រោងចក្រកែច្នៃសាច់មាន់មួយកន្លែងក្នុងប្រទេសថៃយល់ព្រមតាមការទាមទារមួយចំនួនរបស់ក្រុមពលករខ្មែរ ដែលបានតវ៉ាកាលពីសប្ដាហ៍មុន។
អ្នកសម្របសម្រួលបណ្ដាញពលករខ្មែរនៅប្រទេសថៃ លោក ប្រាក់ ភត្រា ប្រាប់អាស៊ីសេរីនៅយប់ថ្ងៃទី១៧ វិច្ឆិកាម្សិលមិញថា មានចំណុចមួយចំនួនដែលភាគីរោងចក្រយល់ព្រមផ្ដល់ដំណោះស្រាយអោយពលករខ្មែរ ហើយក៏នៅសេសសល់ចំណុចមួយចំនួនទៀតមិនទាន់ដោះស្រាយដែរ៖ « អ្វីដែលពលករទាមទារដូចជាការចេញទៅក្រៅ រឿងថ្លៃបន្ទប់ ហើយនឹងរឿងថ្លៃឯកសារ នេះបើតាមពួកគាត់ប្រាប់មក។ ប៉ុន្តែនៅបញ្ហាមួយចំនួនទៀត ដែលគាត់រង់ចាំខាងក្រុមហ៊ុនគេពិភាក្សាគ្នា ហើយខ្ញុំអត់ទាន់ដឹងថា គេមានវិធានការយ៉ាងម៉េចទេ » ។
ពលករខ្មែរប្រមាណប្រាំរយ(៥០០)នាក់ក្នុងចំណោមពលករខ្មែរជាងបីពាន់ (៣ ០០០)នាក់ ដែលធ្វើការនៅរោងចក្រផលិត និងកែច្នៃសាច់មាន់ ឈ្មោះជី.អេហ្វ.អិន (GFN) ក្នុងខេត្តឈុនបូរី (Chunburi) ប្រទេសថៃ បាននាំគ្នាតវ៉ាតាំងពីថ្ងៃទី១១ វិច្ឆិកា ដើម្បីទាមទារដំណោះស្រាយ ៣ចំណុចរួមមាន ការទម្លាក់ប្រាក់ឈ្នួលប្រចាំខែចុះទាបជាងមុន ប៉ុន្តែបែរជាតម្លើងថ្លៃជួលបន្ទប់ស្នាក់នៅ និងការហាមពលករ មិនឱ្យចេញទៅក្រៅបរិវេណរោងចក្រ។ នៅក្នុងពេលតវ៉ានោះថៅកែបានសន្យាថានឹងលើកលែងថ្លៃឈ្នួលបន្ទប់ស្នាក់នៅ ដែលមានតម្លៃពីបីរយ (៣០០)បាត ទៅប្រាំមួយរយហាសិប (៦៥០)បាត ឬប្រមាណពី១០ដុល្លារ ទៅ២៥ដុល្លារ ក្នុងមួយខែ ប៉ុន្តែមិនមានដំណោះស្រាយករណីប្រាក់ឈ្នួលប្រចាំខែ ដែលថៅកែកាត់បន្ថយ ដោយហេតុផល វិបត្តិជំងឺកូវីដ-១៩។
ព័ត៌មានពីហ្វេសប៊ុករបស់បណ្ដាញពលករខ្មែរនៅប្រទេសថៃឱ្យដឹងថា នៅថ្ងៃទី១២ វិច្ឆិកា តំណាងស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ និងមន្ទីរការងារខេត្តឈុនបុរីបានចុះទៅដល់ក្រុមហ៊ុន ដើម្បីពិភាក្សារកដំណោះស្រាយបញ្ហាពលករតវ៉ា គឺបញ្ហាថ្លៃដំណើរការឯកសារ ថ្លៃបន្ទប់ស្នាក់នៅថ្លៃម្ហូបអាហារនៅក្នុងក្រុមហ៊ុន និងការរឹតបន្តឹងក្នុងការចេញចូលក្រុមហ៊ុននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។