កម្ពុជា​បញ្ជូន​ទាហាន​មួក​ខៀវ ៨០​នាក់ ចូលរួម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អ.ស.ប

ដោយ ម៉ៅ សុធានី
2020.07.10
កង​រក្សា​សន្តិភាព ៦២២ កង​រក្សា​សន្តិភាព​តម្រង់​ជួរ​ក្នុង​ពិធី​ទទួល​ដំណើរ​និវត្តន៍​នៃ​កងកម្លាំង​ឯកភាព ៤​កងពល ដែល​បាន​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​ស៊ូដង់ ខាង​ត្បូង និង​ប្រទេស​ម៉ាលី នា​មូលដ្ឋាន​ទ័ព​អាកាស​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo: RFA

កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ ៨០​នាក់ ទៅ​ប្រទេស​ម៉ាលី (Mali) ដើម្បី​ចូលរួម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ។

អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម នាយ​ឧត្ដមសេនីយ៍ សែម សុវណ្ណនី បញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ព្រលាន​យន្តហោះ កាលពី​ព្រលប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ថា កង​វិស្វកម្ម​ថែទាំ​យន្តហោះ​របស់​កម្ពុជា ចំនួន​៨០​នាក់ ក្នុង​នោះ​មាន​នារី​ចំនួន ៧​នាក់ ដើម្បី​ជំនួស​កងទ័ព​មួក​ខៀវ​កម្ពុជា ចំនួន​៨០​នាក់ ដែល​ត្រូវ​បញ្ចប់​បេសកកម្ម ហើយ​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា​នេះ។

លោក​បន្ត​ថា កងកម្លាំង​ដែល​ចេញទៅ​បំពេញបេសកកម្ម​នៅ​ក្នុង​ប្រទេស​ម៉ាលី ត្រូវ​បញ្ជាក់​សុខភាព​ថា ពួកគេ​គ្មាន​ផ្ទុក​ជំងឺ​កូវីដ-១៩​។ មុន​បញ្ជូន​ចេញពី​កម្ពុជា កងកម្លាំង​មួក​ខៀវ​ទាំង​៨០​នាក់​នោះ បានធ្វើ​ចត្តាឡឺស័ក រយៈពេល​១៤​ថ្ងៃ ហើយ​នៅ​ពេល​ទៅ​ដល់​ប្រទេស​ម៉ាលី ពួកគេ​ក៏​នឹង​ត្រូវ​ធ្វើ​ចត្តាឡឺស័ក រយៈពេល​១៤​ថ្ងៃ ដូចគ្នា​នេះ​ដែរ។

កាលពី​ថ្ងៃ​ទី២៩ ខែ​ឧសភា កន្លង​ទៅ​នេះ មាន​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ១​រូប គឺ​ឧត្តមសេនីយ៍​ទោ ស សាវី អាយុ​៦៣​ឆ្នាំ បាន​បាត់​បង់ជីវិត ដោយសារ​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​ម៉ាលី​។ រហូតដល់​ពេល​នេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​មួក​ខៀវ សរុប​ចំនួន​ជិត ៨​រយ​នាក់ (៧៨៧​នាក់​) ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព ក្នុង​ប្រទេស​លីបង់ (Lebanon) ស៊ូដង់ (Sudan), ម៉ាលី (Mali) និង​អាហ្វ្រិក​កណ្ដាល (Central Africa)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។