ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អះអាងថា ទីតាំងឆបោកតាមអនឡាញ ដែលអាជ្ញាធរចុះទៅបង្ក្រាបនោះ គឺជាសម្បុកតូចរបស់ឧក្រិដ្ឋជន ដែលភាគច្រើនទីតាំងនេះប្រើប្រាស់សម្រាប់ស្កេនមុខ ដើម្បីបង្កើតគណនីបញ្ជីធនាគារក្លែងក្លាយ។ ពួកគាត់បញ្ជាក់ថា ទីតាំងអាគារឆបោកតាមអនឡាញសំខាន់ៗ ដែលជាជម្រករបស់មេឧក្រិដ្ឋជនធំៗនោះ អាជ្ញាធរមិនទាន់ចុះបង្ក្រាបនោះឡើយ។
បន្ទាប់ពីមានការជំរុញ និងព្រមានកាត់ផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី ប្រេងឥន្ធនៈ និងបណ្ដាញអគ្គិសនីនៅតំបន់ជាប់ព្រំដែន ពីសំណាក់រដ្ឋាភិបាលថៃ ពេលនេះអាជ្ញាធរកម្ពុជា នៅក្នុងក្រុងប៉ោយប៉ែតបានចុះបង្ក្រាបទីតាំងឆបោកហើយ ក៏ប៉ុន្តែបានរំលងទីតាំងសំខាន់ ដែលអាជ្ញាធរថៃ បានចង្អុលបង្ហាញ គឺនៅជាប់ព្រំដែនថៃ។
ពលរដ្ឋបង្ហើបថា ទីតាំងសមត្ថកិច្ចត្រួតពិនិត្យជាទីតាំងតូច
ពលរដ្ឋម្នាក់ នៅក្រុងប៉ោយប៉ែត ថ្លែងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ ខែកុម្ភៈ ថា ទីតាំងឆបោកតាមអនឡាញ ដែលអាជ្ញាធរចូលទៅឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យនោះ គឺជាទីតាំងតូច ក្នុងចំណោមទីតាំងធំៗជាច្រើនទៀត ដែលកំពុងលាក់ខ្លួនក្នុងអាគារកាស៊ីណូជាប់ព្រំដែន ដែលមានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល។
ពលរដ្ឋ៖«បង្ក្រាបបានតែអ្នកតូចតាចដែរទេ។ ការងារអនឡាញទោះបីលាក់ខ្លួនក្នុងកាស៊ីណូដែលមានច្បាប់ហ្នឹង ក៏វាត្រូវតែខុសច្បាប់ដែរ ដោយសារអនឡាញវាមិនមែនជាបនល្បែងដែលស្របច្បាប់ទេ»។
សេចក្ដីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២ និង២៣ ខែកុម្ភៈ គណៈបញ្ជាការបានចុះបង្ក្រាបទីតាំងឆបោកតាមអនឡាញចំនួន ២ទីតាំង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយអាជ្ញាធរបានអះអាងថា បានស៊ើបអង្កេតជាង ៣ខែមកហើយ។ នៅក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានរកឃើញជនបរទេសសរុបចំនួន ២៣០នាក់ ក្នុងនោះមានជនជាតិថៃ ១២៣នាក់ ខណៈពួកគេកំពុងសំងំធ្វើប្រតិបត្តិការឆបោកតាមអនឡាញខុសច្បាប់ ដោយមានមេខ្លោងជាជនជាតិចិនស្ថិតក្នុងស្ថានភាពរស់នៅធម្មតា និងទទួលយកការងារខុសច្បាប់ទាំងនោះ ដោយស្ម័គ្រចិត្ត។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ចំពោះពលរដ្ឋថៃទាំង ១២៣នាក់នេះ អាជ្ញាធរកម្ពុជា នឹងសុំកិច្ចសហការជាមួយអាជ្ញាធរថៃ ដើម្បីចាត់វិធានការបន្ត និងស្រាវជ្រាវដើម្បីចាប់ខ្លួនមេខ្លោងយកមកកាត់ទោស ចំពោះជនបរទេសផ្សេងទៀត អាជ្ញាធរកំពុងសាកសួរ។
ជនជាតិថៃជាង១០០នាក់រងការចាញ់បោក
ក្រៅពីជនជាតិថៃ ក៏មានជនបរទេសផ្សេងទៀតដូចជា ប៉ាគីស្ថាន (Pakistan) ឥណ្ឌា (India) តៃវ៉ាន់ (Taiwan) និងឥណ្ឌូណេស៊ី (Indonesia) ជាដើម។ ដោយឡែក សារព័ត៌មានថៃនៅក្នុងស្រុក រាយការណ៍ថា ពលរដ្ឋថៃមានចំនួន ១២៧នាក់ ហើយពួកគេទាំងនោះ នឹងត្រូវអាជ្ញាធរថៃបន្តនីតិវិធីសាកសួរដើម្បីត្រួតពិនិត្យ រកអ្នកដែលរងគ្រោះពីការចាញ់បោក និងអ្នកធ្វើការដោយស្ម័គ្រចិត្ត ដើម្បីប្រាក់ខែ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន និងស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៤ ខែកុម្ភៈ។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ ហួងសាប់ (Jirayu Huangsub) ប្រាប់ សារព័ត៌មានបាងកកប៉ុស្តិ៍(Bangkok Post) កាលពីថ្ងៃទី២៣ ខែកុម្ភៈ ថា របាយការណ៍ស៊ើបការណ៍សម្ងាត់ពីអាជ្ញាធរថៃបានបញ្ជាក់ថា អគារដែលឧក្រិដ្ឋជនប្រើសម្រាប់ប្រតិបត្តិការឆបោក ដោយមានទាំងជនជាតិថៃផងនោះ ទីតាំងដី និងអាគារនេះ ត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។
អត្ថបទដែលទាក់ទង៖
ក្រៅពីទីតាំងអគារទាំងនេះ នៅមានអគារជាច្រើនទៀត ដែលគេរកឃើញថា ជាទីតាំងឆបោកតាមអនឡាញសំខាន់ៗ ដែលនៅជាប់នឹងព្រំដែនថៃ មានដូចជា អាគារកាស៊ីណូក្រោន (CROWN CASINO) របស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា គឺលោក កុក អាន និងអគារក្នុងកាស៊ីណូស្តាហ្គោល (STAR GOLD) និងអគារក្នុងតំបន់អភិវឌ្ឍសានកូ (SANCO Group) អាជ្ញាធរកម្ពុជានៅមិនទាន់ចុះបង្ក្រាបនៅឡើយ។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (LICADHO) នៅខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត មានប្រសាសន៍ថា ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញឱ្យមានប្រសិទ្ធភាព លុះត្រាតែអាជ្ញាធរហ៊ានចាប់មេខ្លោង និងអ្នកពាក់ព័ន្ធ ដោយមិនគិតពីសែស្រឡាយ ឬបក្ខពួក ទើបអាចធានាបានថា ករណីនេះនឹងមិនអាចកើតឡើងវិញបាន។
លោក អ៊ិន គង់ជិត៖«អគ្គស្នងការនគរបាលជាតិ គួរតែបង្កើតលេខទូរស័ព្ទHot-lineមួយ ដែលបើកចំហឱ្យមានការផ្ដល់ព័ត៌មាន ដែលជនរងគ្រោះអាចផ្ដល់ព័ត៌មានបាន ហើយត្រូវតែកត់ត្រាទុក ហើយត្រូវតែជឿជាក់លើសមត្ថកិច្ច ត្រូវតែមានការលាក់ការណ៍ខ្ពស់ ក្នុងការប្រតិបត្តិការដើម្បីបង្ក្រាបទីតាំងមួយ»។
ពលរដ្ឋនៅក្រុងប៉ោយប៉ែតរិះគន់ថា ការចុះបង្ក្រាបករណីឆបោកតាមអនឡាញ របស់អាជ្ញាធរកម្ពុជានៅពេលនេះ គឺដោយសារមានសម្ពាធពីរដ្ឋាភិបាលថៃ និងមិនចេញពីឆន្ទៈ ខណៈទីតាំងឆបោកធំៗ ដែលកំពុងលាក់ខ្លួនក្នុងកាស៊ីណូរបស់អ្នកមានអំណាចវិញ អាជ្ញាធរមិនបានចូលទៅចាប់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។