នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល ទាមទារអោយរបបក្រុងភ្នំពេញបើការស៊ើបអង្កេតជុំវិញករណីភ្លើងឆេះផ្ទះរបស់លោក ដើម្បីស្វែងរកអោយឃើញនូវមូលហេតុពិតដែលនាំអោយកើតអគ្គីភ័យនេះ។
លោកមានប្រសាសន៍ថា ការដែលលោកសុំឲ្យស៊ើបអង្កេតនេះ ដោយសារមានចំណុចសង្ស័យមួយចំនួនគឺ រយៈពេលបីថ្ងៃមុនពេលអគ្គីភ័យកើតឡើង កាមេរ៉ាសុវត្ថិភាពរបស់លោកលែងដំណើរការ ហើយក្រោយមកស្រាប់តែមានភ្លើងឆេះតែចេញពីក្នុងផ្ទះរបស់លោកតែម្តង កាលពីម៉ោង ៨ និង ៣០ នាទីព្រឹកកាល ពីថ្ងៃទី៩ កុម្ភៈ៖ « រយៈពេលបី ឬបួនថ្ងៃមុនពេលឧបទ្ទវហេតុនេះកើតឡើងមានបញ្ហាកាមេរ៉ា សុវត្ថិភាពហ្នឹងគឺហាក់ដូចជាមានបញ្ហាអ្វីមួយធ្វើអោយកាមេរ៉ាហ្នឹងមិនបញ្ជូនរូបភាពទេធ្វើឲ្យវាទៅជាផ្ទាំងខ្មៅងងឹត។ដូច្នេះធ្វើឲ្យមានអ្វីមើលមិនឃើញដើម្បីយកមកប្រើ ឬក៏ពិនិត្យចាក់សារឡើងវិញដើម្បីមើលពីមូលហេតុ ឬក៏មើលពីរូបភាពដែលកើតមានឡើងនៅពេលហ្នឹងទេ។ អ៊ីចឹងវាជារឿងអកុសលមួយ ដែលអ៊ីចឹងយើងក៏មិនដឹងថា មូលហេតុអ្វីបានជាកាមេរ៉ាហ្នឹងវាខូចរយៈពេលបីបួនថ្ងៃមុនឧបទ្ទវហេតុហ្នឹង » ។
ផ្ទះលោក ព្រាប កុល ស្ថិតនៅក្នុងបុរី ប៉េង ហួត ក្នុងខណ្ឌច្បារអំពៅ បណ្ដាលអោយឆេះខូចខាតស្ទើរតែទាំងស្រុង។
លោក ព្រាប កុល ឱ្យដឹងទៀតថា ម្ចាស់បុរី និងអ្នកឃើញហេតុការផ្ទាល់ភ្នែកបានប្រាប់ថា មូលហេតុដែលបណ្ដាលឱ្យមានភ្លើងឆេះផ្ទះនេះគឺដោយសារតែគឺដោយសារតែឆ្លងចរន្តអគ្គិសនីចេញពីបន្ទប់ខាងក្រោមផ្ទះរបស់លោក។
ទោះយ៉ាងណា មិនជឿទៅលើការអះអាងនេះទេ។លោកថា បុរី ប៉េង ហួត នេះមិនដែលមានប្រវត្តិភ្លើងឆេះផ្ទះដោយសារឆ្លងចរន្តអគ្គិសនីទេ។ ដូច្នេះសមត្ថកិច្ចត្រូវតែស្រាវជ្រាវរកមូលហេតុពិតប្រាកដដើម្បីអោយក្រុមគ្រួសារលោកបានស្ងប់ចិត្ត។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំ ពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន ដើម្បីបំភ្លឺជុំវិញរឿងនេះបានទេ ដោយសារទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
ហេតុការណ៍ឆេះផ្ទះមន្ត្រីសង្គមស៊ីវិលលោក ព្រាប កុល នេះ បានកើតមានឡើងជាលើកទីពីរហើយ ក្រោយពីផ្ទះអ្នកវិភាគសង្គម និងនយោបាយល្បីឈ្មោះម្នាក់លោក បណ្ឌិតមាស នី ក៏ត្រូវអគ្គីភ័យបានឆាបឆេះអស់កាលពីខែមិថុនាឆ្នាំ២០១៩ នៅក្នុងខេត្តបាត់ដំបង ដោយគ្មានរបាយការណ៍ស៊ើបអង្កេតណាមួយដែលបង្ហាញពីមូលហេតុពិតប្រាកដជាសាធារណៈនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។