មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ថា​ ប្រទេស​ចិន​លំអៀង​ទៅ​រក​បក្ស​កាន់​អំណាច​

ហេង រស្មី
2020-11-05
Share
ចិន110520 លោក​ វ៉ាង យ៉ាជូន​ ( Wang Yajun)​​ អនុ​រដ្ឋមន្រ្តី​នៃ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិនកាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២០ ចូលរួមវគ្គបណ្តុះបណ្តាលតាម​ប្រព័ន្ធ​វីដេ ​(Video Conference)។
រូប៖ស្ថានទូតចិនប្រចាំកម្ពុជា

មន្រ្តីជាន់ខ្ពស់ ​គណបក្ស​ប្រឆាំង​លោក​ អ៊ូ ច័ន្ទប្ញទ្ធិ​ ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ថា​ ការ​លំអៀង​របស់​ប្រទេស​ចិន​នេះ​ ដោយ​សារ​តែ​ប្រទេស​ចិន​ត្រូវ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ភូមិ​សាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ី​ ហើយ​របប​ក្រុង​ភ្នំពេញ​ក៏​ ត្រូវ​ការ​ប្រទេស​ចិន​ដើម្បី​ធ្វើ​ជា​ខ្នង​បង្អែក​ការ​ពារ​អំណាច​របស់​លោក​ ហ៊ុន សែន​ ហេតុ​ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​ទាំង​ពីរ​ត្រូវ​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក។​

លោកថា​ ដូច្នេះ​គ្មាន​អ្វី​ចម្លែក​ទេ​ ដែល​ប្រទេស​​ចិន​ទៅ​បង្រៀន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​អំពី​បច្ចេកវិជ្ជា ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ ដើម្បី​លួច​ថត​សំឡេង​ និង​លួច​ស្ដាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​ប្រកាន់​នូវ​របប​កុម្មុយនិស្ត​​៖«​ពី​ព្រោះ​កុម្មុយនិស្ត​ សំខាន់​ណាស់​ការ​តាមដាន​ព័ត៌មាន​ហ្នឹង។​ការ​តាម​ដាន​ព័ត៌មាន​ឯក​ជន​ក្តីគឺ​សំខាន់​ណាស់។​ទោះ​បី​ជា​នៅ​ស្រុក​ខ្មែរ​មាន​គណបក្ស ​២០ ​ឬ ៣០​ តែ​វា​ហាក់​បី​ដូច​ជា​គណបក្ស​តែ​មួយ​ចឹង​។គណបក្ស​ប្រជាជន​តែ​មួយ​ហ្នឹង​ គឺ​ធម្មតា​ប្រទេស​ផ្ដាច់ការ​ ប្រទេស​កុំមុយនិស​ គឺ​បក្ស​ក្នុង​រដ្ឋ​ៗ​ក្នុង​បក្ស​។ដូច្នេះ​ចិន​ មិន​ដឹង​រើស​យក​គណបក្ស​ណា​ក្រៅ​ពី​គណបក្ស​ប្រជាជន​ដែល​គាត់​ត្រូវ​បង្ហាត់​បង្រៀន​ហ្នឹង»។

ប្រតិកម្មរបស់មន្រ្តីបក្សប្រឆាំងនេះ ធ្វើឡើងក្រោយពេល ប្រទេស​ចិន​បាន​បើក​វគ្គ​បណ្ដុះ​បណ្តាល​ផ្នែក​ការ​ប្រើ​ប្រាស់​បច្ចេកវិជ្ជា​ប្រព័ន្ធ​ អ៊ីនធឺណិត​ ដល់​មន្ត្រី​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។​វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំ​ឡើង​ដោយ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន ​ដែល​បាន​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ​ខន់ហ្វើរ៉េន ​(Video Conference) ។​​​​​​​

កម្ម​វិធី​បើក​វគ្គ​បណ្ដុះបណ្តាល​នោះ​មាន​ការ​ចូល​រួម​ពី​លោក​ វ៉ាង យ៉ាជូន​ ( Wang Yajun)​​ អនុ​រដ្ឋមន្រ្តី​នៃ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ។លោក​ វ៉ាង វិនធៀន​​ (Wang Wentian) ​ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា​ និង​អ្នក​ស្រី​​ មាន សំអាន​ សមាជិក​គណៈកម្មាធិការ​កណ្ដាល​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​ត្រួតពិនិត្យ​គណៈ​កម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​ វ៉ាង យ៉ាជូន (Wang Yajun) ​មាន​ប្រសាសន៍ នៅ​ក្នុង​គេហទំព័រ​របស់​ស្ថាន​ទូត​ចិន​ថា​ថា​ ប្រទេស​ចិន​និង​កម្ពុជា ​គឺ​ជា​ប្រទេស​ជិត​ខាងល្អ​ មិត្តល្អ​ និង​ដៃគូ​យុទ្ធសាស្ត្រ​អនុវត្ត​សហគមន៍​ជោគវាសនា​រួម​សម្រាប់​មនុស្សជាតិ​។​ លោក​និយាយថា​ក្រោយ​ពី​មាន​ការ​ផ្ទុះឡើង​នូវ​ជំងឺ​កូវីដ-១៩​មក ​ភាគី​ទាំងពីរ​បាន​ជួយ​យក​អាសា​គ្នា​ទៅវិញ​ទៅមក​ រួម​សុខ​រួម​ទុក្ខ​លើ​ក្បូន​តែ​មួយ​ និង​ រួមគ្នា​រក្សា​ការពារ​យុត្តិធម៌​សច្ចធម៌​លើ​ឆាក​អន្តរជាតិ​។​

​អ្នក​ស្រី​​ មាន សំអាន​ សមាជិក​គណៈ​ធម្មាធិការ​កណ្ដាលគណបក្ស​កាន់​អំណាច​ មាន​ប្រសាសន៍​ នៅ​ក្នុង​គេហទំព័រ​របស់​ស្ថាន​ទូត​ចិន​ថា ​​គណ​បក្ស​ប្រជាជនកម្ពុជា​រីករាយ​បន្ត​ដំណើរ​ជា​មួយ​គណបក្ស​កុម្មុយ​និស្ត​ចិន​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ស៊ី​ជម្រៅ​លើ​កិច្ច​សហ​ប្រតិបត្តិការ​មិត្តភាព​គ្រប់​វិស័យ​រវាង​កម្ពុជា​និង​ចិន​ក្នុង​“យុគសម័យ​ក្រោយ​ជំងឺ​វីរុស​កូវីដ​-១៩​”នេះ​។

ទាក់​ទិន​នឹង​បញ្ហា​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥសាន​​ មាន​ប្រសាសន៍​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ស្វាគមន៍​រាល់​បណ្ដាល​ប្រទេស​ទាំង​អស់​ រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ បើ​មាន​បំណង​ចង់​មក​បណ្ដុះ​បណ្ដាល​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។​

លោក​ថា​ ចំពោះ​ការ​រិះ​គន់​ថា​ ប្រទេស​ទេស​ចិន​ លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​គឺ​ជា​ការ​គិត​មិន​ត្រឹម​ត្រូវ​ នឹង​មាន​គំនិត​អគតិ​មក​លើ​រដ្ឋាភិបាល៖«​អាហ្នឹង​ជា​រឿង​ពួក​ក្រុម​ ឧទ្ទាម​​ក្រៅ​ច្បាប់​ហ្នឹង​​និយាយ​អ្វី​មិន​ដែល​ត្រូវ​ទេ​។ យើង​និយាយ​ស​ គាត់​ថា​ ខ្មៅ​ នេះ​ជា​រឿង​ធម្មតា​ទេ។​ត្រង់​អាមេរិក​បណ្ដុះបណ្ដាល​និស្សិត​ខ្មែរ​រាប់​រយ​នាក់​ ហេតុ​អ្វី​មិន​ថា​ផង​ ហេតុ​អ្វី​មក​ថា​ចិន។​ មាន​បារាំង​​​​ អង់គ្លេស​ ប៉ុន្មាន​ថ្ងៃ​នេះ​ប្រទេស​ ហុងគ្រី​មក​ហ្នឹង​ក៏​សន្យា​ថា​ផ្ដល់​អាហារូបករណ៍​ ឱ្យ​សិស្ស​ និស្សិត​ខ្មែរ។​យើង​គិត​មើល​មិន​ មែន​តែ​ប្រទេស​តែ​មួយ​ឯណា​ ហេតុ​អ្វី​ក៏​ផ្ដោត​តែ​ចិន​»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​កាល​ពី​ឆ្នាំ​២០១៨​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​យក​លេស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ចាប់​ខ្លួន​​ប្រធាន​គណបក្ស​នេះ​ ​លោក​ កឹម សុខា​​ ពី​បទ​រួម​គំនិត​ក្បត់​ ជាមួយ​បរទេស​ ដើម្បី​​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល ក្រោយ​ពី​លោក​បាន​ទៅ​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ដែល​រៀប​ចំឡើង​ ដោយ​សហរដ្ឋ​អាមេរិក​អំពី​សិទ្ធិមនុស្ស​៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល