សាច់ញាតិអ្នកបាត់ខ្លួននៅកាស៊ីណូក្រុងប៉ោយប៉ែត ទទូចដល់អាជ្ញាធរពន្លឿនការស្វែងរកនិងកំណត់អត្តសញ្ញាណសមាជិកគ្រួសារ
2023.01.17
សាច់ញាតិអ្នកបាត់ខ្លួន ទទូចដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ ពន្លឿនរកសាកសពអ្នកបាត់ខ្លួនក្នុងករណីឆេះកាស៊ីណូហ្គ្រេនដាយមិនស៊ីធី (Grand Diamond City) ក្រុងប៉ោយប៉ែត។ មន្ត្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរគួរបន្តរុករកសាកសពអ្នកបាត់ខ្លួន និងពន្លឿនការកំណត់អត្តសញ្ញាណសពអ្នកស្លាប់ ដើម្បីសាច់ញាតិអ្នកបាត់ខ្លួនអស់ចិត្ត។
សាច់ញាតិអ្នកបាត់ខ្លួនក្នុងហេតុការណ៍ឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត ទន្ទឹងរង់ចាំដំណឹងសមាជិកគ្រួសារ ដែលបាត់ខ្លួនមិនដឹងថាស្លាប់ ហើយសាកសពនៅទីណា។ ពួកគាត់លើកឡើងថា ប្រសិនបើស្លាប់ក៏ត្រូវមានសាកសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាដែរ។
សាច់ញាតិអ្នកបាត់ខ្លួនលោកស្រី អឿ ធី គឺលោក ហៀង ប៊ុននឿន ប្រាប់វិទ្យុអាស៊ីសេរី ថ្ងៃទី១៦ ខែមករា ថា លោកកំពុងចាំលទ្ធផលរបស់អាជ្ញាធរខ្មែរ និងអាជ្ញាធរថៃ ដែលនៅមិនទាន់កំណត់អត្តសញ្ញាណសាកសពឆេះខ្លោចទាំង៦នាក់ជាក់លាក់ថា ជាជនជាតិអ្វី។ លោកថា អាជ្ញាធរយកឌីអិនអេ (DNA) របស់សាកសពទៅពិនិត្យហើយ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់ផ្ដល់ចម្លើយដល់ពួកគាត់នៅឡើយ។
លោក ហៀង ប៊ុននឿន៖ «អត់ឃើញផងអូន អត់បានឃើញ អត់បានលឺដំណឹងអ្វីទាំងអស់។ ប្ដឹងអស់ហើយអូន គេយកទៅពិនិត្យហើយ តែលើកមុនគេហៅទៅ ប៉ុន្តែគេថាអត់ទាន់ធ្លាក់មកដល់ទេ ចាំមើលគេធ្លាក់ដល់ ចាំគេហៅយើង អាជ្ញាធរខ្មែរយើងអត់បានទាក់ទងទេអូន។ កាលដែលគេហៅទៅឌីអិនអេ(DNA)ហ្នឹង គេធ្វើកោសល្យវិច័យហ្នឹងគេ មេការថៃទេ មេការថៃអ្នកទាក់ទងយើង អ្នកដែលនៅសល់ហ្នឹង នៅក្នុងឡានហ្នឹង គេយកទៅធ្វើ ឌីអីអេ(DNA)សិន ទាល់តែមានសញ្ជាតិខ្មែរអ៊ីចឹង បើមានសញ្ជាតិខ្មែរបានគេហៅយើងទៅធ្វើ ថាអត់សញ្ជាតិខ្មែរគេអត់ហៅយើងទេ»។
ស្រដៀងគ្នានេះដែរ ប្តីអ្នកបាត់ខ្លួនម្នាក់ទៀតលោកស្រី សម មុំ គឺ លោក ឃឹម វង្ស ថ្លែងទាំងអស់សង្ឃឹមថា អាជ្ញាធរ និងក្រុមហ៊ុន គិតតែរឿងរុះរើអាគារធ្វើថ្មី ដោយមិនយកចិត្តទុកដាក់រុករកសាកសពប្រពន្ធរបស់លោក ដែលបាត់ខ្លួននោះទេ។ បុរសវ័យអាយុ៣១ឆ្នាំ និងមានកូន៣នាក់រូបនេះ បន្តថា កូនៗរបស់លោក សួររកម្ដាយ ហើយលោកព្យាយាមលាក់បាំងថាម្ដាយទៅធ្វើការ ព្រោះមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរថាស្លាប់ និងរកសពឃើញនៅឡើយ។
លោក ឃឹម វង្ស៖ «សួរដែរបងសួរបង តែគេថាអត់ទាន់ដឹងចាំមើលគេស្រាវជ្រាវអ៊ីចឹងណា ប៉ុន្តែថ្ងៃហ្នឹងខ្ញុំប្រាប់គេហើយថាប្រព័ន្ធខ្ញុំទៅធ្វើការ។ ដាក់ហើយខ្ញុំដាក់ពាក្យបណ្ដឹងជាមួយសាលាក្រុង ជាមួយអីហ្នឹងណា។ អារឿងសោកស្ដាយៗហើយ តែមិនដឹងធ្វើម៉េច បើគេគិតតែប្រយោជន៍ផ្ទាល់ខ្លួនអ៊ីចឹង គេអត់រុករកឱ្យ គិតតែចង់វាយអាគារធ្វើថ្មី កាស៊ីណូគេដដែល។ ទៅដាក់ពាក្យបណ្ដឹង ហើយឱ្យគេជួយរក ពឹងឱ្យគេជួយស្រាវជ្រាវរក យើងដាក់ហើយក៏គេយកតែលេខទូរស័ព្ទ យើងតែរបាយការណ៍ (រីផត) យកអ្វីយើងទៅ តែដល់ពេលឥឡូវអត់ទាន់ឃើញមានអ្នកទាក់ទងមក»។
សាច់ញាតិអ្នកបាត់ខ្លួន សោកស្ដាយអាជ្ញាធរពាក់ព័ន្ធ ដែលឆាប់បិទការរុករក ហើយលោកគិតថាសាច់ញាតិគាត់អាចនៅក្នុងអាគារនៅឡើយ ព្រោះអាជ្ញាធរទើបប្រទះឃើញសាកសពបុរសជនជាតិថៃម្នាក់បន្ថែមទៀត បានស្លាប់នៅជាន់ទី១០ កាលពីល្ងាចថ្ងៃទី១១ ខែមករា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន និងលោក សេក សុខុម ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបានទេ ថ្ងៃទី១៦ ខែមករា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ហេតុការណ៍ឆេះកាស៊ីណូហ្គ្រេនដាយមិនស៊ីធី (Grand Diamond City) នៅក្រុងប៉ោយប៉ែតកន្លងទៅកម្លាំងសមត្ថកិច្ចកម្ពុជា និងថៃរកឃើញអ្នកស្លាប់២៦នាក់ និងបិទបញ្ចប់ការរុករក ក្រោយថ្ងៃកើតហេតុ២ថ្ងៃ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ បុគ្គលិកមួយចំនួន ដែលរស់រានមានជីវិតចាត់ទុកថា ក្រុមហ៊ុនធ្វេសប្រហែស ដែលគ្មានប្រព័ន្ធការពារសុវត្ថិភាព និងការជូនដំណឹងដល់អ្នកនៅក្នុងអាគារ ហើយការជួយសង្គ្រោះរបស់អាជ្ញាធរនៅមានកម្រិត និងមិនទាន់ពេលវេលា ទើបបណ្ដាលអោយមនុស្សស្លាប់ច្រើន។
របាយការណ៍របស់ក្រសួងសុខាភិបាលប្រទេសថៃ កាលថ្ងៃទី៨ ខែមករា បានបង្ហាញថា តួលេខអ្នកស្លាប់ជាជនជាតិថៃមានការប្រែប្រួលគឺ១៩ នាក់ ប៉ុន្តែអាជ្ញាធរកម្ពុជា នៅមិនទាន់ចេញរបាយការណ៍បច្ចុប្បន្នភាព និងអត្តសញ្ញាណអ្នកស្លាប់ ពាក់ព័ន្ធការឆេះអាគារកាស៊ីណូនេះនៅឡើយ។
ជុំវិញរឿងនេះ ប្រធានសហព័ន្ធសហជីពកម្មករនិយោជិក វិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី មានប្រសាសន៍ថា បច្ចេកទេសពន្លត់អគ្គិភ័យរបស់អាជ្ញាធរនៅមានកម្រិតទាប ហើយបច្ចេកទេសប្រព័ន្ធសុវត្ថិភាពក្នុងអគារមិនត្រឹមត្រូវតាមស្តង់ដារការពារ និងការជូនដំណឹង។ លោកថា អាជ្ញាធរគួរបង្កើនការហ្វឹកហ្វឺនក្នុងការជួយសង្គ្រោះ និងពន្លត់អគ្គិភ័យបន្ថែម ដោយមិនគួរឆាប់បិទបញ្ចប់ការរុករក ដើម្បីមានរបាយការណ៍ប្រកាសនោះឡើយ។ លោកបន្តថា អាជ្ញាធរ និងក្រុមហ៊ុនគួរពន្លឿនការរុករកនិងកំណត់អត្តសញ្ញាណសាកសពបន្ថែម ហើយពិនិត្យស៊ីជម្រៅទាក់ទងអ្នកទទួលខុសត្រូវសោកនាដកម្មនេះ ដើម្បីឱ្យជនរងគ្រោះ និងសាច់ញាតិទទួលបានយុត្តិធម៌។
លោក ម៉ម រិទ្ធី៖ «ខ្ញុំអត់ដឹងថាមូលហេតុអ្វី ដែលគាត់ឆាប់បិទបញ្ចប់ណា ព្រោះអាគារហ្នឹងធំណាស់ វាមានច្រើនរយបន្ទប់ ហើយមនុស្សមិនដឹងថាគាត់ស្នាក់នៅកន្លែងណាខ្លះ ឬមួយគាត់រត់ទៅដល់កន្លែងណាខ្លះ។ ហើយការរុករករបស់យើងក៏មិនទាន់ចូលទៅដល់បន្ទប់ ដែលស៊ីជម្រៅផ្សេងៗ បន្ទាប់មកទៀតរយៈពេលខ្លីមួយ ប្រកាសបិទបញ្ចប់ខ្ញុំគិតថាជារឿងមួយមិនសមហេតុផលណា។ វាគួរតែមានធ្វើការងារហ្នឹងឱ្យបានយូរ ហើយរបាយការណ៍ហ្នឹងឱ្យលំអិតបន្តិច ដើម្បីឱ្យយើងដឹងច្បាស់ណា ហើយឱ្យអ្នក ដែលកំពុងតែបាត់បង់សាច់ញាតិហ្នឹងគាត់អស់ចិត្ត។ ដល់ពេលអ៊ីចឹងយើងឃើញថា រកឃើញម្នាក់ទៀតនៅក្នុងបន្ទប់ទឹកហ្នឹងជាជនជាតិថៃ។ ខ្ញុំគិតថាអាហ្នឹង រឹតតែមន្ទិលសង្ស័យឱ្យគេវាយតម្លៃពីសមត្ថភាពរបស់អាជ្ញាធរ ដែលធ្វើការងារហ្នឹងណា។ បច្ចុប្បន្នយើងឃើញផ្ទាល់ភ្នែកថា អាជ្ញាធរត្រូវតែមានការរុករកបន្ថែមទៀត ដើម្បីឱ្យរកឃើញគ្រប់ជ្រុងជ្រោយ»។
គិតមកត្រឹមថ្ងៃទី១៦ ខែមករា អគ្គីភ័យឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែតមានរយៈពេល ជិត២០ថ្ងៃមកហើយ ប៉ុន្តែសាច់ញាតិបុគ្គលិកធ្វើការក្នុងអាគារនេះ មិនទាន់ឃើញគ្រប់នៅឡើយ។ ក្រោយប្រទះឃើញសាកសពជនជាតិថៃថ្មីៗនេះ ម្នាក់បន្ថែមទៀត មហាជន និងអ្នកតាមដានហេតុការណ៍នេះ យល់ថា អាជ្ញាធរអនុវត្តការងារមិនយកចិត្តទុកដាក់ក្នុងការរុករកសាកសពជនរងគ្រោះស្លាប់ក្នុងអាគារនៅសល់ ហើយឆាប់បិទបញ្ចប់ការងារដោយគ្មានការទទួលខុសត្រូវ។ រហូតមកដល់ពេលនេះអាជ្ញាធរទើបតែរកឃើញអ្នកស្លាប់ដោយអគ្គីភ័យមួយនេះចំនួន ២៧នាក់។
សាច់ញាតិ និងសង្គមស៊ីវិល ទទូចដល់អាជ្ញាធរកម្ពុជា និងថៃ គួរអនុវត្តការងារបន្តការរុករក ឱ្យមានប្រសិទ្ធភាព ដោយពន្លឿនការបញ្ជាក់អត្តសញ្ញាណអ្នកស្លាប់ ហើយគួរប្រើបទពិសោធន៍ នៃអគ្គីភ័យនេះ ទៅពង្រឹងសុវត្ថិភាពនៅអាគារដទៃ ដើម្បីចៀសវាងកើតឡើងករណីដដែលៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។