តំបន់​អគារ​បនល្បែង​កាស៊ីណូ​នៅ​កម្ពុជា​ហាក់​ក្លាយ​ជា​ទីកន្លែង​ពេញ​និយម​ឆក់​យក​ជីវិត​ជនបរទេស

ដោយ ប្រាជ្ញ ចេវ
2025.01.15
តំបន់​អគារ​បនល្បែង​កាស៊ីណូ​នៅ​កម្ពុជា​ហាក់​ក្លាយ​ជា​ទីកន្លែង​ពេញ​និយម​ឆក់​យក​ជីវិត​ជនបរទេស អគារកាស៊ីណូ​ក្រោន រីសត (Crown Resort) របស់ឧកញ៉ា កុក អាន នៅ​ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
រូប៖ គេហទំព័រ Crown Resort

បរិវេណ​នៃ​ទីតាំង​តំបន់​អគារ​បនល្បែង​កាស៊ីណូ និង​អគារ​ពាណិជ្ជកម្ម​នៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ហាក់​ក្លាយ​ជា​កន្លែង​ពេញ​និយម​ដែល​បាន​ឆក់​យក​ជីវិត​ជនបរទេស​ជា​បន្ត​បន្ទាប់។ ជា​ញឹកញយ​នៅ​ក្បែរៗ​អគារ​បនល្បែង​កាស៊ីណូ​ក្នុង​រាជធានី​ភ្នំពេញ​គេ​តែង​ឃើញ​មាន​ជនបរទេស​បាន​ស្លាប់​ដោយសារ​តែ​ធ្លាក់​ពី​លើ​អគារ ហើយ​ក្នុង​ករណី​ខ្លះ​សមត្ថកិច្ច​បាន​ចេញ​មុខ​បកស្រាយ​ថា ជា​ករណី​ធ្វើ​អត្តឃាត​ដោយ​មិន​បាន​ស៊ើបអង្កេត​ដោយ​ហ្មត់ចត់ និង​តម្លាភាព​នោះ​ឡើយ។

អ្នក​ជំនាញ​សិទ្ធិមនុស្ស និង​អ្នក​តាម​ដាន​បញ្ហា​សង្គម​លើកឡើង​ថា ការ​ស្លាប់​នៃ​ជនបរទេស​នៅ​ក្បែរ​អគារ​បនល្បែង​កាស៊ីណូ​មួយ​ចំនួន​ទាំង​នៅ​តាម​បណ្ដា​ខេត្ត និង​នៅ​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់​មក​នេះ អាជ្ញាធរ​កម្ពុជា​ហាក់​ព្យាយាម​បំបិទ​ព័ត៌មាន និង​មិន​បាន​ស៊ើបអង្កេត​ស្វែងរក​ការ​ពិត ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ឡើយ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ប្រាប់​វិទ្យុអាស៊ីសេរី នៅ​ថ្ងៃ​ទី១៤ ខែ​មករា​ថា ការ​ស្លាប់​នៃ​ជនបរទេស​ខ្លះ​អាច​មិនមែន​ជា​ករណី​ធ្វើ​អត្តឃាត​នោះ​ទេ។ លោក​បញ្ជាក់​ថា កន្លងមក​សាច់ញាតិ​ជនរងគ្រោះ​ជនបរទេស​ខ្លះ​ក៏​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ចំពោះ​ការ​បាត់បង់​សមាជិក​គ្រួសារ​របស់​ពួកគេ ដោយសារ​តែ​សង្ស័យ​ចំពោះ​ការ​បង្ខាំង និង​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ខុស​ច្បាប់។ លើស​ពី​នេះ លោក​កត់សម្គាល់​ថា ករណី​ជនបរទេស​ខ្លះ​ដែល​បាន​ស្លាប់​ដោយសារ​តែ​ធ្លាក់​ពី​លើ​អគារ​នោះ សមត្ថកិច្ច​តែងតែ​ចេញ​មុខ​បកស្រាយ​ភ្លាមៗ​ដោយ​ពុំ​បាន​ស៊ើបអង្កេត​ដោយ​ហ្មត់ចត់ និង​តម្លាភាព ដើម្បី​រិះរក​វិធានការ​ទប់ស្កាត់​កុំ​ឱ្យ​ករណី​បែប​នេះ​កើតឡើង​ក្រោយៗ​ទៀត​ឡើយ

លោក អំ សំអាត៖ «ប្រសិនបើ​ជនបរទេស​ដែល​ត្រូវ​បាន​ស្លាប់​នៅ​តាម​ជិត​អគារ​កាស៊ីណូ ឬ​អគារ​ពាណិជ្ជកម្ម​ផ្សេងៗ​គួរតែ​មាន​ស៊ើបអង្កេត​ឱ្យ​បាន​ល្អិតល្អន់ តម្លាភាព មុន​នឹង​ធ្វើ​ការ​ឆ្លើយតប​ណា​មួយ​ជាង​ជា ការណ៍​ដែល​យើង​មិន​ទាន់​មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ល្អិតល្អន់​ផង អាជ្ញាធរ​លោក​លើកឡើង​ថា ជា​ករណី​អត្តឃាត​ទៅ​ហើយ។ ទោះបីជា​ការ​ធ្វើ​អត្តឃាត​ក៏​ដោយ​ក៏​ត្រូវតែ​ស៊ើបអង្កេត​រក​ឫសគល់​ថា តើ​ហេតុ​អី​បាន​ជនបរទេស​ទាំងអស់​ហ្នឹង​សម្រេច​ចិត្ត​សម្លាប់​ខ្លួន​ដោយសារ​តែ​រឿង​ចាញ់​បោក​តាម​ប្រព័ន្ធ​អនឡាញ ដោយសារ​តែ​ការ​ចាញ់​កាស៊ីណូ​អស់​ទ្រព្យសម្បត្តិ ឬ​រឿង​អ្វី? ដើម្បី​រក​ដំណោះស្រាយ និង​វិធានការ​ទប់ស្កាត់»

ប្រតិកម្ម​របស់​មន្ត្រី​សិទ្ធិមនុស្ស​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ស៊ុន ជីកាង (Sun Jigang) អាយុ ៤៦ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​បន្ទាប់​ពី​ធ្លាក់​ពី​លើ​អគារ​បនល្បែង​ណាហ្គាវើលដ៍២ (NagaWorld2) ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ រាជធានី​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​ទី១២ ខែ​មករាសាកសព​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​ដេក​ផ្ងារ​លើ​របង​ក្បែរ​ស្ថាប័ន​រដ្ឋសភា និង​បាន​របូត​អាវ​ចេញ​ពាក់​កណ្ដាល​ពី​ខ្លួន។ មក​ដល់​ពេល​នេះ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​មិន​ទាន់​មាន​ការ​បំភ្លឺ​ចំពោះ​ការ​ស្លាប់​នៃ​ជនបរទេស​រូប​នេះ​នៅ​ឡើយ

កាល​ពី​ថ្ងៃ​ទី៨ ខែមករា ក៏​មាន​ជនបរទេស​ម្នាក់​ដែល​សង្ស័យ​ជា​ជនជាតិ​ថៃ​បាន​ស្លាប់​ភ្លាមៗ​ក្រោយ​បាន​ធ្លាក់​ពី​លើ​អគារ​កាស៊ីណូ​ហ្គោលឌិន (Golden Casino) ជាន់​ទី១៤ នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យជនរងគ្រោះ​ដែល​បាន​ស្លាប់​នោះ ត្រូវ​បាន​កាសែត​ថៃ​រាយការណ៍​ថា ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន​នាំ​យក​ឱ្យ​ទៅ​បម្រើ​ការងារ​ជា​អ្នក​ឆបោក​តាម​អនឡាញ។ កាស៊ីណូ​ហ្គោលឌិន​គឺ​ជា​ទីតាំង​ដែល​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ធ្លាប់​អះអាង​ថា គឺជា​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុម​ឧក្រិដ្ឋជន​នៅ​កម្ពុជា ធ្វើ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​ទូរស័ព្ទ បើក​បនល្បែង​អនឡាញ ការ​ជួញដូរ​គ្រឿងញៀន និង​ការ​ជួញដូរ​មនុស្ស

វិទ្យុ​អាស៊ីសេរី​ក៏​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សំ វិច្ឆិកា និង​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក សិទ្ធិ ឡោះ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី១៤ ខែ​មករា។

អ្នក​សិក្សា​បញ្ហា​សង្គម និង​នយោបាយ​លោក ប៉ោ មករា លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់​មិន​ទាន់​បាន​ធានា​សុវត្ថិភាព​ពេញលេញ​ដល់​ជនបរទេស​ដែល​ចូល​មក​ធ្វើ​ការ និង​ទស្សនា​កម្ពុជា​នៅ​ឡើយ។ លោក​ជំរុញ​ដល់​អាជ្ញាធរ​ស៊ើបអង្កេត​ករណី​ជនបរទេស​ដែល​ស្លាប់​ដោយសារ​តែ​ធ្លាក់​ពី​លើ​អគារ​ជា​បន្តបន្ទាប់ និង​ទាមទារ​ដល់​រដ្ឋាភិបាល​ធានា​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​លើ​ជនល្មើស។

លោក ប៉ោ មករា៖ «នៅ​ពេល​ដែល​កម្ពុជា​មាន​ប្រព័ន្ធ​ច្បាប់​មួយ​ច្បាស់លាស់​រឹងមាំ​កម្ពុជា​ស្ថិត​ក្នុង​ប្រព័ន្ធ​ច្បាប់​នីតិរដ្ឋ​ពិត​ប្រាកដ​ធានា​ទាំង​អស់​ទាំង​ប្រជាជន​កម្ពុជា ជាពិសេស​អ្នក​ដែល​ទន់ខ្សោយ​អ្នក​ដែល​ត្រូវការ​ការ​គាំពារ​ពី​ច្បាប់ និង​ការណ៍​ដែល​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល​កម្ពុជា​ទាំង​មូល»

ការ​ស្លាប់​របស់​ជនបរទេស​នៅ​លើ​ទឹកដី​កម្ពុជា​ក្នុង​រូបភាព​ធ្លាក់​ពី​អគារ​ពាណិជ្ជកម្ម និង​អគារ​បនល្បែង​កាស៊ីណូ​កន្លង​មក ជនរងគ្រោះ​ភាគច្រើន​គឺ​ជា​ជនជាតិចិន (China) តៃវ៉ាន់ (Taiwan) ថៃ (Thailand) វៀតណាម (Vietnam) ឥណ្ឌូណេស៊ី (Indonesia) និង​ឥណ្ឌា (India) ជាដើម និង​បាន​ស្លាប់​នៅ​ក្នុង​តំបន់​បរិវេណ​អគារ​ពាណិជ្ជកម្ម និង​អគារ​បនល្បែង​ក្នុង​ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្តស្វាយរៀងអ្នកឃ្លាំមើល​យល់​ឃើញ​ថា ការ​ព្យាយាម​មិន​បង្ហាញ​ព័ត៌មាន និង​ឆន្ទៈ​ស៊ើបអង្កេត​លើ​បញ្ហា​ទាំង​នេះ​គឺ​ជា​ការ​ខាតបង់​សម្រាប់​រដ្ឋាភិបាល​ទៅ​វិញ​ទេ ព្រោះ​សហគមន៍​ជាតិ និង​អន្តរជាតិ​នឹង​បន្ត​រិះគន់​ទៅ​លើ​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។