គ្រូបង្រៀន​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​លើក​ទី​១២

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​លើក​ទី​១២ នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​តុលា។ ប៉ុន្តែ​អ្នក​ចូល​រួម​មិន​បាន​ដង្ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ ដូច​ការ​រំពឹង​ទុក​ទេ ដោយសារ​តែ​កម្លាំង​សមត្ថកិច្ច​និង​កងរាជអាវុធហត្ថ​ប្រមាណ ៣០០​នាក់​បាន​រាំង​ផ្លូវ។

0:00 / 0:00

នៅ​ក្នុង​ការ​ជួបជុំ​គ្នា​នោះ​ដែរ មាន​អំពើ​ហិង្សា​មួយ​បាន​កើត​ឡើង ដោយសារ​បុរស​ម្នាក់​មាន​កាំភ្លើង​ដើរ​បន្លំ​ខ្លួន​នៅ​ក្នុង​ចំណោម​អ្នក​ចូល​រួម​ប្រារព្ធ​ពិធី។

ក្រុម​គ្រូបង្រៀន​មក​ពី ២០​រាជធានី ខេត្ត កម្មករ និង​ក្រុម​យុវជន​សរុប​ប្រមាណ ២០០​នាក់ បាន​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។

លោក រ៉ុង ឈុន ថ្លែង​ថា វិស័យ​អប់រំ​នៅ​កម្ពុជា កំពុង​ធ្លាក់​ចុះ ដោយសារ​តែ​ក្រសួង​អប់រំ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តួនាទី​សំខាន់​របស់​គ្រូបង្រៀន។ លោក​អះអាង​ថា ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ ដរាប​ណា​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា ៩​ចំណុច រួម​មាន​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា យ៉ាង​ហោច​ឲ្យ​បាន ១​លាន​រៀល​ក្នុង​មួយ​ខែ និង​ការ​បំបាត់​អំពើ​ពុករលួយ​ក្នុង​វិស័យ​អប់រំ​ជាដើម។

លោក រ៉ុង ឈុន៖ «សូម​ជំរុញ​ឲ្យ​ក្រសួង ក៏​ដូច​ជា​រដ្ឋាភិបាល ត្រូវ​បើក​បៀវត្សរ៍​ជូន​អ្នកគ្រូ លោកគ្រូ តាម​ធនាគារ ចៀសវាង​ការ​បើក​ដូច​សព្វថ្ងៃ​នេះ ឲ្យ​ជន​ឆ្លៀត​ឱកាស​កាត់​លុយ​កាត់​ប្រាក់ខែ​លោកគ្រូ អ្នកគ្រូ។ ត្រូវ​តែ​ផ្ដល់​សិទ្ធិ​ជូន​គ្រូបង្រៀន​ឲ្យ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ចេញ​មតិ​ការ​ប្រមូល​ផ្ដុំ និង​ការ​ដង្ហែ​ក្បួន»

គ្រូបង្រៀន​ម្នាក់ គឺ​លោកស្រី រស់ ទិត្យម៉ាឡៃ បាន​ថ្លែង​ថា បញ្ហា​ប្រាក់ខែ​គ្រូបង្រៀន​ទាប ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​វិស័យ​អប់រំ​ធ្លាក់​ចុះ។ លោកស្រី​បន្ត​ថា ការ​ធ្លាក់​ចុះ​វិស័យ​ដ៏​សំខាន់​មួយ​នេះ មិន​អាច​ឲ្យ​កម្ពុជា ប្រកួត​ប្រជែង​ទីផ្សារ​ការងារ​បាន នៅ​ពេល​ដែល​ធ្វើ​សមាហរណកម្ម​អាស៊ាន​នៅ​ឆ្នាំ​២០១៥ បាន​ទេ។

ស្រប​ពេល​ដែល​គ្រូបង្រៀន​ឡើង​ថ្លែង​សារ​ដល់​អ្នក​ចូល​រួម​ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក ក្នុង​ន័យ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ពី​ជីវភាព​គ្រូបង្រៀន និង​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​កែ​ទម្រង់​វិស័យ​អប់រំ​ឡើង​វិញ​នោះ។ អំពើ​ហិង្សា​មួយ​បាន​កើត​ឡើង​រវាង​អ្នក​ចូល​រួម​ទៅ​លើ​បុរស​ម្នាក់​ដែល​មាន​កាំភ្លើង​ខ្លី​យក​ចូល​ក្នុង​ពិធី​នោះ។

បុរស​នោះ​ឈ្មោះ ប៉ឹង ជឿន មាន​ប័ណ្ណ​អ្នក​កាសែត​ប្រចាំ​នៅ​អង្គភាព​គេហទំព័រ​មួយ​មិន​មាន​ឈ្មោះ​ច្បាស់លាស់ និង​មាន​កាំភ្លើង​ខ្លី​សៀត​នឹង​ចង្កេះ។ អ្នក​ចូល​រួម​ភាគ​ច្រើន​ជឿ​ថា បុរស​នោះ​មិន​មែន​ជា​អ្នក​កាសែត​ពិត​ប្រាកដ​ទេ ប៉ុន្តែ​អាច​ជា​ជន​បង្កប់​ម្នាក់​ដែល​បន្លំ​បង្ក​ឲ្យ​មាន​ចលាចល​កើត​ឡើង។

ភ្លាមៗ​កាំភ្លើង​ដែល​ដក​ហូត​ពី​បុរស​នោះ ត្រូវ​បាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ប្ដឹង និង​ប្រគល់​ឲ្យ​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ខណៈ​ដែល​ឈ្មោះ ប៉ឹង ជឿន ត្រូវ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ។

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ លោក អំ សំអាត សំដែង​ការ​សោកស្ដាយ​ចំពោះ​អំពើ​ហិង្សា​កើត​ឡើង​ក្នុង​ទិវា​គ្រូបង្រៀន៖ «អ្វី​ដែល​សោកស្ដាយ គឺ​យើង​អំពាវនាវ​ដល់​បាតុករ​ថា បើ​សិន​ជា​មាន​រឿង​អ៊ីចឹង​ត​ទៅ​ទៀត សុំ​ឲ្យ​បង​ប្អូន​ឃាត់ ហើយ​ហៅ​សមត្ថកិច្ច​មក​យក ហើយ​ប្តឹង​សមត្ថកិច្ច​នៅ​កន្លែង​កើត​ហេតុ​ផ្ទាល់​តែម្តង ដែល​មាន​ភស្តុតាង យើង​កុំ​ប្រើប្រាស់​នូវ​អំពើ​ហិង្សា​ជា​បន្ត​ទៀត​នេះ​ជា​វប្បធម៌​មួយ​ដែល​មិន​ល្អ»

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​ករណី​មាន​ជនបង្កប់​យក​កាំភ្លើង​ចូល​ក្នុង​ពិធី​ជួបជុំ​គ្រូបង្រៀន​ឲ្យ​ច្បាស់ និង​ត្រូវ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់។

ចំពោះ​គម្រោង​ដង្ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ត្រូវ​អភិបាល​ខណ្ឌ​ដូនពេញ លោក សុខ សម្បត្តិ ហាម​ជា​ដាច់​ខាត ដោយ​អះអាង​ថា ប៉ះពាល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​មាន​ការ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

លោក រ៉ុង ឈុន ក៏​បាន​ប្រកាស​រំសាយ​ពិធី​ជួប​ជុំ​គ្រូបង្រៀន ដោយ​សម្រេច​មិន​ដង្ហែ​ក្បួន​នៅ​គ្រា​ដែល​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​កងរាជអាវុធហត្ថ​ប្រមាណ ៣០០​នាក់ ដាក់​ពង្រាយ​បិទ​ផ្លូវ​ដែល​គ្រោង​ធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​អប់រំ។

យ៉ាង​ណា​លោក​មាន​គម្រោង​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ ដោយ​ផ្ទាល់ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ដើម្បី​ស្នើ​សុំ​ឲ្យ​ក្រសួង​គិតគូរ​ដំឡើង​ប្រាក់​បៀវត្សរ៍​ឲ្យ​គ្រូបង្រៀន​យ៉ាង​ទាប​ឲ្យ​បាន ១​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។