ពលរដ្ឋខ្មែរ ១១៥នាក់ ក្នុងចំណោមពលរដ្ឋខ្មែរ ១៤៣នាក់ ដែលបានជាប់គាំងនៅប្រទេស ម៉ាឡេស៊ី ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំអនុញ្ញាតឲ្យពួកគេធ្វើដំណើរ ចូលស្រុកវិញកាលពីពេលកន្លងទៅ ក្រោមលេសថា ទប់ស្កាត់ការចម្លងរាលដាល នៃជំងឺកូវីដ-១៩ នឹងធ្វើដំណើរមកដល់កម្ពុជាតាមជើងហោះហើរពាណិជ្ជកម្មរបស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ី នៅល្ងាចថ្ងៃទី១៦ មិថុនានេះ។ ពួកគេទាំងនេះ បានខកដំណើរតាំងពីថ្ងៃទី៧ ខែមេសា មកម៉្លេះ ក្រោយពេលលោក ហ៊ុន សែន ចេញបញ្ជា មិនឲ្យពលរដ្ឋខ្មែរខ្លួនឯងចូលស្រុក។
ក្រសួងការបរទេសអះអាងក្នុងសេចក្ដីប្រកាសព័ត៌មាន ផ្សាយកាលពីថ្ងៃទី១៥ មិថុនាថា អ្នកដែលនៅសេសសល់ ២៨នាក់ គឺជាអ្នកដែលពុំបានផ្ដល់ព័ត៌មានមកស្ថានទូត រីឯអ្នកខ្លះទៀត សម្រេចមិនត្រឡប់មកកម្ពុជាវិញ ដោយសារតែពួកគេត្រូវចូលធ្វើការវិញ ឬខ្លះទៀតត្រូវចូលសាលារៀនវិញ។
យ៉ាងណាក៏ដោយ តាមការអះអាងកន្លងទៅរបស់ពលរដ្ឋខ្មែរដែលជាប់គាំងនៅម៉ាឡេស៊ី ទាំងនោះ រដ្ឋាភិបាលពុំបានចេញលុយជួយទិញសំបុត្រយន្តហោះឲ្យពួកគេទេ ដោយពួកគេត្រូវចេញលុយដោយខ្លួនឯង បើទោះជាពួកគេបានប្រឈមបញ្ហាខ្វះខាត យ៉ាងណាក៏ដោយ។ ដោយសារតែការសម្រេចចិត្តមិនច្បាស់លាស់របស់លោក ហ៊ុន សែន ពួកគេទាំងនោះ បានរងគ្រោះខ្វះខាតផ្នែកជីវភាព ខ្វះអាហារហូបចុក គ្មានកន្លែងស្នាក់នៅ ឬប្រឈមនឹងការចាប់ខ្លួនដោយសាររស់នៅខុសច្បាប់នៅម៉ាឡេស៊ី។
នៅពេលមកដល់កម្ពុជាវិញនៅល្ងាចថ្ងៃទី១៦ មិថុនា ពលរដ្ឋខ្មែរទាំងនេះ ក៏នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។