ក្នុងរយៈពេល២ថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរ កើតឡើងផ្ទួនៗ គ្នា ចំពោះឡានដឹកកម្មករកាត់ដេរ នៅក្នុងខេត្តស្វាយរៀង។ នៅថ្ងៃទី៣១ កក្កដា មានកម្មករកាត់ដេរ ១៥នាក់រងរបួសធ្ងន់ និង ២៨នាក់របួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរមួយ បង្កឡើងដោយឡានដឹកសត្វមាន់ បើកវ៉ាប្រជែងហើយជ្រុលទៅបុករថយន្តតូរីសដឹកកម្មករ ពេញមួយទំហឹង ក្នុងទិសដៅផ្ទុយគ្នា។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង ៦ព្រឹក ស្ថិតនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ ឲ្យដឹងថា ក្នុងចំណោមកម្មករ ៤៣នាក់ មានកម្មករ៣៩នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និង ៤នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងរាជធានីភ្នំពេញ ដោយសាររងរបួសធ្ងន់ធ្ងរ។ ក្រសួងការងារបញ្ជាក់ថា ក្រសួងនឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មករ និងក្រុមគ្រួសារទៅតាមគោលការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម។
កាលពីថ្ងៃទី៣០ កក្កដា ក៏មានគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តស្វាយរៀង មួយករណីដែរ ដែលបណ្ដាលឲ្យកម្មករ ២នាក់ស្លាប់ និងរបួស ៣១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
