[អានអត្ថបទជា ភាសាអង់គ្លេស៖ Thailand considers building a wall on its border with Cambodia]
រដ្ឋាភិបាលថៃកំពុងពិចារណាសាងសង់ជញ្ជាំងនៅតាមផ្នែកខ្លះនៃព្រំដែនរបស់ខ្លួនជាប់ជាមួយប្រទេសកម្ពុជា។ គម្រោងសាងសង់ជញ្ជាំងតាមព្រំដែននេះ គឺដើម្បីដោះស្រាយបញ្ហាឆ្លងដែនខុសច្បាប់ ជាពិសេសប្រព្រឹត្តដោយក្រុមឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមអនឡាញ និងក្រុមជនល្មើសរត់ពន្ធគ្រឿងញៀនជាដើម។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជីរ៉ាយូ ហ័ងសាប (Jirayu Huangsab) ថ្លែងប្រាប់ក្រុមអ្នកកាសែត កាលពីថ្ងៃចន្ទ ទី៣ ខែមីនា ថា នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីរបស់អ្នកស្រី និងទីភ្នាក់ងាររដ្ឋពាក់ព័ន្ធ សិក្សាបន្ថែមលើគំនិតនៃការចង់សាងសង់ជញ្ជាំងរវាងប្រទេសថៃ និងកម្ពុជា ដើម្បីបង្ការការឆ្លងដែនខុសច្បាប់ ការចរាចរណ៍ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ និងការជួញដូរពាណិជ្ជកម្មខុសច្បាប់។ អ្នកនាំពាក្យរូបនេះ លើកឡើងថាលទ្ធភាពនៃការសាងសង់ជញ្ជាំងនេះគឺអាចស្ថិតក្នុងតំបន់ជាប់ព្រំដែនប៉ោយប៉ែតរបស់កម្ពុជា។
ការបង្ហើបគំនិតនេះស្របពេលក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញផ្លាស់មកប៉ោយប៉ែត
អ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះ បន្តថានាយករដ្ឋមន្ត្រីថៃបានបង្ហើបឱ្យដឹងពីគំនិតចង់សាងសង់ជញ្ជាំងនេះឡើង គឺនៅស្របពេលដែលក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញមកពីប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬ ភូមាបានបម្លាស់ទីមកក្រុងប៉ោយប៉ែត។ លោកថា រដ្ឋាភិបាលថៃគ្រោងពិភាក្សារឿងនេះជាមួយអាជ្ញាធរកម្ពុជា។ គិតត្រឹមម៉ោងផ្សាយនេះ នៅមិនទាន់មានប្រតិកម្មតបណាមួយពីភាគីកម្ពុជានៅឡើយទេជុំវិញផែនការរបស់ភាគីថៃដែលចង់សង់ជញ្ជាំងតាមព្រំដែននេះ។
អត្ថបទដែលទាក់ទង៖
កាលពីថ្ងៃទី១ ខែមីនា អាជ្ញាធរកម្ពុជា បានបណ្តេញជនជាតិថៃចំនួន១១៩នាក់ ក្នុងនោះមានស្រី៥៨នាក់ចេញពីប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ អាជ្ញាធរបញ្ជាក់ថា ជនជាតិថៃទាំងនោះ មានជាប់ពាក់ព័ន្ធនឹងសកម្មភាពអនឡាញខុសច្បាប់នៅលើទឹកដីកម្ពុជា។ ពួកគេទាំងនេះ ស្ថិតក្នុងចំណោមជនបរទេសផ្សេងទៀតសរុបចំនួន ២៣០នាក់ ដែលត្រូវអាជ្ញាធរកម្ពុជា ចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបទីតាំងអគារប្រតិបត្តិការឆបោកតាមអនឡាញចំនួន២ទីតាំង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត។
កាលពីខែសីហា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិ រកឃើញថា យ៉ាងហោចណាស់មានមនុស្ស១សែននាក់បានក្លាយជាជនរងគ្រោះដោយសារតែការបង្ខំឱ្យប្រព្រឹត្តអំពើឆបោកតាមអនឡាញនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
