ភ្ញៀវ​ទេសចរ​ទៅ​លេង​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​បុណ្យ​អុំទូក​ឆ្នាំនេះ​ថយ​ចុះ​ជិត ២៦​ភាគរយ

ដោយ យន់ សាមៀន
2018-11-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧។
ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧។
RFA

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ ដែល​ចូល​ទៅ​ទស្សនា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ឆ្នាំនេះ​បាន​ថយ​ចុះ បើ​ប្រៀប​ធៀប​ឆ្នាំមុន។

អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក វ៉េង ស៊ីសុវង្ស ឲ្យ​ដឹង​ថា ខេត្ត​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ​ជាង ៦​ម៉ឺន​នាក់​ក្នុង​នោះ​មាន ភ្ញៀវ​អន្តរជាតិ​ជាង ១ម៉ឺន​នាក់។

លោក វ៉េង ស៊ីសុវង្ស ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សណ្ឋាគារ​និង​ផ្ទះសំណាក់​មួយ​ចំនួន​បាន​ដំឡើង​តម្លៃ​ស្នាក់នៅ រយៈពេល​បី​ថ្ងៃ នៃ​ពិធីបុណ្យ​អុំទូក។ ចំណែក​ម្ហូបអាហារ​គ្រឿង​សមុទ្រ ក៏​ឡើងថ្លៃ​ដែរ។

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ទទួល​ស្គាល់​ថា ពិតជា​មាន​ករណី​ប្រតិបត្តិករ​ទេសចរ​មួយ​ចំនួន បាន​ដំឡើង​តម្លៃ​សេវា​ម្ហូបអាហារ និង​ដំឡើង​តម្លៃ​សេវា​ស្នាក់នៅ កើន​លើស​ថ្ងៃ​ធម្មតា​ពិតប្រាកដ​មែន។

លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ឲ្យ​បន្ត​ចូល​មក​សម្រាក​កម្សាន្ត​ខេត្ត​ឆ្នេរសមុទ្រ​មួយ​នេះ ឲ្យ​បាន​ច្រើន​ថែមទៀត​នា​ថ្ងៃ​ខាងមុខ ជាពិសេស​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៨-២០១៩ ខាងមុខនេះ ដោយសារតែ​អាជ្ញាធរ​ខេត្ត​បាន​កែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ និង​បញ្ហា​សន្តិសុខ៖ «ខ្ញុំ​បាន​មាន​វិធាន​ការ​ចុះ​ណែនាំ អប់រំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ដែល​ប្រកប​មុខរបរ​ទទួលទាន​លើ​វិស័យ​សេវាកម្ម​ទេសចរណ៍ មាន​សណ្ឋាគារ ផ្ទះសំណាក់ និង​អាហារដ្ឋាន​ជាដើម គឺ​ឲ្យ​យកចិត្តទុកដាក់​ទៅលើ​តម្លៃ ដើម្បី​កុំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​អារម្មណ៍ របស់​ភ្ញៀវ​ទេសចរ ទៅលើ​ការ​ដំឡើង​តម្លៃ​សេវា​ខ្ពស់​ពេក។ ប៉ុន្តែ​ធ្វើ​ម៉េច​តម្លៃ​សេវា​បម្រើ​ទាំងនោះ គឺ​វា​រត់​ទៅតាម​តម្លៃ​ទីផ្សារ ហើយ​លទ្ធភាព​ផ្គត់ផ្គង់ និង​តម្រូវការ​ទីផ្សារ គឺ​វា​មិន​ដូចគ្នា​ទេ វា​តែងតែ​មានការ​ដំឡើង​តម្លៃ​ខ្លះ​ៗ​ពិតមែន។ នេះ​គឺជា​ឱកាស​ដែល​បងប្អូន​យើង​ត្រូវ​ពិនិត្យ​មើល​ថា ការ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ តើ​គួរ​ស្នាក់នៅ​កម្សាន្ត​នៅ​តាម​ឆ្នេរ​ខេត្ត​ព្រះសីហនុ ឬមួយ​ក៏​ត្រូវ​បន្ត​ចេញទៅ​កម្សាន្ត​នៅ​តាម​បណ្ដា​កោះ​នានា វា​អាស្រ័យ​ទៅ​លើ​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជា​អ្នក​សម្រេចចិត្ត ហើយ​រដ្ឋបាល​ខេត្ត​បាន​គាំទ្រ និង​បាន​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ដោយ​យកចិត្តទុកដាក់ ដោយ​មិន​គិត​ថា​នៅ​លើ​ដីគោក ឬ​ដី​កោះ​នោះ​ទេ»

កន្លង​មក ពលរដ្ឋ​និង​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​កើន​ឡើង​នៃ​ចំនួន​ជនជាតិ​ចិន​រស់នៅ​ក្នុង​ខេត្ត​នេះ​បណ្ដាល​ឲ្យ​ភ្ញៀវ​ទេសចរ​មិនសូវ​មក​កម្សាន្ត​ខេត្ត​នេះ​នោះ​ទេ ដោយសារតែ​ជនជាតិ​ចិន​ទាំងអស់​បង្ក​បញ្ហា​អសន្តិសុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ខ្ញុំ​ពិត​ជា​មិន​ហ៊ាន​ប្រថុយ​ទៅ​លេង​ខេត្ត​ព្រះ​សីហនុ​ទៀត​ទេ ព្រោះ​ខ្ញុំ​ខ្លាច​មាន​រឿង​ជាមួយ​ជន​ជាតិ​ចិន​ដែល​កំពុង​តែ​កាន់​កាប់​ខេត្ត​ព្រះសីហនុ​ដោយ​ប្រើ​ប្រាស់​រូប​ភាព​ជំនួញ និង​សេវាកម្ម។ តាម​ភាព​ជាក់​ស្ដែង​ឃើញ​ថា សណ្ឋាគារ​ជាច្រើន​ត្រូវ​បាន​ចិន​ទិញ​ជា​កម្ម​សិទ្ធ​អាជីវកម្ម ឬ​ជួល​សម្រាប់​សេវាកម្ម​ដល់​ជន​ជាតិ​ចិន​ដូចគ្នា។ ជាមួយ​គ្នា​នោះ​ដែរ អំពើ​អបាយមុខ​ជា​ច្រើន​ត្រូវ​បាន​ទន្រ្ទាន​លើ​ឈូង​សមុទ្រ​ខ្មែរ​មួយ​នេះ។ ខេត្ត​ដែល​ធ្លាប់​ប្រជា​ជន​ខ្មែរ​ និង​បរទេស​និយម​ទៅ​លេង បែរ​ទៅ​ជា​ទី​កន្លែែង​ដែល​គេ​កំពុង​តែ​បោះ​បង់​ដោយសារ​តែ​វត្ត​មាន​របស់​ជនជាតិ​សំឡេងឮ។ ដូច្នេះ​បើ​ឃើញ​ថា​ភ្ញៀវ​ទេសចរ​ថយ​ចុះ វា​មិន​ជា​រឿង​ចម្លែក​នោះ​ទេ។ តែ​អាណិត​ខេត្ត​មួយ​នេះ​ណាស់! អនិច្ចារ!

Nov 25, 2018 08:47 PM

គេហទំព័រ​ទាំងមូល