មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋក្រីក្រ រស់នៅខេត្តស្ទឹងត្រែង អន់ចិត្តចំពោះអាជ្ញាធរមូលដ្ឋានខេត្តនេះថា ជ្រើសរើសឈ្មោះជនក្រីក្រ មិនមានតម្លាភាព និងប្រកាន់សាច់ញាតិមេភូមិ។ ពួកគេអះអាងថា ពលរដ្ឋក្រីក្រពិតប្រាកដ មិនទទួលបានប្រយោជន៍ពីប្រាក់ឧបត្ថម្ភ របស់រដ្ឋាភិបាលនោះទេ តែអាជ្ញាធរឃុំបដិសេធការចោទប្រកាន់នេះ។
ពលរដ្ឋរស់នៅភូមិកាំងក្ងោក និងភូមិកំពង់ប៉ាង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អំពាវនាវឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញពីប្រសិទ្ធភាពការងារមន្ត្រីទទួលបន្ទុកជ្រើសរើសជនក្រីក្រពិតប្រាកដ ដែលត្រូវទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល អំឡុងពេលផ្ទុះជំងឺកូវីដ១៩។
ពលរដ្ឋរស់នៅភូមិកាំងក្ងោក លោក រស់ សេង ឱ្យដឹងនៅថ្ងៃទី ០៧ កក្កដាថា ជីវភាពគ្រួសាររបស់លោក លំបាកលំបិន រកព្រឹកខ្វះល្ងាច ហើយលោកបានស្នើសុំឱ្យអាជ្ញាធរចេញប័ណ្ណសមធម៌ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ប៉ុន្តែអាជ្ញាធរទទួលបន្ទុកជ្រើសរើសជនក្រីក្រ បែរជាបដិសេធទៅវិញ៖ «លុយទិញបាយទិញទឹក ហូបខ្វះខាតចំណុចហ្នឹងដែរ។ រកបានទិញទៅ ខ្លះខ្ចីបងប្អូន និងទិញបាយហូបផង ដើម្បីចិញ្ចឹមគ្រួសារ អំបិលប៊ីចេងផង»។
ពលរដ្ឋម្នាក់ទៀត រស់នៅភូមិកំពង់ប៉ាង លោកស្រី ឆេង លក្ខណា ត្អូញថា ពលរដ្ឋខ្លះក្រីក្រពិតប្រាកដ តែមិនត្រូវបានអាជ្ញាធរជ្រើសរើស ឱ្យទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋនោះទេ។ លោកស្រីថា ជីវភាពគ្រួសាររបស់លោកស្រីខ្វះមុខ ខ្វះក្រោយ តែអាជ្ញាធរមូលដ្ឋានមិនផ្ដល់ប័ណ្ណសមធម៌ជូននោះទេ។ ចំណែកសាច់ញាតិអាជ្ញាធរភូមិ ដែលមានជីវភាពធូរធារ លោកស្រីថា បែរជាទទួលបានប័ណ្ណសមធម៌ទៅវិញ៖ «គេអត់ឱ្យតែម្ដងលោកគ្រូ។ ខ្ញុំអត់ដឹងដែរ គេថា អត់ឱ្យ គេឱ្យតែបងប្អូនគេ ។ ខ្ញុំខ្វះខាតខ្លាំងណាស់ អត់មានអង្ករ ហើយណាមួយប្តីទៅរកស៊ីឈ្នួលគេ គេថាបានល្ងាចខ្វះព្រឹក។ ជូនកាលបានល្ងាចខ្វះព្រឹក ហើយគេអត់មើលឃើញទេ»។
ឆ្លើយតបរឿងនេះ សមាជិកក្រុមប្រឹក្សាឃុំកាំងចាម និងជាអ្នកកាន់គម្រោងសម្ភាសន៍ពលរដ្ឋក្រីក្រ គឺអ្នកស្រី កែវ ប៊ុណ្ណា មានប្រសាសន៍ថា ការជ្រើសរើសពលរដ្ឋធ្វើឡើងដោយតម្លាភាព និងត្រឹមត្រូវតាមលក្ខខណ្ឌកំណត់របស់រដ្ឋ។ អ្នកស្រីបញ្ជាក់ថា ប័ណ្ណសមធម៌ ត្រូវផ្តល់ជូនតែពលរដ្ឋណា ដែលក្រីក្រពិតប្រាកដប៉ុណ្ណោះ៖ «ប្រាប់ទៅពលរដ្ឋដើម្បីកុំឱ្យគាត់អស់ សង្ឃឹមថា ខ្ញុំធ្វើទៅលើពលរដ្ឋណា គាត់មានម៉ូតូមានគោយន្តហើយថា ខ្ញុំស៊ុមគ្រលុំ។ ខ្ញុំឆ្លើយបក ខ្ញុំផ្តល់ជូនពលរដ្ឋណា ដែលគាត់ក្រពិតប្រាកដ ដែលគាត់ក្រគ្មានទីពឹង ដែលខ្ញុំផ្តល់ជូន។ ទាំងអ្នកមាន និងអ្នកក្រ ក៏គាត់ចង់បាន អ៊ីចឹងយើងត្រូវសម្រិតឡើងវិញថា គាត់ក្រពិតប្រាកដ គឺពួកខ្ញុំចុះមើលជាក់ស្ដែង មិនឱ្យលម្អៀង ដូចពួកគាត់ធ្វើពីឆ្នាំ ២០១៨ទេ»។
រដ្ឋាភិបាលចាប់ផ្ដើមអនុវត្តកម្មវិធីផ្ដល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រជាង៥ សែន ៦ ម៉ឺនគ្រួសារ (៥៦២.៦៨៦) កាលពីថ្ងៃទី២៤ មិថុនា ដោយក្នុងមួយខែត្រូវចំណាយថវិកាប្រមាណ ២៥លានដុល្លារអាមេរិក។ ពលរដ្ឋនឹងទទួលបានថវិកាខុសៗគ្នាទៅតាមកម្រិតនៃភាពក្រីក្រ និងទីតាំងដែលពួកគាត់រស់នៅជាឧទាហរណ៍ អ្នករស់នៅជនបទពួកគាត់អាចទទួលបានយ៉ាងតិចបំផុត២០ ដុល្លារអាមេរិក ហើយនៅទីប្រជុំជន និងរាជធានីភ្នំពេញ ពួកគាត់អាចបានទាបបំផុត ៣០ដុល្លារ ក្នុងមួយខែ។ ពលរដ្ឋក្រីក្រនឹងទទួលបានប្រាក់ឧបត្ថម្ភជាក់ស្ដែងច្រើនជាងនេះ ដោយសារការបូកថែមសមាជិកគ្រួសារម្នាក់ៗ និងលក្ខខណ្ឌមួយចំនួនទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រដ្ឋាភិបាលនឹងបន្តស្រង់ទិន្នន័យពលរដ្ឋក្រីក្របន្តទៀត ហើយកញ្ចប់ថវិកាដែលត្រូវឧបត្ថម្ភដល់ពលរដ្ឋនោះ អាចនឹងឡើងដល់ពី ៣០ លាន ទៅ ៥០លានដុល្លារក្នុងមួយខែ។
ទោះជាបែបនេះក្តី មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី យល់ថា ប្រសិនបើការជ្រើសរើសជនក្រីក្រមិនមានតម្លាភាព ប្រកាន់បក្ខពួក និងមានការរើសអើង នោះគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជួយពលរដ្ឋក្រីក្រពិតប្រាកដ នឹងបរាជ័យ៖ «ជាពិសេសធ្វើឱ្យខូចគោលនយោបាយដឹកនាំរដ្ឋរបស់អាជ្ញាធរហ្នឹងឯង។ យើងចង់សំណូមពរឱ្យអាជ្ញាធរថ្នាក់ជាតិមេត្តាស៊ើបអង្កេតករណីហ្នឹងទៅ ដើម្បីឱ្យមានការបកស្រាយមួយ ធ្វើឱ្យពលរដ្ឋមានការជឿជាក់»។
ធនាគារពិភពលោកព្យាករណ៍កាលពីពេលថ្មីៗនេះថា ពលរដ្ឋខ្មែរជិត ២លាននាក់នឹងធ្លាក់ខ្លួនក្រីក្រដោយសារវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ នេះ ធ្វើឱ្យចំនួនអ្នកក្រនៅកម្ពុជានឹងកើនឡើងដល់ ៤ លាននាក់ ក្នុងចំណោមពលរដ្ឋសរុបជាង ១៥លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។