មនុស្ស​ម្នាក់​ស្លាប់​និង​​ច្រើន​នាក់​​របួស​ធ្ងន់​​ដោយសារ​គ្រោះ​ថ្នាក់​នៅ​កំពង់ចាម

គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​នៅ​ម្ដុំ​គល់​ស្ពាន​គីហ្សូណា ទី​រួម​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ បណ្ដាល​ឱ្យ​ក្មេង​អាយុ​ប្រហែល​មួយ​ខួប​ម្នាក់​​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង និង​មាន​អ្នក​រង​របួស​ធ្ងន់​ប្រមាណ​ជា ៦​នាក់ ក្នុង​នោះ​ស្រី ៣​នាក់ និង​ប្រុស ៣​នាក់។

នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​នគរបាល​ស្នងការ​ខេត្ត​កំពង់ចាម លោក យក់ ផល្លា បាន​ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​ដែល​ដាក់​អក្សរ​នៅ​រថយន្ត​ថា ថារី (THARY) ពាក់​ស្លាក​លេខ កំពង់ចាម 3A-2896 បើកបរ​ពី​កើត​មក​ទិស​ខាង​លិច ចុះ​ពី​លើ​ស្ពាន​គីហ្សូណា ក៏​ជ្រុល​ចង្កូត​មក​បុក​រះ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ក្បែរ​នោះ និង​ជ្រុល​មក​បុក​កន្លែង​លក់​សាំង​មួយ​កន្លែង។ ក្រៅ​ពី​មាន​មនុស្ស​ស្លាប់​និង​របួស ក៏​មាន​ខូច​ខាត​រថយន្ត ២​គ្រឿង ម៉ូតូ ៩​គ្រឿង ម៉ូតូ​កង់​បី ១​គ្រឿង និង​កង់​ចំនួន ២​គ្រឿង។

លោក​សុំ​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​ធ្វើ​ចរាចរណ៍ ពិសេស​រថយន្ត​ធុន​ធ្ងន់ គប្បី​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ពេល​ចុះ​ចំណោត​ម្តងៗ៖ «គឺ​សំណូមពរ​ឱ្យ​អ្នក​ប្រើប្រាស់​ហ្នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ដែល​យើង​ចុះ​ពី​លើ​ស្ពាន ពីព្រោះ​រថយន្ត​ធុន​ធ្ងន់ វា​មាន​ទម្ងន់​ទាញ​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​ដែល​ប្រើ​ប្រាស់​ផ្លូវ​នៅ​ក្នុង​រង្វង់​មូល គឺ​មាន​ច្រើន។ អ៊ីចឹង​យើង​ជា​អ្នក​បើកបរ​គ្រប់​គ្នា យើង​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន ជា​ពិសេស ប្រុង​ប្រយ័ត្ន​នឹង​ប្រព័ន្ធ​ហ្វ្រាំង»

លោក​បញ្ជាក់​ថា នេះ​ជា​លើក​ទី​មួយ​សម្រាប់​ខេត្ត​កំពង់ចាម ក្នុង​រយៈពេល​ដើម​ឆ្នាំ​២០១៤ ដែល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​បែប​នេះ។ លោក​បន្ថែម​ថា បើ​ប្រៀបធៀប​ទៅ​នឹង​ដើម​ឆ្នាំ​ដូច​គ្នា ឃើញ​ថា ដើម​ឆ្នាំ​២០១៤ នៅ​ខេត្ត​កំពង់ចាម មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​ដើម​ឆ្នាំ​២០១៣ កន្លង​ទៅ ដែល​ភាគ​ច្រើន​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​នោះ​បង្ក​ឡើង​ដោយ​អ្នក​បើក​បរ​មិន​បាន​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ត្រឹមត្រូវ និង​ប្រព័ន្ធ​បច្ចេកទេស​របស់​យានយន្ត​ទាំង​នោះ​មិន​បាន​ត្រួត​ពិនិត្យ​ឱ្យ​បាន​ត្រឹម​ត្រូវ​មុន​ពេល​បើក​បរ​ម្តងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។