុន ខ្ញុំឃើញថា ឧកញ៉ាខ្លះនៅមាននិន្នាការគាំទ្រគណបក្សប្រឆាំង នៅមានឆ្លៀតអាចគាំទ្រគណបក្សប្រឆាំងបាន អាចមានជំហរនយោបាយរបស់ខ្លួនបាន ក៏ប៉ុន្តែបច្ចុប្បន្ននេះគឺ ឧកញ៉ាទាំងនោះគឺត្រូវតែជាអ្នកដែលគាំទ្ររដ្ឋាភិបាល គាំទ្រអ្នកកាន់អំណាច ហើយជាពិសេសហ្នឹងគឺត្រូវតែជាមនុស្សដែលនៅជុំវិញ ដើម្បីគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
អ្នកវិភាគនយោបាយលើកឡើងថា វត្តមានក្រុមអ្នកឧកញ៉ា និងឧកញ៉ា ដ៏ច្រើនសន្ធឹកសន្ធាប់ មិនបានលើកស្ទួយសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋខ្មែរនោះឡើយ ផ្ទុយទៅវិញឈ្មួញធំៗដែលមានទ្រព្យសម្បត្តិច្រើន ចង់បានគោរមងារឧកញ៉ា ដើម្បីទទួលបានការការពារពីលោក ហ៊ុន សែន និងរកស៊ីខុសច្បាប់ ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែអន់ថយទៅវិញទេ។ ក្រៅពីនេះ សមាគមឧកញ៉ាកម្ពុជា ក៏នឹងក្លាយទៅជាសេនាធិការរៃអង្គាសថវិកា ជួយគណបក្សប្រជាជនកម្ពុជាផងដែរ ព្រោះប្រធាន និងអនុប្រធានកិត្តិយសនៃសមាគមនេះ សុទ្ធតែជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្នតួលេខមិនផ្លូវការឲ្យដឹងថា ឧកញ៉ានៅកម្ពុជាមានជាងមួយពាន់នាក់។ កាលពីឆ្នាំ១៩៩៤ អ្នកណាចង់បានងារជាឧកញ៉ាត្រូវបង់ប្រាក់ មួយសែនដុល្លារ ប៉ុន្តែឥឡូវនេះ ត្រូវចំណាយប្រាក់ ៥សែនដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
