អភិបាលរង​ខេត្ត​​ ២​រូប​​ស្លាប់ ​និង​​របួស​ធ្ងន់ ​ក្នុង​​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍

អភិបាលរង​ខេត្ត​ប៉ៃលិន​ម្នាក់​ស្លាប់ និង​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្ត​កំពង់ឆ្នាំង។ គ្រោះថ្នាក់​ក៏​បណ្ដាល​ឲ្យ​អ្នក​បើក​រថយន្ត​ម្នាក់​រង​របួស​ធ្ងន់​ផង​ដែរ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​រថយន្ត​នេះ គឺ​កើតឡើង​ខណៈ​ដែល​អភិបាល​រង​ខេត្ត​ទាំងពីរ​បាន​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​បន្ទាយមានជ័យ ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ។

ការ​ចុះផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ថ្ងៃទី២០ ខែ​ធ្នូ ​ឱ្យ​ដឹង​ថា អភិបាលរង​ខេត្ត​ប៉ៃលិន​ដែល​បាន​ស្លាប់ គឺ​អ្នកស្រី សោម មុន្នីរ័ត្ន អាយុ ៥៦​ឆ្នាំ ចំណែក​អភិបាលខេត្ត​បន្ទាយមានជ័យ​ដែល​របួសធ្ងន់​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត គឺ​អ្នកស្រី ប៉ុក ណាឌី អាយុ ៤៩​ឆ្នាំ និង​អ្នក​បើក​រថយន្ត​ម្នាក់ទៀត​គឺ​លោក គីន ណាំចូក។

ការ​ចុះផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ឱ្យ​ដឹង​បន្ថែម​ថា រថយន្ត​ដែល​អភិបាលរង​ខេត្ត​ទាំងពីរ​បាន​ជិះ ដើម្បី​ធ្វើដំណើរ​ទៅកាន់​រាជធានី​ភ្នំពេញ បាន​រ៉េ​ចង្កូត​ទៅ​បុក​​​រថយន្ត​សុំាយ៉ុង រួចហើយ​បន្ត​ទៅ​បុក​នឹង​រថយន្ត​មួយទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ (Hyundai) ទើប​បណ្ដាល​ឱ្យ​អភិបាលរង​ខេត្ត​ប៉ៃលិន​ស្លាប់​នៅ​នឹង​កន្លែង។

សាកសព​របស់​អភិបាលរង​ខេត្ត​ប៉ៃលិន​ត្រូវ​បាន​យក​ទៅ​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​នៃ​សព នៅ​ក្នុង​ភូមិ​អូរ​ច្រាកណ្តាល សង្កាត់​ទួលល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស បង្ហាញ​ថា រយៈពេល ២០​ថ្ងៃ​នៅ​ក្នុង​ខែ​ធ្នូ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ១៨៦លើក ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​សរុប ៨៦នាក់ និង​បង្ក​ឱ្យ​មាន​របួសធ្ងន់​ស្រាល​សរុប​ចំនួន ២៤៥នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។