សមត្ថកិច្ច​កម្ពុជា​ចាប់​ជនជាតិ​ចិន​៣​នាក់​ពី​បទ​បង្ក​របួស​ស្នាម

កង​រាជ​អា​វុធ​ហត្ថ​ក្រុង​ភ្នំ​ពេញ​ឃាត់​ជន​ជាតិ​ចិន​ចំនួន​៣​នាក់​ ​ហើយបាន​​បញ្ជូន​ទៅ​តុលាការរាជធានីភ្នំពេញ​ភា្លម​ៗ​ដើម្បី​សាក​សួរ ករណី​ហឹង្សា​នៅព្រឹក​​ថ្ងៃព្រហស្បត៍​ទី​២០​ខែ​កុម្ភ:​​​ ​នៅ​សង្កាត់​ទន្លេ​បា​សាក់​ ​ខណ្ឌ​ចំ​ការមន។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​ អេង​​ ​ហ៊ី​ ​​ប្រាប់​អាស៊ីសេរី​ថា ​ជន​សង្ស័យ​ទាំង​នេះ​ ​បាន​ប្រើ​អំ​ពើ​ហឹង្សា​​ទៅ​លើ​ជនជាតិ​ចិន​ដូច​គ្នា​​ ​ហើយការ​វាយ​តប់​គ្នា​នេះ​បាន​ឈានទៅ​ដល់​ការ​​ផ្ទុះអា​វុធ​ តែ​មិន​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជី​វិត​ទេ។

លោក​ថា ​បក្ខ​ពួកជន​ល្មើស​មួយ​ចំនួន​បាន​រត់​គេច​ខ្លួន​ ​បន្ទាប់​ពី​ការ​ផ្ទុះ​អាវុធ​ ​ហើយ​សមត្ថកិច្ច​កំពុង​តាម​រក​ចាប់​ខ្លួន​។ ​លោក​មិន​បាន​ដឹង​ថា​ជំលួស​នេះ​បង្ក​ឡើង​ដោយសារ​​អ្វី​ទេ​ ​ព្រោះ​ការ​ចាប់​ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង​តាម​បទបញ្ជារ​របស់​ព្រះរាជ​អាជ្ញាម្នាក់​នៅ​សាលា​ដំ​បូង​រដ្ឋធានី​ភ្នំ​ពេញ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់​ទង​លោក ​​អ៊ី​ រិន​​​ ​ប្រធាន​លេខា​ធិកា​រ​ដ្ឋាន​នៃ​សាលា​ដំ​បូង​រដ្ឋ​ធា​នី​ភ្នំ​ពេញ​ ​ប៉ុន្តែ​ទូរស័ព្ទ​លោកគ្មាន​អ្នក​ទទួល។

កាសែត​ក្នុង​ស្រុក​​រាយ​ការណ៍​ថា​ ​អំ​ពើ​ហឹង្សា​នេះ​បាន​កើត​ឡើង​ដោយសារ​ជន​រង​គ្រោះ​ម្នាក់ ​ដែល​ជា​ជន​ជាតិ​ចិន​ដូច​គ្នា​ បាន​វេលុយ​ចូល​ក្រុម​ហ៊ុន​ប្តូរ​ប្រាក់​របស់​ជន​ល្មើស ​ប៉ុន្តែ​នៅ​ពេល​ជន​រង​គ្រោះ​ទៅ​បើក​លុយ​ ​ជន​បង្ក​មិន​ព្រម​បើក​ឲ្យ​គ្រប់​ចំនួន​។

របាយការណ៍របស់​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​ឲ្យ​ដឹង​ថា​ ​ជន​ជាតិ​ចិន​ជាងមួយពាន់នាក់ (១.​០១៣​នាក់​) ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួនក្នុង​ឆ្នាំ​២០១៩​ ​ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​៕