បុគ្គលិកសណ្ឋាគារ ហ្គៀតឌូក ភ្នំពេញ (Great Duke Phnom Penh) សម្រេចគ្នាថា នឹងធ្វើការតវ៉ាជាថ្មីនោះទេ ក្រោយពីក្រុមប្រឹក្សាអាជ្ញាកណ្ដាលចេញសេចក្ដីសម្រេច បង្គាប់ឲ្យម្ចាស់សណ្ឋាគារផ្ដល់ប្រាក់សំណងការងារដល់ពួកគេ។
ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល ប្រាប់អាស៊ីសេរី នៅថ្ងៃទី២៤ កុម្ភៈ ថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាលទុកពេលរយៈពេល៨ថ្ងៃ ឲ្យភាគីគូទំនាស់ គិតពិចារណា ឬជំទាស់នឹងការសម្រេចនេះ ប្រសិនបើមិនការជំទាស់ណាមួយទេ នោះភាគីថៅកែត្រូវគិតគូរផ្ដល់សំណងដល់បុគ្គលិកទាំងអស់១៣៦នាក់។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលសម្រេចយល់ព្រមតាមសំណើក្រុមអ្នកតវ៉ា ៣ចំណុច និងបដិសេធចោល១ចំណុច។ ចំណុចទាំងនោះ គឺថៅកែសណ្ឋាគារត្រូវ ទូរទាត់ប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ ប្រាក់ជូនដំណឹង និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ឲ្យបុគ្គលិក ដោយដកប្រាក់សំណងជំងឺចិត្តចេញ។
លោក ទូច កុសល បញ្ជាក់ថា លោកទាក់ទងទៅលោក លី តាយឡេង ជាមេធាវីតំណាងម្ចាស់សណ្ឋាគារ ដើម្បីកំណត់ពេលវេលាជាក់លាក់ផ្ដល់ប្រាក់សំណងនេះ ប៉ុន្តែត្រូវមេធាវីប្រាប់ថា មិនទាន់ទទួលបានការឆ្លើយតបពីខាងថៅកែនៅឡើយ ខណៈបុគ្គលិកកំពុងទន្ទឹមរង់ចាំប្រាក់សំណងយ៉ាងអន្ទះសា។
លោកឲ្យដឹងថា ចំនួនទឹកប្រាក់សរុបដែលបុគ្គលិកជាង ១រយនាក់នេះ ត្រូវទទួលបានពីថៅកែ គឺចន្លោះពី ៤០ម៉ឺនដុល្លារ ទៅ ៥០ម៉ឺនដុល្លារ។
បុគ្គលិកទាំងអស់ប្រកាន់ជំហរថា បើថៅកែ នៅតែមិនព្រមបើកប្រាក់សំណងការងារឲ្យពួកគេ តាមការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនោះទេ ពួកគេនឹងប្រមូលផ្ដុំគ្នាធ្វើកូដកម្មតវ៉ាមុខនៅមុខសណ្ឋាគារឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។