អាជ្ញាធរក្រុងបាត់ដំបងហាមប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវអមសង្ខាងដងស្ទឹងសង្កែ នៅម្ដុំស្ពានថ្មក្បែរសាលាខេត្តបាត់ដំបង ជាពិសេសប្រជាពលរដ្ឋនៅជាប់ផ្លូវលេខ១ ស្ថិតក្នុងភូមិកំពង់ក្របី និងភូមិកម្មករ សង្កាត់ស្វាយប៉ោ និង ភូមិរំចេក៤ សង្កាត់រតនៈ ហាមចេញពីផ្ទះ នៅព្រឹកថ្ងៃទី៣០មករា ដើម្បីជៀសវាងគ្រោះ ដោយសារគ្រាប់មិនទាន់ផ្ទុះ។
អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសនៅថ្ងៃទី២៩ មករាថា អាជ្ញាធរខេត្តបាត់ដំបងបានអភិវឌ្ឍន៍តាមមាត់ស្ទឹងសង្កែ ហើយប្រទះឃើញគ្រាប់មិនទាន់ផ្ទះជាច្រើនរាយប៉ាយក្នុងដីតំបន់នោះ ហើយអង្គភាពបោសសំអាតមីនក៏បានចុះប្រមូលចេញ នៅព្រឹកថ្ងៃទី៣០មករា ក្នុងនោះគ្រាប់មួយនឹងត្រូវបំផ្ទុះនៅនឹងកន្លែង ដែលអាចប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។
អាជ្ញាធរឱ្យដឹងថា នៅទីតាំងវត្តសង្កែនៅក្បែរនោះ កាលពីឆ្នាំ១៩៧៩ គឺជាឃ្លាំងស្តុកអាវុធ និងគ្រាប់ ហើយបានផ្ទះធ្វើឱ្យគ្រាប់រាយប៉ាយតាមបណ្ដោយច្រាំងស្ទឹងនៅតំបន់នោះ។ របាយការណ៍អង្គភាពកម្ចាត់មីនស៊ីម៉ាក់ ឱ្យដឹងថា កាលពីឆ្នាំ ២០១៩ ករណីស្លាប់ដោយសារតែគ្រាប់មិនទាន់ផ្ទុះបានកើនឡើង ប្រៀបទៅនឹងឆ្នាំ ២០១៨។ មានមនុស្ស ១២នាក់ ស្លាប់ និង រងរបួស ៦៥ឆ្នាំ។ ចាប់ពីឆ្នាំ១៩៧៩ ដល់ខែតុលា ឆ្នាំ២០១៩ មានមនុស្សចំនួន ជិត២ម៉ឺននាក់ (១៩.៧៧៩) បានស្លាប់ ជាង៣ម៉ឺន ៦ពាន់នាក់ (៣៦.០២៣) រងរបួស និង ជិត១ម៉ឺននាក់ (៩.០៤៧) ពិការដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។