សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងសម្ពោធបណ្ណាល័យសម្ដេចម៉ែនៃវិទ្យាស្ថានស្លឹករឹត ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជាតម្កល់ឯកសារជាង ១លាន ៧សែនទំព័រ។
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២១ កញ្ញា ឲ្យដឹងថា បណ្ណាល័យសម្ដេចម៉ែ តម្កល់ទុកសៀវភៅប្រមាណជាង ៣០០០ក្បាល និងឯកសារចំនួន ២៨០០ប្រអប់ ដែលប្រមែប្រមូលដោយលោកឯកអគ្គរាជទូត បណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស ក្នុងអំឡុងរយៈពេលជាច្រើនឆ្នាំនៃការងារចងក្រងកត់ត្រាឯកសាររបស់លោកស្ដីពីរាជវង្សានុវង្ស និងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។
ឯកសារដែលតម្កល់នៅក្នុងបណ្ណាល័យសម្ដេចម៉ែ រួមមានសៀវភៅជាច្រើនទៀតស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងឯកសារស្ដីពីរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) យ៉ាងហោចណាស់ ១លាន ៧សែនទំព័រ ដែលស្រាវជ្រាវដោយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាអស់រយៈពេលប្រមាណជាង ២០ឆ្នាំកន្លងមក។ បណ្ណាល័យសម្ដេចម៉ែ ថែមទាំងមានតម្កល់នូវឯកសារក្នុងទម្រង់ដទៃទៀត ដូចជា រូបថត ភាពយន្ត និងខ្សែអាត់សំឡេងជាច្រើនម៉ឺននាទីរបស់ជនរងគ្រោះក្នុងសម័យ ប៉ុល ពត ដែលត្រូវបានធ្វើឲ្យទៅជាទម្រង់ឌីជីថលមានគុណភាពខ្ពស់ ដើម្បីធានាដល់ការអភិរក្សលើឯកសារឲ្យបានគង់វង្ស និងផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការប្រើប្រាស់។
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា បន្តថា បណ្ណាល័យសម្ដេចម៉ែ គឺមិនមែនគ្រាន់តែជាទីតាំងសម្រាប់សិក្សាអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា តែប៉ុណ្ណោះនោះទេ វាជាកេរដំណែលរបស់សម្តេចម៉ែ និងស្ត្រីកម្ពុជាគ្រប់រូប។ ស្ត្រីកម្ពុជាបានខិតខំប្រឹងប្រែងដោយមិនរួញរាក្នុងការស្ដារ លើកស្ទួយ និងកសាងប្រទេសជាតិសាជាថ្មី តាមរយៈការចិញ្ចឹមបីបាច់គ្រួសារ ក្តាប់យក និងពង្រីកឱកាសសេដ្ឋកិច្ច អភិរក្ស ការពារ និងពង្រឹងសហគមន៍ វប្បធម៌ និងប្រទេសជាតិរបស់ខ្លួន ក្រោយពេល របបខ្មែរក្រហមបានដួលរលំ។ បណ្ណាល័យសម្ដេចម៉ែ បង្កើតឡើងដើម្បីឧទ្ទិសដល់ស្ត្រីកម្ពុជា ទាំងនៅក្នុងអតីតកាល បច្ចុប្បន្ន និងអនាគត។
បណ្ណាល័យសម្តេចម៉ែ បានបង្កើតឡើងជាផ្លូវការដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីថ្វាយព្រះរាជកិត្តិយសជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់ជូនសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដែលបានខិតខំប្រឹងប្រែង ដើម្បីសម្ដេច ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ប្រទេសជាតិកម្ពុជា និងប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។