រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង នៅថ្ងៃទី២១ ខែមេសានេះ បានអំពាវនាវឲ្យមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ កុំប្រើអំពើហិង្សាលើពលរដ្ឋ ដែលល្មើសបម្រាម។
តាមរយៈសារផ្ញើជូនអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ លោក ស ខេង ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ ឲ្យអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលការណ៍នៃក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេស ត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការនានា របស់រាជរដ្ឋាភិបាល ។
លោក ស ខេង បញ្ជាក់ថា មានតែប្រកាន់ខ្ជាប់នូវការអត់ធ្មត់ខ្ពស់ប៉ុណ្ណោះ ទើបទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញបេសកកម្មនេះ។
ទន្ទឹមនេះ លោក ស ខេង ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមអនុវត្តវិធានការនានា របស់រដ្ឋាភិបាល និងសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ដើម្បីកាត់ផ្ដាច់ និងឈានទៅបញ្ចប់ការឆ្លងរាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។