សមត្ថកិច្ច​ចាប់ខ្លួន​ជនជាតិ​ចិន ២នាក់ ទាក់ទិន​ចាប់ជំរិត​ជនជាតិ​ចិន ៣នាក់

0:00 / 0:00

សមត្ថកិច្ច​ខណ្ឌ​សែនសុខ​កាលពី​ថ្ងៃ​ទី៣០ កក្កដា​ម្សិលមិញ កំពុង​ស្វែងរក​ចាប់ខ្លួន​ជនជាតិ​ចិន ២នាក់​ទៀត បន្ទាប់ពី​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ២នាក់ ក្រោយពី​ធ្វើសកម្មភាព​ចាប់​ជំរិត​ទារ​ប្រាក់​ជន​ជាតិ​ចិន​ដូចគ្នា​ចំនួន ៣នាក់ មិន​បាន​សម្រេច។

ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ​លោក ស ថេត ប្រាប់​អាស៊ី​សេរី​ថា មូលហេតុ​ដែល​នាំ​ទៅ​រក​ការ​ចាប់ខ្លួន​នេះ​ដោយសារតែ​មានការ​សហការ​ពី​អ្នកជិតខាង​បាន​ប្ដឹង​មក​សមត្ថកិច្ច​ថា ពួក​គេ​សង្ស័យ​ទៅលើ​ជនជាតិ​ចិន​មួយ​ក្រុម បាន​ចាប់​ជនរងគ្រោះ​យក​ទៅ​បង្ខាំង​ក្នុង​ផ្ទះ​កន្លែងនៅ​ខណ្ឌ​សែនសុខ ដើម្បី​ជំរិត​ទារ​ប្រាក់។ លោក​បាន​បញ្ជាក់​ថា ជនល្មើស​បាន​គំរាម​ទារ​ទារ​ប្រាក់​ចំនួន ២៥ម៉ឺន​យន់ គឺ​ប្រមាណ​ជិត ២០ម៉ឺន​ដុល្លារ​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ។ លោក​និយាយ​ថា សមត្ថកិច្ច​កំពុង​សួរ​ចម្លើយ​នឹង​បន្ត​នីតិវិធី​របស់​ខ្លួន​តាម​ផ្លូវ​ច្បាប់។

ចំណែក​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមឃឿន បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា ជន​រង​គ្រោះ​ត្រូវ​ជនល្មើស​ធ្វើ​ទារុណកម្ម​ប៉ុន្តែ មិន​មាន​សភាព​ធ្ងន់ធ្ងរ​ទេ ហើយ​សមត្ថកិច្ច​បាន​យក​ជនរងគ្រោះ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ៖ «ហើយ​បច្ចុប្បន្ន​សង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ត្រូវ​បាន យក​មក​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​នីតិវិធី​បញ្ជូន​ទៅ​តុលាការ »

សមត្ថកិច្ច ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី១៧ កក្កដា បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន ១១នាក់។ ក្រោយ​ពី​ពួក​គេ​បាន​ចាប់​បុរស​ជនជាតិ​ចិន​ដូចគ្នា​ម្នាក់ បង្ខាំង​ទុក​ដើម្បី​ជំរិត​ទារ​ប្រាក់​មិន​បាន​សម្រេច ចំនួន ៣០ម៉ឺន​ដុល្លារ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នៅ​ក្នុង​ប្រទេស​ចិន។

ចាប់ពី​ខែ​មិថុនា​ដល់​ខែ​កក្កដា​នេះ ករណី​ជំរិត​ទារ​ប្រាក់​ដែល​រវាង​ជន​ជាតិ​ចិន និង​ជនជាតិ​ចិន​ដូចគ្នា​នេះ​បាន​កើត​មាន​ឡើង​ចំនួន​ចំនួន ៤ករណី​ហើយ គឺ​ពីរ​ករណី​កើត​មានឡើង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ករណី​ចុងក្រោយ​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

កាលពី​ឆ្នាំ២០១៩ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ក៏​បាន​ចាប់​បញ្ជូន​ខ្លួន​ជន​ជាតិ​ចិន​ចំនួន ១២៧នាក់ ​ពាក់ព័ន្ធ​ទៅ​កាន់​ប្រទេស​ចិន​វិញ​ក្រោយ​ពី​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ចាប់ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឹណិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។