សមត្ថកិច្ច​​ខេត្ត​ព្រះសីហនុ ជួយអន្តរាគមន៍​​បុគ្គលិក​៣​នាក់ ដែល​​ក្រុមហ៊ុន​​បន​ល្បែង​​អនឡាញ​​ចិន​​បង្ខាំង​​ទុក ឲ្យ​​មាន​​សេរីភាព​វិញ

0:00 / 0:00

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ជួយអន្តរាគមន៍​បុគ្គលិក ៣​នាក់ ដែល​ក្រុមហ៊ុន​បន​ល្បែង​អនឡាញ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​បាន​បង្ខាំង​ទុក ឲ្យ​មាន​សេរីភាព​វិញ។

សាច់ញាតិ​ជនរងគ្រោះ រស់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យលោក ហេង បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ដោយ​ខ្លី​ថា បងប្អូន​របស់​លោក ៣​នាក់ ដែល​ចាញ់បោក​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ចិន​គ្មាន​ស្លាក​យ៉ីហោ ត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ចុះ​ជួយអន្តរាគមន៍​ចេញ​ពី​អគារ​បម្រើ​ការងារ​នោះ កាល​ពី​ថ្ងៃ​ទី៦ ខែវិច្ឆិកា។

លោក​ថា លោក​រីករាយ​ដែល​សាច់ញាតិ​របស់​លោក​មាន​សុវត្ថិភាព៖ « ពេល​នេះ​ប្អូន​ប្រុស​ប្អូន​ស្រី​ខ្ញុំ គាត់​បាន​ចេញ​មក​វិញ​ហើយ​គាត់​បាន​ចេញ​មក​វិញ​តាំង​ពី​ថ្ងៃ​ទី ៦ អរគុណ​ខាង​អាជ្ញាធរ​ដែល​គាត់​បាន​ជួយ​ដុត​ដៃ​ដុត​ជើង ជួយ​គាត់​បាន​ចេញ​មក​វិញ​ឲ្យ​បាន​មាន​សេរីភាព »

កាល​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា សាច់ញាតិ​អ្នក​ទាំង ៣ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឲ្យ​ជួយ​អន្តរាគមន៍​យក​មនុស្ស ៣ នាក់ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​នាក់​ទៀត​មាន​ទាំង​ជនជាតិ​វៀតណាម និង​ភូមា​ផង មាន​ឈ្មោះ ហង្ស លីលី ហង្ស ទីទី និង​ ងួន ជឹម ដែល​កំពុង​ចាញ់​បោក​ធ្វើការ​ឲ្យ​បន​ល្បែង​អនឡាញ​ចិន នៅ​ក្នុង​ទីតាំង​អគារ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ ១ សង្កាត់​៣ ក្រុង​ព្រះសីហនុ។

សាច់ញាតិ​ជនរងគ្រោះ ធ្លាប់​ផ្ដល់​សម្ភាសន៍​ឲ្យ​ដឹង​ថា បងប្អូន​របស់​គាត់​ត្រូវ​បាន​ថៅកែ​ចិន​លក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ តាំងពី​ខែ​សីហា មក ដោយ​មិន​ផ្ដល់​ប្រាក់ឈ្នួល​ឲ្យ​តាម​ការ​សន្យា​ក្នុង​មួយ​ខែ ១ពាន់​ដុល្លារ​ទេ ហើយ​ថែម​ទាំង​បង្ខាំង​ទុក​មិន​ឲ្យ​ចេញ​ក្រៅ​អាគារ និង​បង្ខំ​ឲ្យ​ធ្វើការ​ទាំង​ឈឺ ហើយ​បើ​សិន​ជា​ចង់​ឈប់​ពី​ការងារ​នេះ ត្រូវ​បង់​សង់​ក្រុមហ៊ុន​នោះ​ម្នាក់​ថ្លៃ៣ពាន់​៥​រយ​ដុល្លារ​ទើប​រួច​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។